Wednesday, November 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ទេសាភិបាល ធនាគារជាតិ​នៃ​កម្ពុជា​៖ ប្រព័ន្ធ​ធនាគារ​មាន​ភាពរឹងមាំ និង​បានរួម​ចំណែក​យ៉ាងសកម្ម​ក្នុងការ​គាំទ្រ​សកម្មភាព​សេដ្ឋកិច្ច​

​ភ្នំពេញ​៖ ឯកឧត្តម ជា ចាន់តូ ទេសាភិបាល ធនាគារជាតិ​នៃ​កម្ពុជា បានអនុញ្ញាត​ឱ្យ លោក Yasuhisa Ojima តំណាង​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ (IMF) ប្រចាំ​ប្រទេស​កម្ពុជា​បាន​ចូលជួប​សម្តែង​ការគួរសម និង​ពិភាក្សា​ការងារ​នៅ​ធនាគារជាតិ​នៃ​កម្ពុជា​។​

​ឯកឧត្តម ជា ចាន់តូ បាន​ជម្រាបជូន​ពី​ស្ថានភាព​ម៉ាក្រូសេដ្ឋកិច្ច​និង​វិស័យ​ធនាគារ​កម្ពុជា ក្នុង​រយៈពេល​៨​ខែ​ដើមឆ្នាំ​២០២០ នេះ​។ ឯកឧត្តម ថា អតិផរណា​បន្ត​រក្សាបាន​ក្នុង​កម្រិត​ទាប​ប្រមាណ ៣% ជាមួយនឹង​ស្ថិរ​ភាពល្អ​នៃ​អត្រា​ប្តូរប្រាក់​។ ទុនបម្រុង​អន្តរជាតិ​បន្ត​កើនឡើង និង​មាន​កម្រិត​ស្មើនឹង ១០​ខែ​នៃ​ការ​នាំចូល​ទំនិញ​និង​សេវា​។

​ឯកឧត្តម​ទេសាភិបាល ធនាគារជាតិ​នៃ​កម្ពុជា​បាន​ឲ្យ​ដឹងថា ប្រព័ន្ធ​ធនាគារ​មាន​ភាពរឹងមាំ និង​បានរួម​ចំណែក​យ៉ាងសកម្ម​ក្នុងការ​គាំទ្រ​សកម្មភាព​សេដ្ឋកិច្ច និង​ជួយ​បន្ធូរបន្ថយ​ការលំបាក​របស់​វិស័យ​នានា និង​ប្រជាជន​ដែល​ទទួលរង​ផលប៉ះពាល់​ពី​ឥទ្ធិពល​នៃ​ការរីក​រាលដាល​ពី​ជំងឺ​កូ​វីដ​១៩ ស្របតាម​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល​។​

​ដោយឡែក លោក Yasuhisa Ojima បាន​អបអរសាទរ​ចំពោះ​ប្រសិទ្ធភាព​នៃ​ការបង្ការ​ការឆ្លង​ជំងឺ​កូ​វីដ​១៩ នៅ​កម្ពុជា​របស់​រាជរដ្ឋាភិបាល​។ តំណាងឱ្យ IMF លោក​ក៏បាន​គាំទ្រ​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល​និង​ធនាគារជាតិ​នៃ​កម្ពុជា ក្នុងការ​គាំទ្រ​សកម្មភាព​សេដ្ឋកិច្ច​ក្នុងដំណាក់កាល​នេះ ស្រប​ពេលដែល​ប្រទេស​នានា​លើ​ពិភពលោក​កំពុង​ប្រឈម នឹង​ការធ្លាក់ចុះ​សេដ្ឋកិច្ច​និង​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​១៩​។ ទន្ទឹមនេះ IMF ក៏បាន​ត្រៀមខ្លួន​សហកា​រ​និង​ផ្តល់​ជា​អនុសាសន៍ ក្នុង​ដំណើរ​ការស្តារ​កំណើនសេដ្ឋកិច្ច​របស់​កម្ពុជា ដែល​កំពុងតែ​ងើបឡើង​វិញ​ជា​លំដាប់​៕
​ដោយ​៖CEN​

×