ភ្នំពេញ ៖ សម្តេចក្រឡាហោម ស ខេង បានបញ្ជាក់ថា កម្ពុជាលែងចង់ឃើញនូវសង្គ្រាម ហើយប្រសិនបើមានទៀត មិនអាចនឹងស្តារប្រទេសឲ្យរីកចម្រើន ដូចបច្ចុប្បន្ននេះ ដូច្នេះសមត្ថកិច្ចត្រូវឃ្លាំមើលតាមមូលដ្ឋាន ក្រែងមានសកម្មភាពចលនាសង្គ្រោះជាតិ កើតឡើងត្រូវទប់ស្កាត់ភ្លាម។
សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានធ្វើការអំពាវនាវដល់កងកម្លាំងនគរបាលទាំងអស់ត្រូវតែរក្សាសុខសន្តិភាពជូនដល់ប្រជាពលរដ្ឋ និងប្រទេសជាតិ ហើយត្រូវការពារជារដ្ឋាភិបាលស្របច្បាប់ដែលជាធរមាននាពេលបច្ចុប្បន្ននេះ ។សម្តេចក្រឡាហោម ថ្លែងបែបនេះក្នុងពិធីបិទសន្និបាតបូកសរុបសភាពការណ៍ និងកិច្ចប្រតិបត្តិការរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈសុវត្ថិភាពសង្គម ប្រចាំឆ្នាំ២០១៧ និងដាក់ចេញទិសដៅការងារឆ្នាំ២០១៨ របស់អគ្គស្នងការដ្ឋាននគរបាលជាតិ នៅទីស្តីការក្រសួងមហាផ្ទៃ ។
សម្តេចក្រឡាហោម ស ខេង បានលើកឡើងថា មានលទ្ធិប្រជាធិបតេយ្យទើបមានសុខសន្តិភាព ហើយមានសន្តិភាពទើបមានការអភិវឌ្ឍន៍ប្រទេសជាតិ ដូច្នេះត្រូវរួមគ្នាថែរក្សាសន្តិភាពដែលកំពុងមាននាពេលបច្ចុប្បន្ននេះ ហើយត្រូវទប់ស្កាត់ដាច់ខាតនូវចលនាសង្គ្រោះជាតិ ហើយបើចលនាសង្គ្រោះជាតិចង់ចុះបញ្ជីក្នុងក្រសួងមហាផ្ទៃ គឺក្រសួងមហាផ្ទៃមិនឲ្យចុះនោះឡើយ ។
សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី បានបន្ថែមទៀតថា ក្នុងនាមជាកម្លាំង នគរបាល គឺត្រូវថែរក្សាសន្តិសុខរួមដូច្នេះករណីការរំលាយគណបក្សសង្ក្រោះជាតិរបស់តុលា ការនាខែវិច្ឆិកា ឆ្នាំ២០១៧កន្លងទៅនេះ គឺស្របទៅតាមច្បាប់ និងដើម្បីថែរក្សាសុខសន្តិភាព និងលទ្ធិប្រជាធិបតេយ្យនៅប្រទេសកម្ពុជា ហើយថាកម្ពុជាលែងចង់ឃើញនូវសង្គ្រាមបន្តទៀតនោះឡើយ ហើយប្រសិនបើមានទៀតនោះមិនអាចងាយនឹងស្តារប្រទេសឲ្យរីកចំរើន ដូចបច្ចុប្បន្ននេះវិញឡើយ ។ ដូច្នេះសមត្ថកិច្ចត្រូវឃ្លាំមើលតាមមូលដ្ឋាន ក្រែងលោមានសកម្មភាពចលនាសង្គ្រោះជាតិនេះកើតឡើងត្រូវទប់ស្កាត់ភ្លាម ។
សម្តេចក្រឡាហោម ស ខេង បានថ្លែងយ៉ាងដូច្នេះថា “អ្នកណាក៏ដោយដែលប៉ុនប៉ងបំផ្លាញនូវលទ្ធិប្រជាធិបតេយ្យ ហើយប៉ុនប៉ងឡើងកាន់អំណាច មិនតាមរយៈការបោះឆ្នោត អ្នកនោះឯងគឺដើរផ្ទុយនឹងរដ្ឋធម្មនុញ្ញហើយ ផ្ទុយនឹងគោលការណ៍នៃលទ្ធិប្រជាធិបតេយ្យហើយ។ យ៉ាងណាមិញគណបក្សដែលត្រូវបានរំលាយ ដោយតុលាការកាលពីខែវិច្ឆិកា ឆ្នាំ២០១៧ គឺពួកគេបានរំលោភលើរដ្ឋធម្មនុញ្ញ ពីព្រោះឆ្នាំ២០១៣ ពេលដែលប្រកួតប្រជែងការបោះឆ្នោតយ៉ាងតឹងតែង ដោយសេរីត្រឹមត្រូវ យុត្តិធម៌ បាន៥៥កៅអី តែគេបដិសេធមិនទទួលស្គាល់ ហើយបាននាំគ្នាប្រមូលផ្តុំកម្លាំងមហាជន ដើម្បីឈានទៅផ្តួលរំលំរដ្ឋអំណាចស្របច្បាប់ និងបានបំផ្លាញចូលលទ្ធផលនៃការបោះឆ្នោត ហើយឡើងកាន់អំណាចខ្លួនឯង ដូច្នេះត្រង់នេះហើយដែលយើងថា គណបក្សនេះចង់ឡើងកាន់អំណាច តែមិនអនុវត្តន៍គោលការណ៍លទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស តាមរដ្ឋធម្មនុញ្ញ។ ត្រង់នេះដែរយើងត្រូវតែយល់ឲ្យច្បាស់ ហើយកម្ពុជាបើមិនដើរលើផ្លូវ ប្រជាធិបតេយ្យវាក៏គ្រោះថ្នាក់ អីចឹងនរណាប៉ះលទ្ធិប្រជាធិបតេយ្យអត់បាន។ ឥឡូវសាកបណ្តោយគាត់ យើងមិនធ្វើអី ព្រោះមិនមែនតែឆ្នាំ២០១៣ទេ ក្រោយមកទៀត ខ្ញុំក៏រួមចំណែកចូលប្រឡូកដើម្បីតស៊ូជាមួយពួកហ្នឹងដែរ ទោះបីគាត់ទៅអង្គុយរដ្ឋសភាក៏ដោយ ចែកអសនៈ និងធ្វើតាមសំណូមពរគាត់ ប៉ុន្តែនៅតែមិនសុខដើម្បីនឹងឈានឆ្ពោះទៅផ្តួលរំលំ ហើយ២០១៨បើចាញ់ឆ្នោតគឺដូចគ្នាហ្នឹង។ នោះហើយដែលយើងនិយាយថា បើទុកទៅគឺនឹងអន្តរាយដល់កម្ពុជា”៕ ដោយ៖បញ្ញាស័ក្តិ