បាត់ដំបង ៖ លោកឧកញ៉ាតែ តាំងប៉ ប្រធានសម្ព័ន្ធសមាគមសហគ្រាសធុនតូចនិងមធ្យម បានមានប្រសាសន៍ ផ្តោតនូវការរំពឹងទុកថា ក្រោយពីទទួលបាននូវការបណ្តុះបណ្តាល តាមរយៈនៃកម្មវិធីក្នុងអង្គសិក្ខាសាលានេះ សហគ្រាសធុនតូចនិងមធ្យមទាំងអស់ ក្នុងខេត្តបាត់ដំបង នឹងកាន់តែទទួលបាននូវចំណេះដឹងថ្មីបន្ថែមទៀត ដើម្បីពង្រឹងនូវសហគ្រាសនិងសមត្ថភាពរបស់ខ្លួន ដើម្បីអភិវឌ្ឍន៍ការងារ
ធុរកិច្ច ដោយផ្សារភ្ជាប់នូវអាជីវកម្ម និងមុខរបបរបស់ខ្លួន ប្រកបដោយភាពជោគជ័យ ឲ្យកាន់តែរីកចម្រើនបន្ថែមទៀត។
ការលើកឡើងនេះ ក្នុងសិក្ខាសាលា “ស្តីពីការកសាងអាជីវកម្មប្រកបដោយភាពជោគជ័យ”ដែលបានប្រព្រឹត្តធ្វើឡើងកាលពីថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២០ នៅសាលាខេត្តបាត់ដំបង។
លោកឧកញ៉ាតែ តាំងប៉ ប្រធានសម្ព័ន្ធសមាគមសហគ្រាសធុនតូចនិងមធ្យម បានមានប្រសាសន៍ថា ពិតជាមានសារប្រ
យោជន៍យ៉ាងខ្លាំងដល់សហគ្រាសខ្នាតតូចនិងមធ្យម នៅក្នុងខេត្តបាត់ដំបង ហើយវាក៏ជាឱកាសដែលបានផ្តល់នូវអត្ថប្រយោជន៍និងលើកទឹកចិត្តដល់អាជីវករ ដែលមកពីសហគ្រាសខ្នាតតូចនិងមធ្យម ក្នុងខេត្តបាត់ដំបង ប្រមាណជា១០០នាក់ ឲ្យមានការយល់ដឹងលើការរៀបចំខ្លួនឲ្យសមស្របនឹងនីតិវិធី ក្នុងការទទួលបាននូវហិរញ្ញប្បទានពីធនាគារ។ ជាពិសេស “កម្ចី” ពីធនាគារសហគ្រាសធុនតូចនិងមធ្យម ( SME Bank.) ផងដែរ។ អង្គសិក្ខាសាលាស្តីពីការកសាងនូវអាជីវកម្ម ប្រកបដោយភាពជោគជ័យ នៅចំពោះមុខតំណាងសហគ្រាសធុនតូចនិងមធ្យម នៅក្នុងខេត្តបាត់ដំបង និងអាជីវករ ដែលបានចូលរួម ក្នុងសិក្ខាសាលានេះ ក្រោមអធិបតី ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង និងលោក តូច ឈួនសៅរិទ្ធ ប្រធានមន្ទីរឧសហសាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យានិងនវានុត្តន៍ខេត្តបាត់ដំបង ដែលជាដៃគូសហការ រួមទាំងដៃគូរឧបត្ថម្ភទាំងអស់ ដែលបានចាប់ដៃគ្ននិងបានផ្តួចផ្តើមរៀបចំឲ្យមានសិក្ខាសាលានេះឡើង។
លោកឧកញ៉ាតែ តាំងប៉ បានមានប្រសាសន៍បញ្ជាក់ថា តាមរយៈនៃអង្គសិក្ខាសាលានេះ ក្រោយពីទទួលបាននូវការបណ្តុះបណ្តាលតាមរយៈនៃកម្មវិធីក្នុងអង្គសិក្ខាសាលានេះ សហគ្រាសធុនតូចនិងមធ្យមទាំងអស់ ក្នុងខេត្តបាត់ដំបង នឹងកាន់តែទទួលបាននូវចំណេះដឹងថ្មីបន្ថែមទៀត ដើម្បីពង្រឹងនូវសហគ្រាសនិងសមត្ថភាពរបស់ខ្លួន ដើម្បីអភិវឌ្ឍន៍ការងារធុរកិច្ច ដោយផ្សារភ្ជាប់នូវអាជីវកម្មនិងមុខរបបរបស់ខ្លួន ប្រកបដោយជោគជ័យឲ្យកាន់តែរីកចម្រើនបន្ថែមទៀត។
ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង បានមានប្រសាសន៍ថា សេដ្ឋកិច្ចខេត្តបាត់ដំបង គឺពឹងផ្អែកទៅលើទម្រង់៣ដែលដើរតួយ៉ាងសំខាន់របស់ខេត្តបាត់ដំបង ដែលក្នុងនោះ ទី១. ផ្នែកវិស័យកសិកម្មដែលជាឆ្អឹងខ្នងយ៉ាងធំ។ ទី២. វិស័យទេសចរណ៍។ ទី៣.សេវាកម្ម។ ដូចនេះ ការធ្វើអាជីវកម្មផ្នែកសហគ្រាសទាំងខ្នាតធុនតូចនិងមធ្យមនេះ កាន់តែខ្លាំងក្លា និងមានវិសាលភាពកាន់តែធំទូលំទូលាយដូចកសិកម្ម វាកាន់តែផ្តល់ឱកាសនិងជំរុញឲ្យជីវភាពប្រជាពលរដ្ឋក្នុងខេត្ត ទទួលបាននូវប្រភពចំណូលកាន់តែកើនខ្ពស់ថែមមួយកម្រិតទៀត ក្នុងខណៈពេលបច្ចុប្បន្ននេះ ប្រជាពលរដ្ឋក្នុងខេត្តទទួលបាន GDP ប្រមាណជាង១.៦០០ដុល្លារ តាមរយៈការបង្កើននូវសមត្ថភាពរបស់សហគ្រាសនីមួយៗ និងបង្កើតនូវមុខរបរជួយដល់ប្រជាពលរដ្ឋក្នុងខេត្ត។ នេះគឺជាផ្នែកមួយក្នុងការចូលរួមចំណែកនិងជួយទ្រទ្រង់សេដ្ឋកិច្ចមូលដ្ឋាន នូវក្នុងវិស័យផលិតកម្មជាមួយរាជរដ្ឋាភិបាល។ សិក្ខាសាលានេះ ពិតជាផ្តល់ឱកាសឲ្យបងប្អូនទទួលបាននូវចំណេះដឹងក្នុងការពង្រឹងនូវសមត្ថភាព និងសហគ្រាសរបស់ខ្លួន ដែលអាចធ្វើឲ្យយើងកែទម្លាប់និងឥរិយាថ ពីការគ្រប់គ្រងរបៀបគ្រួសារផ្ទាល់ខ្លួន ឲ្យមកជាការគ្រប់គ្រងបែបប្រព័ន្ធសហគ្រាស។ ប្រសិនបើយើងមិនបានផ្លាស់ប្តូរនូវឥរិយាបថគ្រប់គ្រងនោះទេ? គឺយើងមិនអាចរត់ទាន់ក្នុងការគ្រប់គ្រងសហគ្រាស តាមបែបនៃការគ្រប់គ្រងប្រព័ន្ធទាំងនេះបានទេ? ទាំងការផ្តល់ព័ត៌មាន ទាំងការបញ្ជូនទិន្នន័យ ខណៈដែលយើងកំពុងតែធ្វើសមាហរណកម្មសេដ្ឋកិច្ច ជាមួយសេដ្ឋកិច្ចនៅក្នុងតំបន់អាស៊ាន និងសេដ្ឋកិច្ចពិភពលោកបានទេ។
ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង បានបញ្ជាក់បន្ថែមទៀតថា ទាក់ទិនទៅនិងគោលនយោបាយ របស់រាជរដ្ឋាភិបាល ជាមួយនឹងវិស័យសហគ្រាសធុនតូចនិងមធ្យមនេះ។រដ្ឋមានគោលនយោបាយច្រើន ក្នុងការលើកស្ទួយដល់វិស័យឯកជន ក៏ប៉ុន្តែដើម្បីឲ្យទទួលបានជោគជ័យ នូវការអនុវត្តគោលនយោបាយនេះ លុះត្រាតែមានការចូលរួមទាំងអស់គ្នា ទាំងវិស័យពាក់ព័ន្ធ ជាពិសេសគឺពីដៃគូវិស័យឯកជននេះ ដែលមិនអាចកាត់ផ្តាច់បានពីរដ្ឋបាលសាធារណៈ និងអ្នកផលិត ដើម្បីបំពេញឲ្យគ្នាទៅវិញ ទៅមកទើបយើងទទួលបាននូវភាពជោគជ័យទាំងអស់គ្នា៕ ដោយ៖អ៊ុងសារុំ