កំពង់ស្ពឺ៖ ក្នុងពិធីសំណេះសំណាលរបស់ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គនាយកអគ្គិសនីកម្ពុជា ជាមួយនិយោជិត កម្មករនិងទស្សនកិច្ចការងារនៅរោងចក្រស្លរដែករបស់ក្រុមហ៊ុនហុង ឌីសេង នាថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២០នេះ ក្រុមហ៊ុន ហុង ឌីសេង បានប្រកាសនៅថ្ងៃនេះថា ក្រុមហ៊ុន មានគម្រោងច្បាស់លាស់ និងគ្រោងផលិតដែកសសៃរឱ្យបាន ១៥ម៉ឺនតោន ក្នុងឆ្នាំដំបូង និង ឆ្នាំបន្ទាប់ចំនួន ២០ម៉ឺនតោន ដើម្បីបំពេញតម្រូវការទីផ្សារក្នុងប្រទេសកម្ពុជា។
តំណាងក្រុមហ៊ុន បានឱ្យដឹងថា រោងចក្រស្លដែកនេះ វិនិយោគក្នុងទឹកប្រាក់ប្រមាណជិត ៣០លានដុល្លារ នៅលើផ្ទៃដីទំហំជាង១២ ហិកតា ស្ថិតនៅក្នុងភូមិត្រពាំងក្រសាំង ឃុំក្សេមក្សាន្ត ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ហើយគ្រោងនឹងដំណើរការពេញលេញ នៅខែវិច្ឆកាខាងមុខនេះ។
បើតាមតំណាងក្រុមហ៊ុន បានឱ្យដឹងទៀតថា ដោយសាររោងចក្រភាគច្រើន ដំណើរការសង្វាក់ផលិតកម្មនៅពេលយប់ ដូចនេះត្រូវការកម្លាំងថាមពលអគ្គិសនីបន្ថែមទៀត ដើម្បីបង្គ្រប់តម្រូវការ។ កន្លងមកអគ្គិសនីកម្ពុជា ធ្លាប់បានភ្ជាប់ចរន្តអគ្គិសនីក្នុងរោងចក្រនេះ ចំនួន ១៦០០០ KVA រួចមកហើយ ដូចនេះនៅខ្វះថាមពលអគ្គិសនីប្រមាណ ៣៧០០០ KVA បន្ថែមទៀត ដែលធ្វើឱ្យចំនួនថាមពលអគ្គីសនីមាន ចំនួនសរុប ៥៣០០ KVA ឬស្មើនិងជាង ៥០មេហ្គាវ៉ាត់ ដើម្បីបង្គ្រប់ថាមពលអាចដំណើរការសង្វាក់ផលិតកម្ម ព្រមទាំងប្រើប្រាស់ក្នុងអគារការិយាល័យផងដែរ។
ជាមួយនឹងការប្រើប្រាស់ថាមពលអគ្គិសនី និងក្នុងដំណើរទស្សនកិច្ចការងារនៅរោងចក្រស្លដែករបស់ក្រុមហ៊ុនហុង ឌីសេង
ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គនាយកអគ្គិសនីកម្ពុជា បានឱ្យដឹងថា និងមិនធ្វើឱ្យរោងចក្ររបស់ក្រុមហ៊ុនចិនដែលចូលមកវិនិយោគនៅតំបន់ស្រុកឧដុង្គនៃខេត្តកំពង់ស្ពឺនេះ ភ័យព្រួយខ្វះអគ្គិសនី ដើម្បីប្រើប្រាស់ក្នុងសង្វាក់ផលិតកម្មរបស់ខ្លួនឡើយ។
គួរបញ្ជាក់ថា រោងចក្រដែកថែបរបស់ក្រុមហ៊ុន ហុងឌីសេង បានដំណើរការសាងសង់ និងបំពាក់គ្រឿងចក្ររួចរាល់ចប់សព្វគ្រប់ក្នុងតុលាខាងមុខនេះ ហើយនិងចាប់ផ្តើមដំណើការផលិតម្មនៅដើមខែវិច្ឆិកា និងបង្កើតឱកាសការងារក្នុងមូលដ្ឋានផ្ទាល់ ដោយប្រើប្រាស់កម្លាំងកម្មករសរុបប្រមាណ ២៥០នាក់៕
ដោយ៖CEN