ភ្នំពេញ៖ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានថ្លែងថា បើទោះបីជំងឺកូវីដ-១៩ បានធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់វិស័យជាច្រើនក្នុងសេដ្ឋកិច្ច តែវាបានបង្កើតឱកាសដល់ក្រុមហ៊ុនអាមេរិកដែលផ្តល់សេវាកម្មអនឡាញ ដូចជាពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក និងការទូទាត់តាមប្រព័ន្ធអេឡិចត្រូនិកជាដើម។
នាថ្ងៃអង្គារ ទី២២ ខែកញ្ញា ឆ្នាំ២០២០ ឯកឧត្តម សុខ ចិន្តាសោភា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានជួបពិភាក្សាការងារតាមរយៈប្រព័ន្ធវីដេអូជាមួយគណៈប្រតិភូក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ាន ដឹកនាំដោយ លោក Alexander Feldman ប្រធានក្រុមប្រឹក្សាធុរកិច្ចសហរដ្ឋអាមេរិក-អាស៊ាន ដោយមានការចូលរួមពីតំណាងស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា។
ឯកឧត្តម សុខ ចិន្តាសោភា បានស្វាគមន៍ចំពោះវត្តមានរបស់គណៈប្រតិភូដែលតែងតែបំពេញទស្សនកិច្ចជារៀងរាល់ឆ្នាំនៅកម្ពុជា ហើយនេះជាលើកទី១នៃជំនួបប្រជុំតាមរយៈប្រព័ន្ធវីដេអូ ដោយសារការរាតត្បាតជាសកលរបស់ជំងឺកូវីដ-១៩។
ឯកឧត្តមក៏បានសាទរដល់ក្រុមហ៊ុនអាមេរិកនានាដែលបានបង្កើនការលក់នៅកម្ពុជា ខណៈដែលកម្លាំងទិញរបស់ប្រជាពលរដ្ឋកម្ពុជា មានការកើនទ្បើងតាមរយៈការសម្រេចបាននូវកំណើនសេដ្ឋកិច្ចខ្ពស់នាពេលកន្លងមក។
ឯកឧត្តមបានបន្ថែមថាបើទោះបីជំងឺកូវីដ-១៩ បានធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់វិស័យជាច្រើនក្នុងសេដ្ឋកិច្ច តែវាបានបង្កើតឱកាសដល់ក្រុមហ៊ុនអាមេរិកដែលផ្តល់សេវាកម្មអនឡាញ ដូចជាពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក និងការទូទាត់តាមប្រព័ន្ធអេឡិចត្រូនិកជាដើម។
ឯកឧត្តមបានជម្រាបជូនគណៈប្រតិភូអំពីវិធានការកំណែទម្រង់នាពេលថ្មីៗរបស់រាជរដ្ឋាភិបាល ជាពិសេសក្នុងការដាក់ឱ្យដំណើរការនូវប្រព័ន្ធចុះបញ្ជីធុរកិច្ចតាមថ្នាលបច្ចេកវិទ្យាព័ត៌មាន ដែលនឹងទាក់ទាញការវិនិយោគពីបរទេស ជាពិសេស ការវិនិយោគពីក្រុមហ៊ុនអាមេរិកបន្ថែមទៀត ដែលនឹងពុំគ្រាន់តែនាំមកនូវទុនវិនិយោគប៉ុណ្ណោះទេ តែក៏នឹងនាំមកនូវបច្ចេកវិទ្យាផងដែរ។
ជាការឆ្លើយតប លោក Alexander Feldman បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងសេដ្ឋកិច្ចទ្វេភាគីកម្ពុជា-អាមេរិក ក្នុងឱកាសខួប៧០ឆ្នាំនៃការភ្ជាប់ទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ និងបានសាទរចំពោះកំណើនទំហំពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំងពីរ ក្នុងរយៈពេល៨ខែ ឆ្នាំ២០២០ ដែលបានកើនឡើងប្រមាណ ១៧% បើធៀបនឹងឆ្នាំ២០១៩។ ជាមួយនឹងការបន្តផ្តល់កិច្ចសហការដ៏ល្អរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងក្រសួង-ស្ថាប័នពាក់ព័ន្ធក្នុងការជួយសម្របសម្រួលឆ្លើយតបនូវក្ដីកង្វល់ និងសំណូមពររបស់អ្នកវិនិយោគអាមេរិក លោកប្រធានក្រុមប្រឹក្សាធុរកិច្ចសហរដ្ឋអាមេរិក-អាស៊ាន មានសុទិដ្ឋិយមថាអ្នកវិនិយោគអាមេរិកនឹងមកបណ្តាក់ទុនវិនិយោគបន្ថែមនៅកម្ពុជានាថ្ងៃអនាគត៕ដោយ៖កូឡាប