ភ្នំពេញ៖ ក្រុមហ៊ុន ស៊ីងហ្គាពួរ មេឌីខល សេនធ័រ និងក្រុមហ៊ុន លី ហួរ គ្រុប នៅល្ងាចថ្ងៃទី ២៩ ខែកញ្ញា ឆ្នាំ២០២០ បានចុះហត្ថលេខាលើអនុស្សារណៈយោគយល់ លើកិច្ចសហប្រតិបត្តិការ ផ្តល់សេវាវេជ្ជសាស្ត្រ ជូនដល់បុគ្គលិកក្រុមហ៊ុន លី ហួរ គ្រុប ប្រមាណ២ពាន់នាក់ ដោយឥតគិតថ្លៃ ដែលគិតជាទឹកប្រាក់ប្រមាណ ៣០ម៉ឺនដុល្លារ ពីមូលនិធិលីហួរ។
ពិធីចុះហត្ថលេខានេះ ធ្វើឡើងក្រោមវត្តមានរបស់លោកឧកញ៉ា លី ហួរ ប្រធាននាយកប្រតិបត្តិ និងលោក ឧកញ៉ា សៀ ឫទ្ធី ប្រធាននាយកប្រតិបត្តិនៃមណ្ឌលវេជ្ជសាស្ត្រ ដោយមានការចូលរួមពីថ្នាក់ដឹកនាំជាន់ខ្ពស់របស់ក្រុមហ៊ុនទាំងពីរ។
ក្រុមហ៊ុន លី ហួរ គ្រុប តែងលើកទឹកចិត្តបុគ្គលិក ក្នុងការឧបត្ថម្ភជាថវិការពិនិត្យសុខភាពដោយ មិនគិតថ្លៃ ការឧបត្ថម្ភជូនបុគ្គលិកដែលមានជីវភាពខ្វះខាត តាមរយៈការបង្កើតមូលនិធិ លី ហួរ គ្រុប។ ក្រុមហ៊ុន លី ហួរ គ្រុប មានក្រុមហ៊ុនជាសមាជិកចំនួន៨ ដូចជា៖ ១)ក្រុមហ៊ុន លី ហួរ អ៊ិចឆេង ខូអិលធីឌី, ២)ក្រុមហ៊ុន លី ហួរ ផនសប ខូអិលធីឌី, ៣)ក្រុមហ៊ុនបុរី វិមានភ្នំពេញ, ៤)ក្រុមហ៊ុន ទេពី អាក្រូ វិនិយោគ ខូអិលធីឌី, ៥)ធនាគារអេសប៊ីអាយ លី ហួរ, ៦)ក្រុមហ៊ុន លី ហួរ លីស៊ីង ភីអិលស៊ី, ៧)ក្រុមហ៊ុន លី ហួរ ផេប្រ៉ូ ភីអិលស៊ី, ៨)ក្រុមហ៊ុន លី ហួរ អ៊ិនសួរេន ម.ក, ដែលមានបុគ្គលិកសរុបទាំងអស់ប្រមាណជា ២ពាន់នាក់។
គួរបញ្ជាក់ថា ការចុះហត្ថលេខាលើអនុស្សរណៈយោគយល់ រវាងក្រុមហ៊ុន លី ហួរ គ្រុប និងក្រុមហ៊ុន ស៊ីងហ្គាពួរ មេឌីខល សេនធ័រ គឺជាការបង្ហាញពីកិច្ចសហការ ក្នុងការផ្តល់ជូននូវអត្ថប្រយោជន៏មួយក្នុងចំណោម អត្ថប្រយោជន៏ផ្សេងទៀតរបស់ក្រុមហ៊ុន លី ហួរ គ្រុប សម្រាប់ជាកាដូរដល់បុគ្គលិកដែលកំពុងបម្រើការងារក្នុងក្រុមហ៊ុន ហើយក៏ជាផ្នែកមួយក្នុងការទាក់ទាញបុគ្គលិក ឆ្នើម ក្នុងបរិបទនៃទីផ្សារប្រគួតប្រជែងក្នុងប្រទេសកម្ពុជា។
ស៊ីងហ្គាពួរ មេឌីខល សេនធ័រ គឺជាមណ្ឌលវេជ្ជសាស្ត្រដំបូងគេក្នុងប្រទេសកម្ពុជា មានទីតាំងនៅក្នុងអាគារ The Bridge Mall ជាន់ទី 3A ជាប់ស្ថានទូតអូស្ត្រាលី និងជិតផ្សារទំនើបអ៊ីអ័ន១ ដែលបានសហការជាមួយនឹង ក្រុមវេជ្ជបណ្ឌិតឯកទេសសិង្ហបុរីមកពី FeM Surgery Group នៃមន្ទីរពេទ្យ Mount Elizabeth ហើយមណ្ឌល វេជ្ជសាស្ត្រនេះ ផ្តល់សេវាកម្មវេជ្ជសាស្ត្រដល់អតិថិជនយើងរួមមាន៖ ការពិនិត្យសុខភាព ឯកទេសជំងឺទូទៅ ឯកទេសសុខភាពស្ត្រី មជ្ឈមណ្ឌលផ្នែករូបភាពវេជ្ជសាស្ត្រ ការពិគ្រោះជំងឺតាមប្រព័ន្ធឌីជីថល និងការវះកាត់ទូទៅ ជាមួយវេជ្ជបណ្ឌិតឯកទេសសិង្ហបុរី ។ក្រៅពីមានជំនាញខាងផ្តល់សេវាកម្មផ្នែកវេជ្ជសាស្ត្រ ស៊ីងហ្គាពួរ មេឌីខល ជឿជាក់យ៉ាងមុតមាំថា ការលើកកម្ពស់ចំណេះដឹងផ្នែកសុខភាពក្នុងចំណោមក្រុមហ៊ុននិយោជក និងសាធារណជន ពិតជាមានសារសំខាន់។ ការការពារ និងការផ្លាស់ប្តូរឥរិយាបទនៃការរស់នៅគឺជាជំហានដំបូង និងជាមូលដ្ឋានគ្រឹះ ដើម្បីទទួលបានសុខភាពល្អប្រសើរ៕
ដោយ៖CEN