ភ្នំពេញៈ នៅព្រឹកថ្ងៃទី១៦ ខែតុលា នេះ រដ្ឋសភាបានប្រជុំពិភាក្សា និងអនុម័តលើសេចក្តីស្នើច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ សេចក្ដីស្នើច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា សេចក្ដីស្នើច្បាប់ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការបោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់ និងសេចក្ដីស្នើច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ ឃុំ សង្កាត់។
ការដាក់បញ្ជូនសេចក្តីព្រាងច្បាប់ទាំង៤ នៅក្នុងកិច្ចប្រជុំសភា គឺបន្ទាប់ពីគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា បានប្រជុំសម្រេចនៅវេលាម៉ោង៧និង៣០នាទី មុនសភាប្រជុំពេញអង្គ។
កូរ៉ុមប្រជុំរដ្ឋសភានៅព្រឹកនេះ មានចំនួន៦៧សម្លេង មកពីគណបក្សប្រជាជនកម្ពុជា។ ចំណែកគណបក្សសង្គ្រោះជាតិ បានធ្វើពហិកាអត់ចូលរួមប្រជុំសភានោះទេ។
លោកជាម យៀប តំណាងក្រុមតំណាងរាស្ត្រហត្ថលេខី បានថ្លែងថា ការស្នើធ្វើវិសោធនកម្មច្បាប់ទាំង៤នេះ គ្មានអ្វីពាក់ព័ន្ធទៅនឹងចេតនាចង់បំផ្លិចបំផ្លាញបុគ្គល ឬគណបក្សនយោបាយណាមួយឡើយ គឺដោយយោងតាមការវិត្តន៍ នៃសភាពការណ៍នយោបាយបត់បែននាបច្ចុប្បន្ននេះយោងតាមស្មារតីនៃច្បាប់ស្តីពីគណបក្សនយោបាយជាបន្តបន្ទាប់ និងបទដ្ឋានទាំងឡាយដែលនៅជាធរមាន។
លោកបន្តថា ចំពោះការស្នើសុំធ្វើវិសោធនកម្មច្បាប់ទាំង៤នេះ គឺសំដៅការរៀបចំការបែងចែកអាសនៈ ព្រឹទ្ធសភា ក្រុមប្រឹក្សាឃុំ សង្កាត់ ក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក និងក្រុមប្រឹក្សាខណ្ឌ ក្រោយពេលគណបក្សនយោបាយណាមួយនោះ ដែលបានចូលប្រកួតប្រជែងបោះឆ្នោតសកល ឬអសកល និងបានប្រព្រឹត្តបទល្មើសធ្ងន់ធ្ងរ ហើយត្រូវបានតុលាការ ឬសមត្ថកិច្ចរំលាយ និងរំសាយចោលជាស្ថាពរ៕ ដោយៈ មុនីរាជ