ភ្នំពេញ៖ បុរសម្នាក់បើករថយន្តម៉ាកឡិចស៊ីសមួយគ្រឿង ក្នុងល្បឿនលឿនបានជ្រុលបុកទ្រូងផ្លូវបណ្តាលឲ្យបែកអស់មួយកង់ រថយន្តដាច់ក្រទ្បេទៅមុខលេងរួច សំណាងមិនមានមនុស្សរងរបួស។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង២រសៀល នៅថ្ងៃទី២១ខែកញ្ញាឆ្នាំ២០២០ ទល់មុខមន្ទីរពេទ្យបាយ័ន នៅលើស្ពានអាកាសព្រះមុនីវង្ស ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។
តាមសាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញបុរសម្នាក់ បើករថយន្តម៉ាកឡិចស៊ីស ពណ៌ទឹកស ពាក់ផ្លាកលេខភ្នំពេញ2X- 5955 ធ្វើដំណើរតាមបណ្តោយស្ពានអាកាសព្រះមុនីវង្ស ក្នុងទិសដៅពីត្បូងទៅជើងក្នុងល្បឿនលឿន ខណៈមកដល់ចំណុចកើតហេតុស្រាប់តែរេចង្កូតមកខាងស្តាំដៃ ជ្រុលបុកទ្រូងផ្លូវបែកអស់មួយកង់ ចំណែករថយន្តបង្កដាច់ក្រទ្បេទៅមុខលែងរួច តែសំណាងមិនមានមនុស្សរងរបួស។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានខណ្ឌចំការមន បានចុះមកដល់ចំណុចកើតហេតុ ទំនាក់ទំនងទៅជំនាញមកស្ទូចរថយន្តបង្ក ទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោករាជធានីភ្នំពេញ រង់ចាំដោះស្រាយតាមច្បាប់៕ដោយ៖មីដា ផាន់ណា