ភ្នំពេញ៖ ឯកឧត្តម ជា ចាន់តូ ទេសាភិបាលធនាគារជាតិនៃកម្ពុជា បានចូលរួមកិច្ចប្រជុំរួមថ្នាក់រដ្ឋមន្ត្រីហិរញ្ញវត្ថុ និងទេសាភិបាលធនាគារកណ្តាលអាស៊ាន+៣ តាមរយៈ Video Conference ដោយមានរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុនិងទេសាភិបាលធនាគារកណ្តាល របស់ប្រទេសជប៉ុន និងវៀតណាមជាសហប្រធាន។
កិច្ចប្រជុំនេះមានគោលបំណងលើកកម្ពស់កិច្ចសហប្រតិបត្តិការក្នុងវិស័យហិរញ្ញវត្ថុ ក្នុងចំណោមប្រទេសជាសមាជិកអាស៊ាន+៣ តាមរយៈការពិនិត្យ ពិភាក្សាលើវឌ្ឍនភាពកិច្ចសហប្រតិបត្តិការ និងអនុម័តលើផែនការសកម្មភាពនានា។
អង្គប្រជុំក៏បានពិភាក្សាពីស្ថានភាពសេដ្ឋកិច្ចពិភពលោកនិងតំបន់ ដែលកំពុងទទួលរងឥទ្ធិពលពីជំងឺកូវីដ១៩ ដែលបានធ្វើឱ្យសេដ្ឋកិច្ចនៃប្រទេសនានាធ្លាក់ចុះ ហើយក៏បានផ្លាស់ប្តូរយោបល់ទៅលើវិធានការដែលរដ្ឋាភិបាល និងធនាគារកណ្តាលនៃប្រទេសសមាជិកបានអនុវត្ត ដើម្បីកាត់បន្ថយផលប៉ះពាល់ ក៏ដូចជាត្រៀមស្តារសកម្មភាពសេដ្ឋកិច្ច ក្រោយពេលជំងឺឆ្លងនេះថមថយឥទ្ធិពល។
កិច្ចសហប្រតិបត្តិការក្នុងវិស័យហិរញ្ញវត្ថុអាស៊ាន+៣ បានពង្រឹងបណ្តាញសុវត្ថិភាពហិរញ្ញវត្ថុតំបន់ ដែលធ្វើឱ្យវិស័យហិរញ្ញវត្ថុក្នុងតំបន់ មានភាពធន់នឹងវិបត្តិតាមរយៈការតាមដានស្ថានភាពសេដ្ឋកិច្ចប្រទេសជាសមាជិក ដែលធ្វើឡើងដោយអង្គភាពស្រាវជ្រាវម៉ាក្រូសេដ្ឋកិច្ចអាស៊ាន+៣ (AMRO), យន្តការផ្តល់ឥណទាន សម្រាប់បង្ការនិងដោះស្រាយវិបត្តិក្រោមក្របខ័ណ្ឌគំនិតផ្តួចផ្តើមពហុនីយកម្មឈៀងម៉ៃ (CMIM) ការជំរុញការប្រើប្រាស់រូបិយវត្ថុក្នុងស្រុក (Local currency use) និងការប្រើប្រាស់មូលធនក្នុងតំបន់ ក្រោមគំនិតផ្តួចផ្តើមទីផ្សារសញ្ញាប័ណ្ណអាស៊ាន+៣ (ABMI)។
អង្គប្រជុំបានអបអរសាទរចំពោះវឌ្ឍនភាព នៃកិច្ចសហប្រតិបត្តិការក្នុងវិស័យហិរញ្ញវត្ថុនៅក្នុងរយៈពេល១ឆ្នាំមកនេះ ដែលក្នុងនោះរួមមានការកែសម្រួលកិច្ចព្រមព្រៀង CMIM, ការបន្តពង្រឹងសមត្ថភាពរបស់ AMRO ក្នុងការតាមដានសេដ្ឋកិច្ច, ការអនុម័តលើការដំឡើងទំហំទឹកប្រាក់ឥណទាន មិនភ្ជាប់ជាមួយលក្ខខណ្ឌរបស់មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF Delinked Portion) ពី ៣០% ទៅ ៤០%, ការបង្កើនការប្រើប្រាស់រូបិយវត្ថុជាតិក្នុងយន្តការ CMIM, ការពង្រឹងការអនុវត្តប្រតិបត្តិការ CMIM តាមរយៈការសាកល្បង (Test Run), ការជំរុញការវិនិយោគហេដ្ឋារចនាសម្ព័ន្ធក្នុងតំបន់ និងការវិនិយោគដើម្បីរក្សាបរិស្ថាន ក្រោមគំនិតផ្តួចផ្តើមទីផ្សារសញ្ញាប័ណ្ណអាស៊ី (ABMI), ការចាប់ផ្តើមដំណើរការយន្តការធានារ៉ាប់រងលើហានិភ័យគ្រោះធម្មជាតិ។
អង្គប្រជុំក៏បានអនុម័តលើផែនការសកម្មភាពនានា និងទិសដៅយុទ្ធសាស្ត្រ ដើម្បីបន្តពង្រឹងនិងពង្រីកគំនិតផ្តួចផ្តើមថ្មីៗក្រោមកិច្ចសហប្រតិបត្តិការក្នុងវិស័យហិរញ្ញវត្ថុអាស៊ាន+៣ ផងដែរ៕
ដោយ៖CEN