ភ្នំពេញ៖ សមត្ថកិច្ចប៉ុស្តិ៍នគរបាលស្ទឹងមានជ័យទី៣ បានប្រើប្រាស់ពេលវេលាមិនដល់២ម៉ោងផង ក្របួចបានជនសង្ស័យ ឆក់យកទូរសព្ទដៃចំនួន២នាក់ ដែលប្រតិបត្តិការនេះ ដឹកនាំកម្លាំងដោយលោកវរសេនីយ៍ត្រី ឯម ភារីនាយប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ស្ទឹងមានជ័យស្ទឹងមានជ័យទី៣ ក្របួចបានចោរឆក់ចំនួន២នាក់
កាលពីវេលាម៉ោង ៥ និង ៣០ នាទីព្រឹក ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២០។
ជនសង្ស័យឈ្មោះអ៊ឹម ម៉ាលី ហៅ ម៉ាប់ បានហៅម៉ូតូកង់បីឥណ្ឌារបស់ជនរងគ្រោះឈ្មោះ សេង មុត្តា ភេទ ប្រុស អាយុ ២៦ ឆ្នាំ ជិះពីចំណុចស្តុបសេះស ផ្លូវវេងស្រេង ភូមិដំណាក់ធំ ៣ សង្កាត់ស្ទឹងមានជ័យ ៣ ខណ្ឌមានជ័យ ទៅកាន់ម្ដុំផ្សារដីថ្មី ភូមិដំណាក់ធំ ២ សង្កាត់ស្ទឹងមានជ័យ ៣ ពេលដល់ចំណុចកើតហេតុជនសង្ស័យឈ្មោះ អ៊ឹម ម៉ាលី បានឱ្យជនរងគ្រោះឈប់ម៉ូតូកង់បី ហើយបានធ្វើសកម្មភាពឆក់យកទូរស័ព្ទដៃមួយគ្រឿងម៉ាក Iphone H plus ពណ៌ទឹកមាស ហើយបានរត់គេចខ្លួន យកទូរស័ព្ទដែលឆក់បានទៅឲ្យបក្ខពួកម្នាក់ទៀត ឈ្មោះ សំ រ៉ា ហៅ ម៉ៅ ដើម្បីយកទៅលក់។
លុះសមត្ថកិច្ចបានទទួលពាក្យបណ្ដឹងពីជនរងគ្រោះ នៅវេលាម៉ោង ៨ ព្រឹក ថ្ងៃខែឆ្នាំដដែល សមត្ថកិច្ចសង្កាត់ស្ទឹងមានជ័យទី ៣ បានចុះស្រាវជ្រាវឃាត់ខ្លួនបាន ជនសង្ស័យទាំងពីរនាក់ ទី១.ឈ្មោះ អ៊ឹម ម៉ាលី ហៅ ម៉ាប់ ភេទប្រុស អាយុ ២០ឆ្នាំ មុខរបរ និងទីលំនៅមិនពិតប្រាកដ (មានផ្ទុកសារធាតុញៀន) ទី២.ឈ្មោះ សំ រ៉ា ហៅ ម៉ៅ ភេទប្រុស អាយុ២០ឆ្នាំ មុខរបរ និងទីលំនៅមិនពិតប្រាកដ (មានផ្ទុកសារធាតុញៀន) នៅចំណុចផ្លូវលំ ភូមិដំណាក់ធំ ២ សង្កាត់ស្ទឹងមានជ័យ ៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ទូរស័ព្ទដៃត្រូវបានសមត្ថកិច្ចប្រគល់ជូនជនរងគ្រោះវិញហើយ។
បច្ចុប្បន្នជនសង្ស័យទាំងពីរ កំពុងសាកសួរនៅទីស្នាក់ការប៉ុស្តិ៍ស្ទឹងមានជ័យទី ៣ ដើម្បីចាត់ការតាមនីតិវិធី៕ ដោយ៖ផាន់ណា មីដា