តាកែវ៖ លោក ណុប នី ប្រធានមន្ទីរសាធារណការ នឹងដឹកជញ្ជូនខេត្ត លោក ប៊ុន ហួរ ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្ត បានដឹកនាំក្រុមមន្ត្រីជំនាញ សហការជាមួយ លោក កៅ វគ្គសែល អភិបាលស្រុកត្រាំកក់ នៅយប់ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២០នេះ បានចុះពិនិត្យស្ថានភាពផ្លូវ និងស្ពានខ្ពបត្របែក លើផ្លូវខេត្តលេខ១៣២ ត្រង់ គ.ម ១៩+២៦០ ដែលកំពុងរងការគំរាមកំហែងពីទឹកជំនន់ដែលហូរច្រោះ។
លោកបន្តថា ស្ថានការទឹកហូរច្រោះពីទំនប់អូរសារាយឆ្លងពីម្ខាងទៅម្ខាង ក៏ប៉ុន្តែនៅអាចចរាចរបានធម្មតា ក្នុងនោះក្រុមការងារខាងមន្ទីរធនធានទឹក បាននាំយកគ្រឿងចក្រអ៊ិចស្ការ និងឡានដី មកដើម្បីជួយរៀបចំទប់ផ្លូវកន្លែងខ្លះ និងផ្នែកខ្លះនៃស្ពានការពារកុំឲ្យមានការហូរច្រោះដីច្រើន ដោយសារស្ថានភាពទឹកកំពុងមានការជន់ឡើង ។
សូមបញ្ជាក់ថា ស្ពានខ្ពបត្របែកនេះ ជាទ្វារទំនប់ទឹកយ៉ាងសំខាន់ ដែលត្រូវបើកបង្ហូរទឹកសម្រាប់ផ្គត់ផ្គង់ លើដំណាំកសិកម្មរបស់បងប្អូនប្រជាពលរដ្ឋ នៅស្រុកត្រាំកក់ ៕ដោយ៖តាកែវ