ខេត្តតាកែវ៖ ល្បិចថ្មីបន្លំធ្វើម្ចាស់ផ្ទះសំណាក់ ទៅគោះទ្វារបន្ទប់ភ្ញៀវសុំសោរថយន្ត ដើម្បីរៀបចំរួចបើកទៅបាត់។ ហេតុការណ៍នេះបានកើតឡើងកាលពីយប់ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២០ នៅផ្ទះសំណាក់ «មហារុងរឿង» ស្ថិតក្នុងភូមិខ្លាគ្រហឹម ឃុំតាភេម ស្រុកត្រាំកក់ ខេត្តតាកែវ។
ម្ចាស់រថយន្តមានឈ្មោះ រិន រ៉ាវី ភេទប្រុស អាយុ៣១ឆ្នាំ រស់នៅភូមិសុភី ឃុំកំពង់ស្វាយ ស្រុកសេរីសោភ័ណ ខេត្តបន្ទាយមានជ័យ។ ចំណែករថយន្តដែលបាត់ម៉ាក Rivo ស៊េរីឆ្នាំ២០១៩ ពាក់ផ្លាកលេខ ភ្នំពេញ 2BK-4443។
ប្រភពបានឱ្យដឹងថា មុនពេលកើតហេតុ ជនសង្ស័យបានបន្លំធ្វើជាម្ចាស់ផ្ទះសំណាក់ ហើយបានទៅគោះទ្វារយកសោឡានពីម្ចាស់រថយន្ត ដើម្បីរៀបចំទុកដាក់ឲ្យមានសណ្ដាប់ធ្នាប់ ហើយក៏ទៅបាត់តែម្ដង។ លុះដល់វេលាម៉ោងជាង១១យប់ដឹងខ្លួនថារថយន្តត្រូវគេលួចទើបផ្អើលឆោឡោតែម្តង។
ក្រោយកើតហេតុ ជនរងគ្រោះបានមកដាក់ពាក្យបណ្ដឹង នៅអធិការដ្ឋាននគរបាលស្រុកត្រាំកក់ ដើម្បីឱ្យសមត្ថកិច្ចតាមចាប់ខ្លួនជនល្មើសយកមកផ្តន្ទាទោសតាមច្បាប់៕
ដោយ ៖ កុលាប ក្រហម