ថ្ងៃអង្គារទី២២ ខែកញ្ញា ឆ្នាំ២០២០ ឯកឧត្ដម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប បានដឹកនាំគណៈប្រតិភូក្រសួង ជិះកង់ត្រួតពិនិត្យស្ថានភាពផ្លូវ ប្រព័ន្ធលូបង្ហូរទឹកភ្លៀង និងប្រព័ន្ធលូទឹកស្អុយក្នុងក្រុងសៀមរាប។
ការជិះកង់ត្រួតពិនិត្យស្ថានភាពផ្លូវទាំងនេះ ធ្វើឡើងក្នុងគោលបំណង ដើម្បីស្វែងយល់ក៏ដូចជាប្រមូលធាតុចូលបន្ថែមទាក់ទងនឹងស្ថានភាពផ្លូវថ្នល់នាពេលបច្ចុប្បន្ននៅក្នុងក្រុងសៀមរាប សម្រាប់ការត្រៀមរៀបចំ ចូលរួមកិច្ចប្រជុំលើកទី១ នៃគណៈកម្មការអន្តរក្រសួងដើម្បីសិក្សា និងអនុវត្តគម្រោងស្ថាបនាហេដ្ឋារចនា សម្ព័ន្ធផ្លូវ៣៨ខ្សែនៅទីក្រុងសៀមរាប ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២០ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ។
នាល្ងាចថ្ងៃដដែលនោះ ឯកឧត្តមទេសរដ្ឋមន្ត្រី ក៏បានដឹកនាំគណៈប្រតិភូ រត់ហាត់ប្រាណដើម្បី បង្ហាពីការចូលរួមលើកកម្ពស់ វិស័យកីឡា បង្កើនសាមគ្គីភាព ព្រមទាំងត្រួតពិនិត្យផ្លូវនៅតាមតំបន់ប្រាសាទអង្គវត្តផងដែរ។
ជាមួយនឹងការអនុវត្តផ្លូវទាំង ៣៨ខ្សែនេះ រដ្ឋបាលខេត្តសៀមរាប សូមធ្វើការអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលរស់នៅលើផ្លូវទាំង៣៨ខ្សែនេះ សូមចូលរួមសហការឱ្យបានល្អជាមួយនឹងក្រុមការងារ ដើម្បីអនុវត្តគម្រោងទាំងនេះ ឱ្យទទួលបានជោគជ័យទៅតាមការគ្រោងទុក។ ម្យ៉ាងទៀត គម្រោងនេះនឹងធ្វើឱ្យក្រុងសៀមរាប មានសោភ័ណភាពកាន់តែប្រសើរឡើងថែមមួយកម្រិតទៀត ហើយក៏ជាការទាក់ទាញភ្ញៀវទេសចរ មកទស្សនាខេត្តសៀមរាបកាន់តែច្រើនកុះករ។
អាជ្ញាធរខេត្តសង្ឃឹមយ៉ាងមុតមាំថា បងប្អូនប្រជាពលរដ្ឋ នឹងចូលរួមសហការជាមួយក្រុមការងារឱ្យបានស្អិតរមួត និងទទួលបានជោគជ័យសម្រាប់ក្រុងសៀមរាប ដែលជាក្រុងប្រវត្តិសាស្ត្រពីបុរាណមក។
សូមជម្រាបថា៖ កាលពីថ្មីៗនេះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជា ណាចក្រកម្ពុជា បានសម្រេចបញ្ចេញកញ្ចប់ថវិកាចំនួនពី១០០ ទៅ១៥០ លានដុល្លារអាមេរិក សម្រាប់ អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធផ្លូវតូចធំចំនួន៣៨ខ្សែ នៅក្នុងក្រុងសៀមរាប ដើម្បីជួយលើកស្ទួយជីវភាព រស់នៅរបស់ប្រជាពលរដ្ឋ និងនឹងជួយជំរុញកំណើនសេដ្ឋកិច្ចជាតិនៅក្រោយជំងឺកូវីដ១៩៕ដោយ៖កូឡាប