លោក ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល និងគណៈប្រតិភូអនុរដ្ឋមន្ត្រីក្រសួងដឹកជញ្ជូន នៃសាធារណរដ្ឋសង្គមនិយមវៀតណាម បានពិភាក្សាអំពីបញ្ហាអាទិភាពនៃការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ និងផ្លូវដែក ដែលប្រទេសវៀតណាម និងកម្ពុជាអាចសហការគ្នាដើម្បីធ្វើឱ្យប្រសើរឡើងដល់ការតភ្ជាប់រវាងប្រទេសទាំងពីរ។
នៅ ថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០១៨ នៅទីស្តីការក្រសួងសាធារណៈការ និងដឹកជញ្ជូន លោក ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានទទួលជួបសម្តែងការ គួរសមពីសំណាក់គណៈប្រតិភូវៀតណាមដឹកនាំដោយលោក Nguyen Nhat អនុរដ្ឋមន្ត្រីក្រសួងដឹកជញ្ជូន នៃសាធារណរដ្ឋសង្គមនិយមវៀតណាម។
គោលបំណងនៃជំនួបនេះគឺដើម្បីពិភាក្សាអំពីកិច្ចសហប្រតិបត្តិការជាយុទ្ធសាស្ត្រក្នុងវិស័យដឹកជញ្ជូនរវាងក្រសួងសាធារណៈការ និងដឹកជញ្ជូននៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងដឹកជញ្ជូន នៃសាធារណរដ្ឋសង្គមនិយមវៀតណាម។
គណៈប្រតិភូបានជម្រាបជូនលោក ទេសរដ្ឋមន្ត្រីអំពីវឌ្ឍនភាពរបស់ក្រុមការងារបច្ចេកទេសដែលបាន ពិភាក្សាលម្អិតលើអនុស្សរណៈនៃការយោគយល់ស្តីពី៖ “យុទ្ធសាស្ត្រកិច្ចសហប្រតិបត្តិការក្នុងវិស័យដឹកជញ្ជូន (២០១៨-២០២៥)” ដែលត្រូវបានបញ្ចប់ ហើយនឹងត្រូវចុះហត្ថលេខាដោយថ្នាក់ដឹកនាំនៃក្រសួងទាំងពីរ។
លោក ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានស្នើឱ្យភាគីគណៈប្រតិភូពិចារណាលើការអភិវឌ្ឍផ្លូវដែករវាង ក្រុងបាវិត និងទីក្រុងហូជីមិញនៃប្រទេសទាំងពីរ ដើម្បីទាក់ទាញវិស័យឯកជនឱ្យវិនិយោគលើការអភិវឌ្ឍផ្លូវដែកពីភ្នំពេញទៅក្រុងបាវិត និងទៅទីក្រុងហូជីមិញ ៕ ដោយ៖បញ្ញាស័ក្តិ