ភ្នំពេញ ៖ រដ្ឋមន្ត្រីក្រសួងសាធារណការ បានស្នើសុំដល់ក្រុមហ៊ុនដឹកជញ្ជូនទាំងអស់ ដែលមានរថយន្តធំៗ ហើយដឹកលើសទម្ងន់
សូមមេត្តាគោរពច្បាប់ចរាចរណ៍ កុំដឹកលើសទម្ងន់ដែលច្បាប់ចែង ហើយត្រូវចូលរួមទាំងអស់គ្នា ក្នុងការថែទាំផ្លូវថ្នល់។ ដោយលោកបញ្ជាក់បន្ថែមថា មិនចង់ចាប់រថយន្ត ហើយធ្វើការផាកពិន័យ ពីព្រោះលុយដែលបានមកពីការផាកពិន័យមានចំនួនតិចតួច ធ្វើថ្នល់មិនបាន១គីឡូម៉ែត្រផង។
ពាក់ព័ន្ធនឹងរថយន្តដឹកលើសទម្ងន់ដែលបានចរាចរណ៍លើផ្លូវ ត្រូវបានលោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន បានថ្លែងថា ក្រសួងសាធារណការ បានបង្កើតគណៈកម្មការមួយតាមដានការដឹកជញ្ជូនលើសទម្ងន់កំណត់ ហើយបានចាប់រថយន្តដឹកលើសទម្ងន់នោះជារៀងរាល់ថ្ងៃ និងគ្មានអន្តរាគមន៍ពីនរណាឲ្យដោះលែងរថយន្តនោះទេ គឺបានន័យថា ឲ្យតែដឹកលើសគឺមានតែផាកពិន័យតាមច្បាប់ និងរុះរើទំនិញចេញ។
ថ្លែងប្រាប់អ្នកសារព័ត៌មាន ក្នុងពិធីប្រគល់ស្ពានព្រែកព្នៅ កាលពីរសៀលថ្ងៃទី១៥ខែតុលាឆ្នាំ២០១៧ លោកទេសរដ្ឋមន្ត្រី បានលើកឡើងថា ក្រសួងសាធារណការនិងដឹកជញ្ជូន បានបង្កើតគណៈកម្មការមួយទៀត សម្រាប់ត្រួតពិនិត្យ ខុសលក្ខណៈបច្ចេកទេស លើទ្រុងវែង ទ្រុងខ្ពស់ ហើយក្រសួងចេះតែបន្តធ្វើកិច្ចការងារនេះ ជារៀងរហូត បើមិនដូច្នេះទេរថយន្តទាំងនោះនឹងធ្វើឲ្យខូចផ្លូវរបស់យើង ដែលរាជរដ្ឋាភិបាលបានខិតខំប្រឹងប្រែងរកថវិកាដើម្បីមកកសាងផ្លូវអស់រាប់ពាន់លានដុល្លារសហរដ្ឋអាមេរិក ហើយបើមានរថយន្តដឹកលើសទម្ងន់កំណត់ធ្វើឲ្យខូតខាតផ្លូវ រថយន្តតទ្រុងវែងបង្កឲ្យមានគ្រោះថ្នាក់ចរាចរ កកស្ទះចរាចរជាដើម ហើយក្រសួងនឹងបន្តតាមដាន ផាកពិន័យលើក្រុមហ៊ុនរថយន្តដឹកជញ្ជូនទាំងនោះ ។
លោកទេសរដ្ឋមន្ត្រី បានបញ្ជាក់ថា “ប៉ុន្តែខ្ញុំមិនចង់ផាកពិន័យទេ គឺខ្ញុំសុំសំណូមពរទៅក្រុមហ៊ុនដឹកជញ្ជូនទាំងអស់ សុំមេត្តាគោរពច្បាប់ចរាចរណ៍ សុំមេត្តាកុំដឹកលើសទម្ងន់ដែលច្បាប់ចែងឲ្យ សុំកុំតទ្រុងឡានវែងលើសច្បាប់អនុញ្ញាត ឬតទ្រុងខ្ពស់ពេកដែលច្បាប់អនុញ្ញាតឲ្យ ហើយត្រូវចូលរួមទាំងអស់គ្នា ក្នុងការថែទាំផ្លូវថ្នល់របស់ប្រទេសជាតិយើងទាំងអស់គ្នា បើមិនដូច្នេះទេ យើងមិនអាចចេះតែបន្តចាប់យករថយន្តមកផាកពិន័យ ។ ខ្ញុំមិនចង់ចាប់រថយន្តនោះទេ ហើយការផាកពិន័យយកមកធ្វើអ្វី ផាកពិន័យបាន១០ម៉ឺនដុល្លារ ២០ម៉ឺនដុល្លារ យកមកធ្វើអ្វី ធ្វើថ្នល់មិនបាន១គីឡូម៉ែត្រផងហ្នឹង ហើយសូមមេត្តាគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា ហើយកុំដឹកទំនិញលើសច្បាប់កំណត់”៕ ដោយ៖ជាលី