បាត់ដំបង៖ ឯកឧត្តមនាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានដាក់បញ្ជាដល់កងកម្លាំងនគរបាល នៅតាមបន្ទាត់ព្រំដែនជាប់នឹងខេត្តបាត់ដំបង ត្រូវបន្តសហការជាមួយអាជ្ញាធរខេត្ត រួមទាំងកម្លាំងពាក់ព័ន្ធ ត្រៀមទប់ស្កាត់ជានិច្ច នូវជនមានឧបាយកលអាក្រក់ ចូលមកបង្កភាពចលាចលឬអសន្តិសុខក្នុងប្រទេស ។
ការលើកឡើងនេះ ក្នុងឱកាសអញ្ជើញប្រកាសតែងតាំងលោកលោកវរសេនីយ៍ឯក សាត គឹមសាន ស្នងការរងជាស្នងការនៃស្នងកា
រដ្ឋាននគរបាលខេត្តបាត់ដំបង និងតម្លើងឋានន្តរសក្តិ ជាឧត្តមសេនីយ៍ត្រី ជំនួសឯកឧត្តម ឧត្តមសេនីយ៍ទោ អ៊ុច សុខុន ដែលត្រូវចូលនិវត្តន៍ និងទទួលបានការតែងតាំងពីព្រះករុណាព្រះមហាក្សត្រ ជាទីប្រឹក្សាក្រសួងមហាផ្ទៃ មានឋានៈស្មើអនុរដ្ឋលេខាធិការ កាលពីព្រឹកថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២០ ក្រោមអធិបតីភាពឯកឧត្តមនាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ។
ឯកឧត្តម នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន បានមានប្រសាសន៍ថា កាលពីថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៩ កងកម្លាំងនៅតាមបន្ទាត់ព្រំដែនជាប់នឹងប្រទេសថៃ ស្ថិតភូមិសាស្ត្រខេត្តបាត់ដំបង រួមទាំងអាជ្ញាធរខេត្តនិងកម្លាំងនានា រួមទាំងមានការចូលរួមពីអាជ្ញាធរថៃផងនោះ បានសហការគ្នាយ៉ាងល្អ ក្នុងការទប់ស្កាត់មិនឲ្យមានជនឆ្លៀតឱកាស ឬបង្កអសន្តិសុខក្នុងប្រទេស តាមការញុះ
ញង់របស់ទណ្ឌិត សម រង្ស៊ី ចង់មករំខានសន្តិភាពកម្ពុជា។ កាលពីពេលថ្មីៗនេះទណ្ឌិត សម រង្ស៊ី បានប្ដេជ្ញាចូលមកកម្ពុជាម្ដងទៀត ចំពោះការវិលមកវិញនោះ រាជរដ្ឋាភិបាលកម្ពុជានឹងអនុវត្តតាមច្បាប់ ដោយសមត្ថកិច្ចមិនមានការភ័យខ្លាចនោះទេ នឹងការវិលត្រឡប់មកនោះ។ ហើយរំពឹងថា គណៈបញ្ជាការកងឯកភាពខេត្តបាត់ដំបងនឹងធ្វើបានល្អក្នុងការទប់ស្កាត់ជនបង្កបញ្ហាអសន្តិសុខជន រំខានសុខសន្តិភាព ដូចពេលកន្លងទៅ។ មួយវិញទៀត ការបង្ក្រាបបទល្មើស ចាប់ពីដើមឆ្នាំមកនៅខេត្តបាត់ដំបង កម្លាំងនគរបាលខេត្ត បានបង្ក្រាបបទល្មើសបានលើស ៩០ភាគរយ និងបទល្មើសឧក្រិដ្ឋក៏មានការថយចុះ ដែលចំនួននេះ បើធៀបនឹងរាជធានីនិងខេត្តផ្សេងៗគឺល្អជាងគេ ហើយក៏ត្រូវធ្វើឲ្យល្អបន្ថែមទៀត ស្នងការដែលឡើងថ្មី ក៏ត្រូវអនុវត្តឲ្យបានល្អនូវការប្ដេជ្ញា ឬការសន្យារបស់ខ្លួន។
ឯកឧត្តម នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន ក៏បានស្នើទៅគណៈបញ្ជាការខេត្ត បន្តសហការជាមួយកងកម្លាំងនគរបាលខេត្ត ក្នុងការដោះស្រាយបញ្ហាប្រឈម ឬក្តីបារម្ភនានារបស់ពលរដ្ឋ ពិសេសបញ្ហាចោរកម្ម គ្រឿងញៀននិងការផ្សព្វផ្សាយពីបញ្ហាចរាចរណ៍ជាដើម ។
ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង បានស្នើសុំឲ្យស្នងការនគរបាលខេត្តបាត់ដំបង ដែលឡើងតំណែងថ្មី បន្តសហការជាមួយរដ្ឋបាលខេត្ត ក្នុងការងារបម្រើប្រជាពលរដ្ឋ មានដូចការផ្ដល់សេវាសាធារណៈ ដោះស្រាយបញ្ហាអសន្តិសុខក្នុងសង្គម ដែលតែងកើតមាននៅតាមមូលដ្ឋាន ។
លោកឧត្តមសេនីយ៍ត្រី សាត គឹមសាន្ត ស្នងការនគរបាលខេត្តបាត់ដំបងដែលឡើងតំណែងថ្មី បានប្រកាសប្ដេជ្ញាចិត្តចំពោះមុខអង្គពិធី ក្នុងការការពារបូរណភាពទឹកដី ការពារព្រះមហាក្សត្រ រដ្ឋធម្មនុញ្ញ រាជរដ្ឋាភិបាលស្របច្បាប់ ការពារប្រជាពលរដ្ឋក្នុងខេត្តបាត់ដំបងទាំងមូល រួមទាំងអនុវត្តឲ្យបានល្អ នូវគោលនយោបាយរបស់រាជរដ្ឋាភិបាល៕
ដោយ៖អ៊ុង សារុំ