Wednesday, November 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

តម្លៃ​ស្រូវ​បង្កើន​រដូវ​(​សែន​ក្រអូប​) ហក់​ឡើង​ខ្ពស់ជាង​ឆ្នាំ​កន្លងទៅ នៅ​ខេត្តបាត់ដំបង​

​បាត់ដំបង​៖​ប្រភេទ​សែន​ក្រអូប បាន​ហក់​ឡើងថ្លៃ​ខ្ពស់ជាង​ឆ្នាំ​កន្លងទៅ ខណៈដែល​ការប្រមូល​ផល​ស្រូវ​បង្កើន​រដូវ​ឬ​ស្រូវប្រាំង កំពុង​ចាប់ផ្ដើម​ជា​ហូរហែរ​និង​ជិត​ប្រមូល​ផល​រួចរាល់​ហើយ អ្នក​ខ្លះទៀត បានចាប់ផ្ដើម​ព្រោះស្រូវ​ឡើងវិញ​ផងដែរ នៅ​ខេត្តបាត់ដំបង​។​

​កសិករ​ម្នាក់​ឈ្មោះ រស់ ផែន រស់នៅ​ភូមិ​ខ្នាចរមាស ឃុំ​ខ្នាចរមាស ស្រុក​ប​វេ​ល បានលើកឡើង​ប្រាប់ថា គ្រួសារ​គាត់​បានធ្វើ​ស្រូវ​ប្រភេទ​សែន​ក្រអូប ចំនួន​ជាង​១០​ហិកតា ដោយ​ទិន្នផល​ទទួលបាន​ចាប់ពី​ជិត ៣​តោន ទៅ​៥​តោន តាម​ស្រែ​ពេញ​ទឹក​និង​ខ្វះ​ទឹក​ស្រោចស្រព ព្រោះ​ស្រែ​ខ្លះ​នៅ​ជិត​ប្រភពទឹក និង​ខ្លះទៀត​នៅ​ឆ្ងាយ​ប្រភពទឹក ហើយ​ត្រូវ​ពឹង​ផ្អែកទៅលើ​ទឹកភ្លៀង​។ ចំពោះ​ទិន្នផល​ស្រូវ​ទទួលបាន​ក្នុង​មួយ​រដូវៗ​គឺមាន​ឈ្មួញ និង​ក្រុមហ៊ុន​ឯកជន​មក​ទិញយក​អស់ៗ មិនដែល​មាន​សល់​នោះទេ ដោយ​ការលក់​នេះ ពួកគេ​គិត​ជា​ប្រាក់​ថៃ ក្នុង​មួយ​តោន កាលពី​ដើមដៃ​អាច​លក់បាន​ជិត មួយ​ម៉ឺន​បាត (​ប្រហែល​ជាង ១​លាន​២​សែន​រៀល​) ហើយ​វា​បាន​ថយចុះ​ខ្លះ ប៉ុន្តែ​មិនទាន់​ចុះក្រោម​មួយ​លាន​រៀល​នោះទេ​។​

​លោក ឈឹម វ​ជ្ជ​រ៉ា ប្រធាន​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ខេត្តបាត់ដំបង បាន​មានប្រសាសន៍ថា បើទោះបី​កម្ពុជា​ជួប​បញ្ហា​កូន​រដូវប្រាំង​អូសបន្លាយ​យូរ ប៉ុន្តែ​កសិករ​នៅ​បាត់ដំបង បាននាំគ្នា​ធ្វើ​ស្រូវ​បង្កើន​រដូវ​ជាង ១៦​ម៉ឺន​ហិកតា ដោយ​បញ្ហា​ពុំ​សូវ​មាន​ទឹកភ្លៀង​នេះ ក៏​ធ្វើ​ឲ្យ​ទិន្នផល​ស្រូវ​មិនសូវ​ទទួលបាន​ច្រើន​នោះទេ ដែល​មួយ​ហិកតា ទិន្នផល​ជា​មធ្យម​ជិត​៤​តោន ។​

​គួរ​បញ្ជាក់ថា ការធ្វើ​ស្រូវ​បង្កើន​រដូវ​នៅ​ខេត្តបាត់ដំបង ភាគច្រើន​ស្ថិតនៅ​ស្រុក​សង្កែ ស្រុក​បាណន់ ស្រុក​ថ្មគោល ស្រុក​ឯក​ភ្នំ ស្រុក​ប​វេ​ល ស្រុក​រុក្ខ​គិរី ស្រុក​មោងឫស្សី និង​ស្រុក​គាស់ក្រឡ ព្រោះ​បណ្ដា​ស្រុក​ទាំងនេះ ខ្លះ​នៅ​ជិត​ប្រភពទឹក ជាប់​ស្ទឹង​សង្កែ ដោយ​តំបន់​ខ្លះ​អាចធ្វើ​ស្រែ​បង្កើន​រដូវ​នេះ ពី​២​ទៅ​៣​ដង​ក៏មាន ៕ ដោយ​៖​អ៊ុង​សា​រុំ​

×