ភ្នំពេញ៖ យុវជន ២ នាក់ជិះម៉ូតូឌុបគ្នាធ្វើដំណើរក្នុងល្បឿនលឿន មិនប្រយ័ត្នជ្រុលទៅបុកកន្ទុយរថយន្ត បម្រុងនឹងបត់ពេញទំហឹងបណ្ដាលឲ្យស្លាប់ម្នាក់ រីឯម្នាក់ទៀតរងរបួសធ្ងន់ ត្រូវបានបញ្ជូនយកទៅសង្គ្រោះបន្ទាន់ភ្លាមៗ។
ហេតុការណ៍នេះដែរ កើតឡើងនៅវេលាម៉ោង ១ និង ១៥ នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃពុធទី ៩ ខែកញ្ញាឆ្នាំ ២០២០ នៅតាមបណ្ដោយផ្លូវព្រះមុនីវង្ស ក្នុងសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ ។
សពជនរងគ្រោះ និងអ្នករងរបួសធ្ងន់ មិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយទេ។
បើយោងតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋ នៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញរថយន្ត ប្រភេទសណ្តោងមួយ គ្រឿងដែលពាក់ផ្លាកលេខ ខេមរភូមិន ០២ ៣. ២៦៣១ ធ្វើដំណើក្នុងទិសដៅពីជើងមកត្បូង បម្រុង នឹងបត់ឆ្វេងឡើងទៅផ្លូវមុនីវង្ស ស្របពេលនោះដែរ គេឃើញយុវជនពីរនាក់ផ្សេងទៀតជិះម៉ូតូម៉ាក វីវ៉ា មួយគ្រឿងឌុបគ្នាដែលពាក់ផ្លាកលេខភ្នំពេញ 1-BS 7528 ធ្វើដំណើក្នុងទិសដៅពីផ្លូវមុនីវង្សបម្រុងនឹងឡើងស្ពានច្បារអំពៅ ក្នុងទិសដៅពីជើងមកត្បូង ស្រាប់តែមកដល់ចំណុចកើតហេតុ ក៏ជ្រុលទៅបុករថយន្តប្រភេទសណ្តោងធុនធំពេញទំហឹង បណ្តាលឲ្យស្លាប់ម្នាក់ និងរបួសធ្ងន់ម្នាក់ បញ្ជូនយកទៅសង្គ្រោះបន្ទាន់ភ្លាមៗ ។ ចំណែកឯម្ចាស់រថយន្តបើកគេចចេញប្រមាណជាង ២០០ម៉ែត្រ រួចក៏ទុករថយន្តចោល រត់គេចខ្លួនបាត់ស្រមោល។
ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋាន សហការជាមួយនឹងជំនាញ ចុះមកដល់ក៏បានទាក់ទង ទៅខាងជំនាញចរាចរណ៍ក្រុង ឱ្យចុះមកវាស់វែងយករថយន្តប្រភេទធំ និងម៉ូតូទៅរក្សាទុក នៅស្នងការក្រុង រួចធ្វើកំណត់ហេតុ ដើម្បីប្រគល់សព ជូនទៅឲ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី ៕ដោយ៖ សា មេត