ប្រទេសចិន កាលពីថ្ងៃពុធទី ២៣ ខែកញ្ញា បានបន្ធូរបន្ថយការរឹតត្បិតការចេញចូលរបស់ជនបរទេស ដែលមានការអនុញ្ញាតឱ្យស្នាក់នៅប្រទេសចិន ដែលនេះជាជំហានឆ្ពោះទៅរកការបើកព្រំដែនឡើងវិញ ដែលបានបិទដើម្បីការពារការរីករាលដាលនៃ ជំងឺកូវីដ-១៩ ។
ប្រទេសនេះបានអនុញ្ញាតឱ្យជនបរទេសចូលបន្តិចម្តង ៗ បន្ទាប់ពីមានការហាមឃាត់ជាបន្ទាន់ ទៅលើជនជាតិបរទេសទាំងអស់ រួមទាំងអ្នកដែលមានការអនុញ្ញាតឱ្យធ្វើការ ឬការអនុញ្ញាតឱ្យស្នាក់នៅប្រទេសចិនក៏ដោយ។
ការហាមឃាត់នេះ ដែលបានប្រកាសកាលពីខែមីនា ដើម្បីប្រយុទ្ធប្រឆាំងនឹងរោគរាតត្បាតជំងឺកូវី១៩។
ក្រសួងការបរទេសចិន បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ជនបរទេសដែលមានការអនុញ្ញាតឱ្យស្នាក់នៅ ដើម្បីបម្រើការងារ ក៏ដូចជាការអនុញ្ញាតឱ្យមានការជួបជុំគ្រួសារពីរប្រភេទ ឥឡូវនេះអាចនឹងចូលប្រទេសវិញ ដោយមិនចាំបាច់ដាក់ពាក្យសុំឯកសារថ្មី។
ប៉ុន្តែអ្នកចូលមកប្រទេសចិនទាំងអស់ ត្រូវតែគោរពយ៉ាងតឹងរ៉ឹងនូវបទប្បញ្ញត្តិគ្រប់គ្រង ប្រឆាំងនឹងការរាតត្បាតជំងឺកូវីដ-១៩ របស់ប្រទេសចិន។ នោះមានន័យថាត្រូវឆ្លងកាត់ការធ្វើតេស្តកូវីដ១៩ និងការដាក់
ឱ្យនៅដាច់រយៈពេល ១៤ ថ្ងៃ។
ប្រជាជនចង់វិលត្រឡប់មកវិញ ក៏ត្រូវស្វែងរកសំបុត្រយន្ដហោះផងដែរ បន្ទាប់ពីទីក្រុងប៉េកាំង បានបញ្ជាឱ្យកាត់បន្ថយជើងហោះហើរអន្ដរជាតិយ៉ាងគំហុក នូវជើងហោះហើរអន្តរជាតិនាចុងខែមីនា ហើយតម្លៃបានហក់ឡើងខ្ពស់។
នៅក្នុងខែសីហាប្រទេសចិន បានអនុញ្ញាតឱ្យជនជាតិបរទេសមកពី ៣៦ ប្រទេសនៅអឺរ៉ុប ដាក់ពាក្យសុំទិដ្ឋាការឡើងវិញ ដោយមិនតម្រូវឲ្យមានលិខិតអញ្ជើញដែលមានពីមុនមក។
មុនពេលនោះ ចិនបានបើកព្រំដែនរបស់ខ្លួន ទៅនឹងលំហូរពលករបរទេសជំនាញបន្តិចម្តងៗ ក្រោមកិច្ចព្រមព្រៀងយ៉ាងលឿនពិសេស ដែលបានចុះហត្ថលេខាជាមួយប្រទេសមួយចំនួនតូច។
ប្រទេសចិន បានគ្រប់គ្រងយ៉ាងទូលំទូលាយ នូវការរីករាលដាលនៃវីរុសនេះ ដែលបានលេចចេញជាលើកដំបូងនៅកណ្តាលទីក្រុង Wuhan កាលពីចុងឆ្នាំមុន។
បើទោះបីជាមានការផ្ទុះតិចតួច ក្នុងរដូវក្តៅក៏ដោយក៏ករណីភាគច្រើន ដែលត្រូវបានរាយការណ៍ថា ករណីឆ្លងកូវីដថ្មីៗនៅក្នុងប្រទេសក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ គឺជាអ្នកដំណើរដែលធ្វើដំណើរមកពីបរទេស៕
ប្រភព៖ Reuters
ដោយ៖CEN