Sunday, November 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោកគ្រូ​ម្នាក់​ហ៊ាន​រាំ​តាម​ពាក្យសន្យា​នៅពេល​សិស្ស​របស់ខ្លួន​ប្រឡង​បាន​និទ្ទេស A

រាជធានី​ភ្នំពេញ​៖ សម្តេច​តេ​ជោ ហ៊ុន សែន បាន​សម្តែង​នូវ​ការ​កោតស្ញប់ស្ញែង​ចំពោះ​កាយវិការ​របស់លោក​គ្រូ​ម្នាក់ ដែល​ហ៊ាន​រាំ​តាម​ពាក្យសន្យា​នៅពេល​សិស្ស​របស់ខ្លួន​ប្រឡង​បាន​និទ្ទេស A​។

នៅ​ព្រឹក​ថ្ងៃទី​១៤ ខែតុលា ឆ្នាំ​២០១៧​នេះ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា ផ្តល់​កិត្តិយស​ជួប​សំណេះសំណាល​ដោយផ្ទាល់ ជាមួយ​សិស្ស​និទ្ទេស​A និង​អាណាព្យាបាល​របស់​ពួកគេ នៅ​វិមាន​សន្តិភាព​។ សម្តេច​តេ​ជោ បាន​ហៅ​កាយវិការ​នេះ​គឺជា​ទឹកចិត្ត​ដ៏​ធំធេង និង​មិន​កាត់ថ្លៃ​របស់លោក​គ្រូ អ្នកគ្រូ ដែល​គ្មានអ្វី​សប្បាយចិត្ត​ជាង​សិស្ស​របស់ខ្លួន​ទទួលបាន​លទ្ធផល​ល្អ ហើយ​ក៏បាន​ថ្លែង​កោតសរសើរ​ដល់​ក្រសួង​អប់រំ ដែល​បាន​ប្រឹងប្រែង​ធ្វើកំណែទម្រង់​លើ​វិស័យ​អប់រំ ដែល​មិនអាច​ឈប់​នោះឡើយ​។​

​សម្តេច​តេ​ជោ ហ៊ុន សែន ស្នើ​កុំ​ឲ្យ​មានការ​អាក់អន់ចិត្ត ឬ​ប្រកែប្រកាន់ ចំពោះ​ការ​រឹតត្បិត​របស់លោក​គ្រូ អ្នកគ្រូ ក៏ដូចជា​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ក្នុង​រឹតត្បិត​នៅពេល​ប្រលង​។​

​សម្តេច​តេ​ជោ ហ៊ុន សែន បាន​ថ្លែង​អំពាវនាវ​ដល់​សិស្ស​ទាំងអស់ ត្រូវធ្វើ​ឲ្យ​មាននូវ​ចលនា​ដឹងគុណ​គ្រូ​នៅ​ទូទាំងប្រទេស និង​បាន​ស្នើសុំ​ឲ្យ​ការដឹង​គុណគ្រូ កុំ​ធ្វើ​តែ​នៅ​ថ្ងៃទី​៥ ខែតុលា គឺត្រូវធ្វើ​ពេញ​មួយជីវិត និង​គ្រប់ពេលវេលា​។​

​សម្តេច​តេ​ជោ ហ៊ុន សែន បាន​ថ្លែងថា ការពង្រឹង​លើ​វិស័យ​អប់រំ​នាពេល​បច្ចុប្បន្ននេះ គឺជា​ការ​កំពុងធ្វើដំណើ​រ​នៅលើ​ផ្លូវ​មួយ​យ៉ាង​ត្រឹមត្រូវ ដែល​នឹង​នាំ​ឲ្យ​កម្ពុជា​ឆ្ពោះទៅរក​ភាព​ដ៏​ល្អប្រសើរ​លើ​វិស័យ​អប់រំ និង​ការបណ្តុះ​ធនធានមនុស្ស​។​

​សម្តេច​តេ​ជោ ហ៊ុន សែន បានស្នើ​ដល់​អាណាព្យាបាល​របស់​សិស្ស​ទាំង​អស់ កុំ​ឲ្យ​ទទួល​យកតែ​រឿង​ល្អ ហើយ​រឿង​មិនល្អ​ទម្លាក់​ឲ្យ​គ្រូៗ​។​

​សូមបញ្ជាក់ថា លោកគ្រូ​ដែល​រាំ​តាំងពី​ក្លោងទ្វារ​វិទ្យាល័យ​រហូតដល់​ដងទង់​ជាតិ ក្រោយ​អនុវត្តតាម​ការសន្យា​ជាមួយ​សិស្ស​នោះ ពេលនេះ​ទទួលបាន​កោតសរសើរ​យ៉ាងខ្លាំង ពី​សម្តេចនាយក​រដ្ឋមន្ត្រី​កម្ពុជា នៅ​ចំពោះ ឥស្សរជន​ជាន់ខ្ពស់ លោកនាយក នាយិកា​សាលា និង​សិស្ស​ឆ្នើម​និទ្ទេស A ទូទាំងប្រទេស ៤២៤​នាក់​។​

​ទោះបីជា​សម្តេច​តេ​ជោ មិនបាន​បញ្ជាក់​ពី​ឈ្មោះ​លោកគ្រូ ក៏ដោយ ប៉ុន្តែ​សម្តេចនាយក​រដ្ឋមន្ត្រី បាន​លើកសរសើរ​ជាច្រើន​ចំណុច​នូវ​សកម្មភាព​របស់លោក​គ្រូ ទៀ សុធា ដែល​បង្ហាញ​ពី​ទឹកចិត្ត​ដ៏​ល្អ​ផូរផង់​លោកគ្រូ ក៏ដូចជា​លោកគ្រូ​អ្នកគ្រូ​ផ្សេងទៀត ដែល​ចង់​ឲ្យ​សិស្ស​ល្អ សិស្ស​ពូកែ រហូត​មានការ​ភ្នាល់​ជាមួយ​សិស្ស ដើម្បី​បំផុស​និង​ជំរុញ​ឲ្យ​សិស្ស​កាន់តែ​ប្រឹងប្រែង​យក​និទ្ទេស​ឲ្យ​បាន​។​

​ក្រោយ​សិស្ស​ខ្លួន​បានជា​ប់​និទ្ទេស A មែន គឺ​លោកគ្រូ គណិតវិទ្យា នៅ​វិទ្យាល័យ ហ៊ុន សែន ភ្នំពេញ​ថ្មី​រូបនេះ ក៏បាន​អនុវត្តតាម​ការសន្យា​ជាមួយ​សិស្ស​ពិតប្រាកដ​មែន ដោយ​រាំ​តាំង​របង​សាលា​រហូតដល់​ដងទង់​ជាតិ​។

​ទន្ទឹង​នេះ​លោកគ្រូ ទៀ សុធា ថា លោកគ្រូ​តាំង​នាម វិទ្យាល័យ​សម្តេច​ហ៊ុន​ភ្នំពេញ​ថ្មី​សូម​គោរព​និង​ដឹងគុណ​សម្តេច​យ៉ាងខ្លាំង​ដែល​សម្តេច​បាន​សាងសង់​សាលារៀន និង​បាន​ស្នើសុំ​សម្តេច​ឲ្យ​ជួយ​កសាង​ទីចាត់ការ​មួយ ដោយសារតែ​វិទ្យាល័យ​នៅ​ខ្វះខាត​៕​ ​ដោយ​៖​ជាលី

 

 

×