ភ្នំពេញ៖ឯកឧត្តម សុខ សុភ័ក្ត្រ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានទទួលជួបពិភាក្សារការងារជាមួយលោក Marc Thayre អនុប្រធានបេសកកម្មនៃស្ថានទូតចក្រភពអង់គ្លេសប្រចាំនៅកម្ពុជា និងសហការីកាលពីរសៀលថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២០ ដែលបានពិភាក្សាលើគោលនយោបាយពាណិជ្ជកម្មរបស់ចក្រភពអង់គ្លេស ក្រោយការចាកចេញពីសហភាពអឺរ៉ុប (Brexit) និងដំណើរការវិវត្តនៃការជ្រើសរើសអគ្គនាយកថ្មីរបស់អង្គការពាណិជ្ជកម្មពិភពលោក ដែលក្នុងនោះមានបេក្ខភាពមកពីអង់គ្លេសផងដែរ។
នៅក្នុងជំនួបនេះ ឯកឧត្តមរដ្ឋលេខាធិការបានរំលេចពីសក្តានុពលពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា-អង់គ្លេស ដែលមានទំហំទឹកប្រាក់ប្រមាណ ១,០៥ ប៊ីលានដុល្លារអាមេរិក នៅឆ្នាំ២០១៩ ដែលក្នុងនោះកម្ពុជានាំចេញទៅអង់គ្លេសក្នុងទំហំទឹកប្រាក់ជាង ៩៧៨ លានដុល្លារអាមេរិក ពិសេសលើផលិតផលសម្លៀកបំពាក់ កង់ និងស្បែកជើង។
ឯកឧត្តមរដ្ឋលេខាធិការ ក៏បានបង្ហាញជំហររបស់កម្ពុជា ក្នុងការគាំទ្រប្រព័ន្ធពហុភាគីនិយម ក្នុងពាណិជ្ជកម្មអន្តរជាតិ គាំទ្រកិច្ចកំណែរទម្រង់អង្គការពាណិជ្ជកម្មពិភពលោក សំដៅធានាតម្លាភាពនិងភាពស្មើរគ្នារវាងសមាជិក ព្រមទាំងជំរុញប្រទេសអភិវឌ្ឍន៍ រួមទាំងអង់គ្លេស ឱ្យបន្តគាំទ្រសកម្មភាពពាណិជ្ជកម្មរបស់ប្រទេសកំពុងអភិវឌ្ឍ និងប្រទេសមានការអភិវឌ្ឍតិចតួច តាមរយៈការផ្តល់ប្រព្រឹត្តកម្មដោយឡែកនិងពិសេស (S&DT) ក្នុងការធ្វើពាណិជ្ជកម្ម។
ជាកិច្ចចុងក្រោយ ឯកឧត្តមរដ្ឋលេខាធិការ និងលោក Marc Thayre អនុប្រធានបេសកកម្មស្ថានទូតអង់គ្លេស បានបង្ហាញសុទិដ្ឋិនិយមលើកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរ ពិសេសក្នុងវិស័យពាណិជ្ជកម្ម ដើម្បីជំរុញកំណើនសេដ្ឋកិច្ច ដែលបានប៉ះពាល់ដោយមេរោគរាតត្បាតជាសកលកូវីដ-១៩៕
ដោយ៖CEN