Tuesday, November 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អាជ្ញាធរខេត្ត​បាត់ដំបង ប្រកាស​ឲ្យ​ពលរដ្ឋ​មានការ​ប្រុងប្រយ័ត្ន ចំពោះ​ជំនន់​នៅ​ស្ទឹង​សង្កែ​

​បាត់ដំបង​៖ អាជ្ញាធរខេត្ត​បាត់ដំបង បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​រស់នៅ​តាម​ដង​ស្ទឹង សូម​មានការ​ប្រុងប្រយ័ត្ន​ជានិច្ច​នៃ​ទឹកជំនន់​នេះ បើទោះបី​ស្ថានភាព​ទឹកជំនន់​នៅ​ស្ទឹង​សង្កែ មិនទាន់​ឡើងដល់​កម្រិត​ប្រកាសអាសន្ន ព្រោះ​វា​នឹង​តែ​បន្ត​ហក់​ឡើង ហើយ​អាជ្ញាធរខេត្ត​ក៏បាន​ត្រៀម​រួចរាល់​ដែរ នូវ​ទីទួល​សុវត្ថិភាព​ជាង​២០០​កន្លែង​និង​សម្ភារ​ទប់ទឹក​។​

​លោក ឡុង ផល្គុន ប្រធាន​មន្ទីរ​ធនធានទឹក និង​ឧតុនិយម​ខេត្តបាត់ដំបង បាន​ប្រាប់​តាម​ទូរស័ព្ទ​កាលពី​ព្រឹក​ថ្ងៃទី​២៣ ខែកញ្ញា ឆ្នាំ​២០២០​ថា គិត​ត្រឹម​នៅ​ជិត​ថ្ងៃ​ត្រង់នេះ​ទឹកជំនន់​នៅ​ស្ទឹង​សង្កែ ឡើង​មិនទាន់​ដល់​១០​ម៉ែត្រ​នោះទេ ប៉ុន្តែ​វា​អាច​នឹង​ឡើង​លើស ១០​ម៉ែត្រ​។ កម្រិត​ទឹក​ដែល​ទម្លាក់​ពី​ទំនប់​ក​ង្ហ​ត់ ក៏​មិនអាច​ឈានដល់​ចំណុច​ប្រកាសអាសន្ន​នោះដែរ​។ ចំពោះ​កម្រិត​ទឹក​ដែល​ត្រូវ​ទម្លាក់​មក​ចំនួន​៤​ទ្វារ ដែល​ចំនួន​នេះ​គឺ​ធម្មតា ហើយ​ចំពោះ​កម្រិត​ទឹក​ដែល​ឈានដល់​ចំណុច​ប្រកាសអាសន្ន​គឺ​១៤​ម៉ែត្រ​៨០ ឬ​១៥​ម៉ែត្រ ហើយ​រហូតមក​ដល់ពេលនេះ ទឹកជំនន់​នៅ​មិនទាន់​បង្ក​ផលប៉ះពាល់​លិចលង់​ផ្ទះ ឬ​ដំណាំ​របស់​ប្រជាពលរដ្ឋ​នៅឡើយ​ទេ​។​

​គួរបញ្ជាក់​ផងដែរ​ថា ស្ថានភាព​ទឹកជំនន់​នៅ​ស្ទឹង​សង្កែ បង្កឡើង​ដោយមាន​ទឹកភ្លៀង​ធ្លាក់​ច្រើន នា​រយៈពេល​ប៉ុន្មាន​ថ្ងៃនេះ នៅ​ប្រភពទឹក​ខាងលើ មាន​ស្ទឹង​ប​ឡាង​ឬ​ហៅ​ស្ទឹង​សំឡូត​ចាស់ ស្ទឹង​គ្រញូង​និង​ស្ទឹង​ប៉ៃលិន មានទឹក​ច្រើន​បាន​ហូរ​ចូលទៅ ទំនប់​ពហុ​បំណង​សេក​សក ហើយ​ធ្វើ​ឲ្យ​កម្ពស់​ទឹក​មាន​កើនឡើង​ខ្ពស់ ដោយ​ខ្លាច​មាន​ផលប៉ះពាល់​នៅ​ប៉ែក​ខាងលើ​ខ្លាំង ជំនាញ​ក៏បាន​បើកទ្វារ​ទឹក​នៅ​ទំ​បន់​សេក​សក ទម្លាក់​មក​ទំនប់​ក​ង្ហ​ត់​និង​បើកទ្វារ​ទឹក​បន្ត​តាម​ប្រឡាយ​មេ​នានា រួមទាំង​ស្ទឹង​សង្កែ​។ នេះ​ជា​ជំនន់​នៅ​ស្ទឹង​សង្កែ​លើក​ទី​១​ហើយ នៅ​ឆ្នាំ​២០២០​នេះ ខណៈ​រាល់​ឆ្នាំ​គិត​ត្រឹម​រយៈពេល​ដូចគ្នា គឺមាន​ទឹកជំនន់​ហក់​ឡើង​ច្រើនដង​នៅក្នុង​ស្ទឹង​សង្កែ ដោយ​ទឹកជំនន់​នោះ តែង​បង្ក​ការប៉ះពាល់​ដល់ផ្ទះ និង​ដំណាំ​របស់​ប្រជាពលរដ្ឋ ស្ថិតនៅ​ជាប់​នឹង​ដងស្ទឹង​សង្កែ​នេះ​ផងដែរ ពិសេស​នៅ​ស្រុក​ឯក​ភ្នំ ព្រោះ​នៅ​ជិត​បឹង​ទន្លេសាប​៕​ដោយ​៖​អ៊ុង​សា​រុំ​

×