ខេត្តស្វាយរៀង៖ ក្រចកជើងគោចំនួនជាង២តោន ត្រូវបានសមត្ថកិច្ចសាខា ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និង កង្ក្រាបការក្លែងបន្លំ បានធ្វើសកម្មភាពចុះអនុវត្តការងារត្រួតពិនិត្យទំនិញ របស់មន្ត្រីសាខាខេត្តស្វាយរៀង នៅច្រកអន្តរជាតិបាវិត ខេត្តស្វាយរៀង នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២០នេះ។
លោក ផឹង និល ប្រធានសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និង បង្ក្រាបការក្លែងបន្លំខេត្តស្វាយរៀង បានឲ្យដឹងថា ក្រោយពីបានទទួលការស្នើសុំកិច្ចសហការ ពីសាខាគយនិងរដ្ឋាករខេត្តស្វាយរៀង មន្ត្រីសាខាមន្ត្រីការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំខេត្តស្វាយរៀង បានចុះពិនិត្យ ស្មងគោ និងក្រចកជើងគោ នាំចូលពីប្រទេសវៀតណាម តាមច្រកអន្តរជាតិបាវិត ស្វាយរៀង។
ប្រភពដដែលបានបន្តថា សកម្មភាពការងារ ត្រួតពិនិត្យ មន្ត្រីជំនាញយើងបានយកក្រចកជើងគោ មកពិនិត្យនៅមន្ទីរពិសោធន៍ខ្នាតតូចរបស់សាខា ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការ ក្លែងបន្លំខេត្ត បានធ្វើការពិសោធ ដើម្បីស្វែងរកសារធាតុគីមីហាមឃាត់ ដែលធ្វើឲ្យប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ។
ជាលទ្ធផលក្រោយការចុះអនុវត្តការងារ មន្ត្រីជំនាញយើងពុំបានរកឃើញមានសារធាតុគីមី ( Formalin ) ទេ ។ ប៉ុន្តែមន្ត្រីយើងបានពិនិត្យឃើញថា ក្រចកជើងគោចំនួន ១២០ កេស ស្មើ នឹង២៤០០គីឡូក្រាម ឃើញថា គ្មានឯកសារបញ្ជាក់ពីប្រភពដើម គ្មានលិខិតអនុញ្ញាតនាំចូល ការដឹកជញ្ជូនគ្មានលក្ខណៈបច្ចេកទេស ( ទូក្លាស្សេ ) ។
ប្រភពដដែលបានឲ្យដឹងទៀតថា ក្រោយពីមន្ត្រីយើងបានធ្វើកំណត់ហេតុដកហូត ក្រចកជើងគោទាំងនោះ ធ្វើការដុតកម្ទេចចោលនៅនៅទីលានចាក់សំរាមខេត្តស្វាយរៀង។ ក្នុងការកម្ទេចចោលមានការសហការ ពីអាជ្ញាធរដែនដី និងសាខាគយខេត្តស្វាយរៀងផងដែរ ៕ដោយ៖ វ៉ៃកូ