Wednesday, November 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ការ​ប្រារព្ធ​ខួប​លើក​ទី ៧៥ ​ស្ថិតនៅក្នុង​កាលៈទេសៈ​នៃ​ការបង្អាក់​រំខាន​ដ៏ ខ្លាំងក្លា​ចំពោះ​ពិភពលោក បង្កឡើង​ដោយ​វិបត្តិ​សុខភាព​សកល​ពុំ​ធ្លាប់មាន ដែល​បានធ្វើ​ឲ្យ​ប៉ះពាល់ ដល់​សេដ្ឋកិច្ច និង សង្គម​យ៉ាងធ្ងន់ធ្ងរ

​ភ្នំពេញ​៖ សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ចូលរួម​ក្នុង​កិច្ចប្រជុំ​ជាន់ខ្ពស់​រំលឹក​ខួប​លើក​ទី ៧៥ នៃ​អង្គការសហប្រជាជាតិ ក្រោម​មូលបទ​៖ «​អនាគត​ដែល​យើងទាំងអស់គ្នា​ចង់បាន​, សហប្រជាជាតិ​ដែល​យើង​ត្រូវការ ៖ ធានា​ឡើងវិញ​កិច្ចប្រឹងប្រែង​រួម​ដើម្បី​ពហុភាគី​និយម​» នៅ​ថ្ងៃទី ២១ ខែ កញ្ញា ឆ្នាំ ២០២០​។​

​សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី បាន​ថ្លែងថា ជាការ​ពិត​, ការ​ប្រារព្ធ​ខួប​លើក​ទី ៧៥ នេះ គឺ​ស្ថិតនៅក្នុង​កាលៈទេសៈ​នៃ​ការបង្អាក់​រំខាន​ដ៏ ខ្លាំងក្លា​ចំពោះ​ពិភពលោក បង្កឡើង​ដោយ​វិបត្តិ​សុខភាព​សកល​ពុំ​ធ្លាប់មាន ដែល​បានធ្វើ​ឲ្យ​ប៉ះពាល់ ដល់​សេដ្ឋកិច្ច និង សង្គម​យ៉ាងធ្ងន់ធ្ងរ ។ បន្ទាប់ពី​ភាព​ខ្ទេចខ្ទាំ​ក្នុង​ភ្លើង​សង្គ្រាមលោកលើកទី ២, នៅក្នុង​បុព្វកថា​នៃ​ធម្មនុញ្ញ​អង្គការសហប្រជាជាតិ , មេដឹកនាំ​នៃ​ពិភពលោក​បានប្រកាសថា ការប្រើប្រាស់​នូវ «​យន្តការ​អន្តរជាតិ​សម្រាប់​ការលើកស្ទួយ​សេដ្ឋកិច្ច និង ការរីកចម្រើន​ក្នុងសង្គម​សម្រាប់​ប្រជាជន​គ្រប់រូប​” គឺជា​មធ្យោបាយ​ជា​សារវន្ត​ក្នុង​ការធានា​សុខសន្តិភាព , ការលើកកម្ពស់​សិទ្ធិមនុស្ស និង​ធានា​នូវ​វឌ្ឍនភាព​សង្គម ។ ផ្ទុយ​ពី​ទស្សនវិស័យ​នេះ​នៃ​ធម្មនុញ្ញ​អង្គការសហប្រជាជាតិ​ដែល​កំពុងតែ​ស្ថិតនៅ​ជា​ធរមាន​, យើង​សង្កេតឃើញថា «​យន្តការ​អន្តរជាតិ​» និង ការប្តេជ្ញាចិត្ត​របស់​យើង​ដើម្បី​បុព្វ​ហេតុនេះ កំពុង​រង​ការបំផ្លិចបំផ្លាញ និង តម្រូវ​ឲ្យ​មានការ​យកចិត្តទុកដាក់​ជាបន្ទាន់ ។

​សម្តេចនាយក​រដ្ឋមន្ត្រី មានប្រសាសន៍ថា ជាក់ស្តែង , យន្តការ​ពហុភាគី​និយម កំពុង​ទទួលរង​ការវាយប្រហារ​យ៉ាងដំណំ ពិសេស​គឺ​ដោយសារ​ទង្វើ​ជាតិនិយម​ជ្រុល និង គាំពារ​និយម​របស់​ប្រទេស​មហាអំណាច​ខ្លះ​លើ​សកលលោក ។​

​ជំនួស​ការទទួលបាន​ការគាំទ្រ , ជារឿយៗ ប្រទេស​កំពុងអភិវឌ្ឍន៍ តែង​ត្រូវបាន​ប្រែក្លាយជា​មុខព្រួញ​នៃ​ការដាក់ទណ្ឌកម្ម ចំពោះ​កិច្ចដំណើរការ​ប្រឹងប្រែង​កសាង​ជាតិ​របស់ខ្លួន ដែល​មិន​បានល្អ ឥតខ្ចោះ​ស្របតាម​ស្តង់ដារ​របស់​ប្រទេស​អភិវឌ្ឍន៍ ខណៈដែល​សមត្ថភាព​ប្រទេស​ទន់ខ្សោយ​ទាំងនោះ នៅមាន​ការខ្វះខាត ក្នុង​កិច្ចការពារ​សិទ្ធិមនុស្ស​ជា​មូលដ្ឋាន ដូចជា សិទ្ធិ​ទទួលបាន​សន្តិភាព រាន​មានជីវិត​, សិទ្ធិ​ទទួលបាន​អាហារ , សិទ្ធិ​រស់ , ទីជម្រក និង ការងារ ជាដើម ។ នេះ គឺជា​មូលហេតុ​មួយ​ដែល ចូលរួមចំណែក​ក្នុងការ​បំផ្លិចបំផ្លាញ​យ៉ាងធ្ងន់ធ្ងរ​ដល់​កិច្ចប្រឹងប្រែង​ស្តារ និង អភិវឌ្ឍ​ជាតិ​របស់​
​ប្រទេស​ក្រីក្រ ពិសេស តាមរយៈ​ការធ្វើ​ន​យោ​បា​យូ​ប​នីយកម្ម​លើ​បញ្ហា​សិទ្ធិមនុស្ស បម្រើ​ឲ្យ​របៀបវារៈ ភូមិសាស្ត្រ​នយោបាយ​របស់​ប្រទេស​អភិវឌ្ឍន៍​មួយចំនួន ។ ការប្រកួតប្រជែង​រវាង​មហាអំណាច បាន បង្ក​ជាការ​រាំងខ្ទប់​ដល់​សិទ្ធិ​ស្វ័យ​សម្រេច​របស់​ប្រទេស​កំពុងអភិវឌ្ឍន៍ ក្នុងការ​ជ្រើស​រើសយក​ឯករាជ្យ និង អធិបតេយ្យ ជា​មាគ៌ា​សម្រាប់​ការអភិវឌ្ឍ ក៏ដូចជា​ក្នុងការ​ជ្រើសរើស​ដៃគូ​មិត្តភាព ដើម្បី​សន្តិភាព និង ការអភិវឌ្ឍ ។ ខ្ញុំ​គិតថា នេះ គឺជា​ឧបសគ្គ​ពិតប្រាកដ​ដ៏​ចម្បង​មួយ​របស់​ប្រទេស​កំពុងអភិវឌ្ឍន៍ ក្នុងការ​ធ្វើ​ឲ្យ​សម្រេចបាន​នូវ​គោលដៅ​របៀបវារៈ​ឆ្នាំ ២០៣០ បន្ថែម​ពីលើ​បញ្ហា​ប្រឈម​បន្ទាន់​ទាំង ឡាយ ដែល​បង្កឡើង​ដោយ​ការឆ្លង​រាតត្បាត​នៃ​ជំងឺ​កូ​វីដ​-១៩ និង​ផលប៉ះពាល់​នៃ​ជំងឺ​នេះ មកលើ សង្គម និង សេដ្ឋកិច្ច ។​

​សម្តេចតេជោ បានលើកឡើងថា “គណៈប្រតិភូ​របស់ខ្ញុំ​ជឿជាក់ថា បណ្តា​រដ្ឋ​ជា​សមាជិក​ត្រូវអនុវត្ត​ទៅតាម​បទ​ប្បញ្ញត្តិ​ដែលមាន ចែង​ក្នុង​សេចក្តីប្រកាស​ស្តីពី​ការ​រំ​ឮ​ក​ខួប​ទី ៧៥ នៃ​អង្គការសហប្រជាជាតិ ដែល​យើង​បានអនុម័ត​ក្នុងកិច្ចប្រជុំ​នេះ”​។​

​ជោគជ័យ​របស់​យើង​ក្នុងការ​អនុវត្ត​គោលដៅ​ប្រកបដោយ​ម​ហិ​ច្ឆតា ដែល​យើងទាំងអស់គ្នា បានកំណត់​យក នឹង​ត្រួស​ត្រាយផ្លូវ​សម្រាប់​មនុស្ស​ជំនាន់​ក្រោយ ឲ្យ​អាច​រស់​នៅបាន ក្នុង​វិបុលភាព និង ក្នុងសង្គម​មួយ​ដែល​ប្រកបដោយ​បរិ​យា​ប័ន្ន និង ភាពសុខដុមរមនា ។​

​ប្រសិនបើ​យើង​សម្លឹង​មើលទៅ​អនាគត​, សហគមន៍​អន្តរជាតិ ពិតជា​ទាមទារ​ចង់បាន​អង្គការ សហប្រជាជាតិ​ដ៏​រឹងមាំ​មួយ ដែលមាន​សមត្ថភាព​ពេញលេញ ក្នុងការ​ដោះស្រាយ​គ្រប់​បញ្ហា​ប្រឈម ដែល​កើតមាន​នៅក្នុង​តថភាព​នៃ​សតវត្ស​ទី ២១ ។ កម្ពុជា​ទទួលស្គាល់​តួនាទី​ស្នូល​នៃ​ប្រព័ន្ធ​ពហុភាគីនិយម ក្នុងការ​ដោះស្រាយ​បញ្ហា​ប្រឈម​សកល​ដ៏​ស្មុគស្មាញ​ដែល​យើង​កំពុង​ជួបប្រទះ​នាបច្ចុប្បន្ន​នេះ ដូចដែល​សេចក្តីប្រកាស​បានចែង​យ៉ាងច្បាស់​ថា «​បញ្ហា​ប្រឈម​របស់​យើង​មាន​ភាព​ប្រទាក់ក្រឡា​គ្នា និង អាច​ដោះស្រាយ​បានតែ​តាមរយៈ​ប្រព័ន្ធ​ពហុភាគី​និយម ដែល​ត្រូវតែ​បានធ្វើ​ឲ្យ​ប្រសើរ​ឡើងវិញ​» ។ តាមរយៈ​ការគោរព​ធម្មនុញ្ញ​អង្គការ​សហ​ប្រជា​តិ , តម្លាភាព , សាមគ្គីភាព​, កិច្ចសហប្រតិបត្តិការ និង ការ ចូលរួម​ជាមួយគ្នា​ជា​ធ្លុង​មួយ​, សហគមន៍​អន្តរជាតិ​ពិតជា​នឹង​អាច​សម្រេចបាន​នូវ​អនាគត​មួយ​ដែល យើងទាំងអស់គ្នា​ចង់បា​ន និង អង្គការសហប្រជាជាតិ​មួយ​ដែល​យើង​ត្រូវការ ៕ដោយ៖កូឡាប

×