Wednesday, November 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​រ៉ូយ៉ាល់​គ្រុប បានរៀបចំ​ទទួល​ស្វាគមន៍​ទស្សនកិច្ច​ពិសេស របស់​ឯកឧត្តម ឧ​ត្ត​ម​សេនីយ៍​ឯក​ ​ហ៊ុន ម៉ា​ណែ​ត សម្រាប់​ដំណើរ​ស្វែងយល់​អំពី​ឌីជីថល​នីយកម្ម និង​បច្ចេកវិទ្យា​បណ្តាញ 5G

​ភ្នំពេញ​៖ ថ្ងៃទី​២៣ កញ្ញា ២០២០​នេះ រ៉ូយ៉ាល់​គ្រុប មាន​កិត្តិយស​ទទួលបាន​ការ​អ​ញ្ចើ​ញ​ចូលរួម​ពី ឯកឧត្តម ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត អគ្គមេបញ្ជាការ​រង​នៃ​កងយោធពល​ខេមរភូមិន្ទ និង​ជា​មេបញ្ជាការ​កងទ័ពជើងគោក រួម​ដំណើរ​អមដោយ​គណៈប្រតិភូ​រប​ស់លោក សម្រាប់​ដំណើរ​ទស្សនកិច្ច​ពិ​សេសមួយ​ដើម្បី​ពិភាក្សា​ពី​ការត្រៀមខ្លួន​សម្រាប់​បណ្តា​ញ 5G ។
​ដំណើរ​ទស្សនកិច្ច​នេះ រៀបចំឡើង​ដោយ​អគ្គនាយក​ក្រុមហ៊ុន រ៉ូយ៉ាល់​គ្រុប អ្នកឧកញ៉ា គិត ម៉េង ដែល​តែងតែ​គាំទ្រ​យ៉ាងខ្លាំង​ដល់​គំនិត​ផ្តួចផ្តើម​ទាំងអស់​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ចាប់តាំងពី​ការចាប់ផ្តើម​បង្កើត​ក្រុមហ៊ុន ខេ​ម ជី្ជ អេស អេ​ម ឆ្នាំ ១៩៩៦​មកម្ល៉េះ ។​

​ក្រុមហ៊ុន ខេ​ម ជី្ជ អេស អេ​ម ដែលមាន​ឈ្មោះ​ជា សែ​ល​កាត បាន​នឹង​កំពុង​បម្រើប្រជាជន​កម្ពុជា​អស់​រយៈពេល​ជាង ២០ ឆ្នាំ​មកហើយ ហើយ​នៅតែ​បន្ត​មានកម្ម​សិទ្ធិ​ម្ចាស់​ភាគហ៊ុន​ជា​ជនជាតិខ្មែរ ១០០ ភាគរយ​ហើយ​បាន​វិ​វត្ត​ន៏​ពី​បណ្តាញ​សេវា 2G 3G 4G និង​ឥឡូវនេះ​គឺ​ឈានដល់​បណ្តាញ 5G ។

​ដំណើរ​ទស្សនកិច្ច​នេះ​រួមមាន​ការបង្ហាញ​យ៉ាង​ហ្មត់ចត់​អំពី​ការត្រៀមខ្លួន​របស់​សែ​ល​កាត សម្រាប់​បណ្តាញ 5G រួមទាំង​ការបង្ហាញ​ផ្ទាល់​នៃ​ការធ្វើ​តេស្ត 5G Standalone (SA) ដែល​បានបង្ហាញ​តាំងពី​ខែតុលា​ឆ្នាំ ២០១៩ ហើយ​ឥឡូវនេះ​ឈានដល់​ល្បឿន​លឿន​ជាង ១,៨ ជី​ហ្គា​បី​ត​ក្នុង​មួយ​វិនាទី ដែលជា​ល្បឿន​ខ្ពស់បំផុត​ដែល​សម្រេចបាន​នៅ​កម្ពុជា​។​

​បទ​បង្ហាញ​ពិសេស​មួយទៀត​ក៏ត្រូវ​បានធ្វើ​ឡើង​ដោយ​ក្រុមហ៊ុន​វី​ង ដែល​បង្ហាញ​ពី​កិច្ចខិតខំ​ប្រឹងប្រែង​ចុងក្រោយ​របស់ខ្លួន ក្នុង​ការធ្វើ​ឌីជីថល​នីយកម្ម និង​វិ​វ​ឌ្ឍ​កម្ម​នៃ​វិស័យ​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ (Fintech)​។​

​អ្នកឧកញ៉ា គិត ម៉េង អគ្គនាយក​ក្រុមហ៊ុន រ៉ូយ៉ាល់​គ្រុប​មានប្រសាសន៍ថា​បណ្តាញ 5G នឹង​ក្លាយ​ជាការ​ឈានមុខ​គេ​មួយ​ក្នុងការ​ជំរុញ​សេដ្ឋកិច្ចកម្ពុជា ហើយ​យើង​ត្រូវតែ​ត្រៀមខ្លួន​ទទួលយក​បច្ចេកវិទ្យា និង​ធានាថា​វា​នឹង​ជំរុញ​ការអភិវឌ្ឍ​សេដ្ឋកិច្ច និង​បង្កើន​ឧស្សាហកម្ម​ក្នុងស្រុក និង​ការរស់នៅ​របស់​ប្រជាជន​។

​អ្នកឧកញ៉ា​បាន​បន្តទៀតថា​“ ពួកយើង​ចង់ឱ្យ​កម្ពុជា​ក្លាយជា​គោលដៅ​បច្ចេកវិទ្យា 5G​ដ៏​លេចធ្លោ​បំផុត​មួយ នៅក្នុង​តំបន់​អាស៊ាន ក៏ដូចជា​ជម្រុញ​ឱ្យ​ក្រុមហ៊ុន​ខ្មែរ​ទាំង​តូច​ទាំង​ធំ ក្លាយជា​ក្រុមហ៊ុន​ដែល​អាច ប្រើប្រាស់​បច្ចេកវិទ្យា​ចុងក្រោយ​នេះ​ដំបូង​គេ​” ។​

​អ្នកឧកញ៉ា​បន្ថែមទៀត​ថា ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​រ៉ូយ៉ាល់​គ្រុប នឹង​ដឹកនាំ​ឌីជីថល​របស់​កម្ពុជា​ក្នុងការ​គាំទ្រ​ដល់​ចក្ខុវិស័យ​របស់​រាជរ​ដ្ឋា​ភិ​បាល​សម្រាប់​ឧស្សាហកម្ម ៤.០ ។​

​ក្នុងនាម​ជា​ក្រុមហ៊ុន​ជំនាញ​ផ្នែក ICT ដែល​គ្រប់គ្រង​ដោយ​ជនជាតិខ្មែរ​តែមួយគត់​នៅ​កម្ពុជា ក្រុមហ៊ុន​រ៉ូយ៉ាល់​គ្រុប បាន​ដើរតួ​យ៉ាងសំខាន់ ក្នុងការ​ចូលរួម​ជួយ​គាំទ្រ​ដល់​រាជរដ្ឋាភិបាល រួមទាំង​ផ្នែក​សន្តិសុខ និង​ស្ថេរភាព​សេដ្ឋកិច្ចជាតិ​ផងដែរ​៕
​ដោយ​៖CEN

 


×