ភ្នំពេញៈ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានដឹកនាំកិច្ចប្រជុំស្តីពីវិធានការរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គមប្រឆាំងចំពោះឧបាយកលផ្តួលរំលំរដ្ឋអំណាចស្របច្បាប់នៅកម្ពុជាកាលពីព្រឹកថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៧ នេះ នៅទីស្តីការក្រសួងមហាផ្ទៃ ដោយមានការចូមរួមពីសំណាក់ស្នងការនគរបាលរាជធានី ខេត្ត និងអភិបាលខេត្តទូទាំងប្រទេស និងមន្ត្រីអគ្គនាយកដ្ឋានជំនាញពាក់ព័ន្ធ។
លោកនាយឧត្តមសេនីយ៍ ឆៃ ស៊ីណារិទ្ធ អគ្គស្នងការរងនគរបាលជាតិ បានឡើងធ្វើបទបង្ហាញអំពីការធ្វើបដិវត្តន៍ពណ៌ដែលរៀបចំដោយគណបក្សសង្គ្រោះជាតិ និងមានការលូកដៃពីបរទេសមួយចំនួន និងបណ្តាអង្គការបរទេសមួយចំនួនផងដែរ។ ផែនការបដិវត្តន៍គឺមានការពាក់ព័ន្ធជាមួយប្រទេសមហាអំណាចខ្លះ។
យោងតាមរបាយការណ៍ដែលបានបង្ហាញថា មកទល់ពេលនឹះសភាពការណ៍នៅកម្ពុជាបាននឹងកំពុងជួបប្រទះនៅរបត់ថ្មីមួយប្រកបដោយភាពស្មុគស្មាញដែលបង្កឡើងដោយមេដឹកនាំគណបក្សប្រឆាំង បានលក់ឧត្តមគតិអោយជនបរទេស ដើម្បីចង់បានអំណាចផលប្រយោជន៍របស់ខ្លួន និងក្រុមបក្ខពួក ដោយមិនគិតពីគ្រោះថ្នាក់សម្រាប់ជាតិ និងប្រជាជនឡើយ។ កាលពីថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៧ កន្លងទៅនេះ លោកកឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ ត្រូវបានចាប់ខ្លួនក្នុងបទល្មើសជាក់ស្តែងទាក់ទងនឹងបទល្មើសក្បត់ជាតិ។
តាមរយៈភស្តុតាងជាច្រើនបានបង្ហាញថា មេដឹកនាំបក្សប្រឆាំង និងគណបក្សប្រឆាំងពិតជាបានប្រើប្រាស់ឧបាយកលយ៉ាងពិសពុល គ្រោះថ្នាក់បំផុតក្នុងការផ្តួលរំលំរដ្ឋអំណាចស្របច្បាប់ ខុសពីគោលការណ៍ នៃលទ្ធិប្រជាធិបតេយ្យ ហើយសកម្មភាពនេះនឹងបំផ្លាញចោលនូវសមិទ្ធផលទាំងឡាយ ដែលប្រជាជនកម្ពុជា បានខិតខំប្រឹងប្រែងកសាងឡើងយ៉ាងលំបាក ក្នុងរយៈពេលជាង៣០ឆ្នាំកន្លងមកនេះ។ តាមការសន្និដ្ឋាននិងវាយតម្លៃទៅលើព័ត៍មាន និងសកម្មភាពរបស់គណបក្សប្រឆាំងដែលបានប្រព្រឹត្តតាំងពីមុនមកដល់ពេលនេះ ពួកគេនឹងមិនបោះបង់មហិច្ឆិតាដ៏ខ្មៅកខ្វក់នេះឡើយ ទោះបីរាជរដ្ឋាភិបាលដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា នឹងដែលប្រសូត្រចេញពីការបោះឆ្នោត បាននឹងកំពុងខិតខំប្រឹងប្រែងបម្រើប្រជាពលរដ្ឋ ក៏ដូចជាសង្គមយ៉ាងណាល្អប្រសើរយ៉ាងណាក៏ដោយ។ សកម្មភាពនិងទង្វើទាំងឡាយរបស់គណបក្សប្រឆាំងនាពេលកន្លងមក បានសបញ្ជាក់ឲ្យឃើញពីការដឹកនាំអនុវត្តឧបាយកលផ្តួលរំលំរដ្ឋអំណណាចស្របច្បាប់ តាមរយៈការប្រើប្រាស់កម្លាំងមហាជន ធ្វើបដិវត្តន៍ពណ៌យ៉ាងពិតប្រាកដ ជាពិសេសក្រោយការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នាថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៣ រហូតមកដល់បច្ចុប្បន្ន។
ផ្អែកលើភស្តុតាងរឹងមាំដែលយើងប្រមូលបាន រាជរដ្ឋាភិបាលបានសម្រេចចាត់វិធានការច្បាប់ ប្តឹងរំលាយគណបក្សសង្គ្រោះជាតិ តាមបញ្ញត្តិមាត្រា៤៤ថ្មី (ពីរ) នៃច្បាប់ស្តីពីគណបក្សនយោបាយ និងហាមឃាត់ការធ្វើសកម្មភាពនយោបាយរបស់ថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ តាមបញ្ញត្តិមាត្រា៤៥ថ្មី កឋាខណ្ឌទី៣ នៃច្បាប់ស្តីពីគណបក្សនយោបាយ។ ចំពោះករណីលោកកឹម សុខា គឺជាករណីរឿងដោយឡែកដែលពាក់ព័ន្ធនឹងអង្គហេតុ នៃបទសន្ទិដ្ឋិភាពជាមួយបរទេស ដែលជាអំពើក្បត់ជាតិ។
សូមជម្រាបថា កាលពីថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៧ កន្លងទៅនេះ លោកកឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ ត្រូវបានសមត្ថកិច្ចចាប់ខ្លួននៅក្នុងផ្ទះរបស់លោនៅក្នុងខណ្ៃទួលគោក ក្នុងបទល្មើសជាក់ស្តែងទាក់ទងនឹងបទល្មើសក្បត់ជាតិ៕ ដោយៈ មុនីរាជ