ខេត្តព្រះសីហនុ៖នៅល្ងាចថ្ងៃទី ១៨ ខែកញ្ញា ឆ្នាំ២០២០ នេះ ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ បានដឹកនាំកម្លាំង ចុះពិនិត្យស្ថានភាពជាក់ស្តែង នៅតំបន់មួយចំនួន ដែលរងគ្រោះដោយជំនន់ទឹកភ្លៀង នៅក្នុងស្រុកព្រៃនប់ ។
ឯកឧត្តម គួច ចំរើន កំពុងបន្ដពិនិត្យ និងដឹកនាំបញ្ជាផ្ទាល់ ដើម្បីការពារ ជួយសង្រ្គោះបងប្អូនប្រជាពលរដ្ឋ នៅតំបន់ងាយរងគ្រោះ ក្នុងស្រុកព្រៃនប់ ។
គួរបញ្ជាក់ថា គិតត្រឹមម៉ោង១៦និង០០នាទីល្ងាច ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២០ កម្លាំងកងរាជ អាវុធហត្ថខេត្តព្រះសីហនុ សហការនឹងកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកព្រៃនប់ បានចុះជួយសង្គ្រោះប្រជាពលរដ្ឋដល់លំនៅដ្ឋាន ដែលទទួលរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង ទៅរកទីទួលមានសុវត្ថិភាព មានចំនួន០២ភូមិ៖ ភូមិបន្ទាយប្រិយ៍ ឃុំអណ្តូងថ្ម និងភូមិចុងអូរ ឃុំសំរ៉រុង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ចំនួន ២១គ្រួសារ ស្មើនឹង ៨១នាក់ ក្នុងនោះស្រី ចំនួន ៤២នាក់ ក្មេង ចំនួន ២៥នាក់។
នាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យនិងសង្គ្រោះនៃអគ្គស្នងការដ្ឋាននគរបាលជាតិបានចេញរបាយការណ៍ ករណីគ្រោះធម្មជាតិ ( ជំនន់ទឹកភ្លៀង ) បណ្តាលឲ្យលិចផ្ទះប្រជាពលរដ្ឋនៅស្រុកព្រៃនប់ចំនួន ប្រមាណ ៤៧២ ខ្នង ។
ចាប់ពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២០ នៅខេត្តព្រះសីហនុ មានភ្លៀងធ្លាក់ច្រើន ពិសេសនៅស្រុកព្រៃនប់ រហូតមកដល់ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២០ គិតត្រឹមម៉ោង ១៤:០០ នាទីរសៀល នៅស្រុកព្រៃនប់ ក្នុងឃុំចំនួន ០៤ មានផ្ទះប្រជាពលរដ្ឋប្រមាណ ៤៧២ ខ្នង ស្មើនឹង ៤៧២ គ្រួសារបានរងគ្រោះ ៖ ឃុំព្រៃនប់ ចំនួន ១២៥ គ្រួសារ មនុស្ស ៥០៦ នាក់ ស្រី ២៤៧ នាក់ ។ ឃុំទួលទទឹង ចំនួន ២៨៦ គ្រួសារ មនុស្ស ១,១៨០ នាក់ ស្រី ៦០៨ នាក់ ។ ឃុំអណ្តូងថ្ម ចំនួន ៤៦ គ្រួសារ មនុស្ស ១៨៨ នាក់ ស្រី ៩៧ នាក់ ។
ឃុំសំរ៉ុង ចំនួន ១៥ គ្រួសារ មនុស្ស ៨៤ នាក់ ស្រី ៤៤ នាក់ ។ បណ្តាលឲ្យលង់ទឹកស្លាប់ក្មេងស្រីម្នាក់ ឈ្មោះ វុទ្ធី ស្រីនី អាយុ ១ ខួបកន្លះ នៅឃុំអណ្តូងថ្ម ។
ករណីនេះ ស្នងការដ្ឋាននគរបាលខេត្ត បានចេញអន្តរាគមន៍ជួយ សង្ក្រោះប្រជាពលរដ្ឋដែលរងគ្រោះ ដឹកជញ្ជូនមកទីទួលសុវត្ថិភាព ដោយប្រើប្រាស់ទូកអូរប័រចំនួន ៤ គ្រឿង ក្នុងនោះ (អធិការដ្ឋាននគរ បាលស្រុកព្រៃនប់ ២ គ្រឿង និងអាជ្ញាធរស្រុក ២ គ្រឿង) និងបន្តប្រមូលផ្តុំកងកម្លាំងចុះទៅកន្លែងដែលរងគ្រោះតៀមជួយអន្តរាគមន៍ ៕
ដោយ៖កូឡាប