ភ្នំពេញ៖ យុវជន ៣ នាក់បានស្លាប់បាត់បង់ជីវិតម្នាក់និងរងរបួសធ្ងន់ស្រាល២ នាក់ បន្ទាប់ពីជួបគ្រោះថ្នាក់ចរាចរណ៍ ជិះម៉ូតូឌុបគ្នាឆ្លងផ្លូវត្រូវរថយន្តបុកចំពីមុខពេញទំហឹងបណ្តាលឲ្យស្លាប់ម្នាក់ភ្លាមៗ រីឯ២នាក់ទៀតរង របួសធ្ងន់និងស្រាល បញ្ជូនទៅមន្ទីរពេទ្យ ។
ហេតុការណ៍នេះដែរកើតឡើងនៅវេលាម៉ោង ១០ និង ៣០ នាទីយប់ថ្ងៃអង្គារទី ២៩ ខែកញ្ញាឆ្នាំ ២០២០ ត្រង់តាមបណ្ដោយផ្លូវ R ៨ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។
បើយោងតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុគេឃើញយុវជន ៣ នាក់ជិះម៉ូតូឌ្រីមសង់សេ១២៥ ស៊េរី ២០១៤ ឌុបគ្នា ដែលពាក់ផ្លាក លេខភ្នំពេញ 1-AL 1753 ធ្វើដំណើរក្នុងទិសដៅពីកើតមកលិច ខណៈពេលមកដល់ចំណុចកើតហេតុផ្លូវបំបែកជា ៤ គេបានឃើញរថយន្តអាល់ហ្វាត មួយគ្រឿងទៀតពណ៌ស បើកបដោយជនជាតិចិន ពាក់ផ្លាកលេខ ភ្នំពេញ 2AX 9188 ធ្វើដំណើរក្នុងទិសដៅពីជើងមកត្បូងក្នុងល្បឿនលឿន ខណៈមកដល់ចំណុចកើតហេតុផ្លូវបំបែកជាបួនដូចគ្នា ក៏ជ្រុលចង្កូតទៅបុកម៉ូតូឌ្រីមសង់ចំពីមុខពេញទំហឹង បណ្ដាលឲ្យស្លាប់ម្នាក់និងរបួសធ្ងន់ ស្រាល ២ នាក់បញ្ជូនទៅកាន់មន្ទីរពេទ្យ ។ ចំណែកឯរថយន្តបានបោះពួយរត់ទៅមុខយ៉ាងលឿន បម្រុងនឹងបើករត់គេចតែត្រូវសមត្ថកិច្ចតាមទាន់ក៏ទុករថយន្តចោល តៃកុងរត់គេចខ្លួនបាត់ស្រមោល ។
ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានសហការ ជាមួយនឹងជំនាញទាក់ទងទៅខាងចរាចរណ៍ក្រុង ឱ្យចុះមកធ្វើការវាស់វែង និងធ្វើកំណត់ហេតុ យករថយន្តនិងម៉ូតូទៅរក្សាទុករង់ចាំដោះស្រាយនៅពេលក្រោយ ៕ដោយ៖ សា មេត