ខេត្តស្វាយរៀង៖នៅថ្ងៃទី ២៩ ខែ កញ្ញា ឆ្នាំ ២០២០ នៅទីស្នាក់ការសាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង បានធ្វើពិធីចេញលទ្ធផលឆ្នោតវត្ថុអនុស្សាវរីយ៍លើកទី ២៦ ក្នុងគោលបំណង ដើម្បីរកនូវប្រភពធនធានសម្រាប់ទ្រទ្រង់នូវសកម្មភាពមនុស្សធម៌សម្រាប់ជួយសង្គ្រោះដល់ប្រជាពលរដ្ឋ ដែលរងគ្រោះដោយសារគ្រោះមហន្តរាយផ្សេងៗ និងដើម្បីផ្សងសំណាងត្រូវរង្វាន់បានតាមរយៈការជាវសន្លឹកឆ្នោត ។ ពេលនៃការលក់សន្លឹកឆ្នោតមានរយៈពេល ៣០ ថ្ងៃតាមការបែងចែកទៅតាម ស្រុក ក្រុង ។
ពិធីនេះបានការអញ្ជើញចូលរួមពីលោកស្រី ហៅ ច័ន្ទសិរីទេពី ចៅ ភិរុណ អនុគណៈកម្មាធិការសាខា ព្រមទាំងលោក លោកស្រីតាមមន្ទីរនានាជុំវិញខេត្ត និង ប្រជាពលរដ្ឋយ៉ាងច្រើនកុះករ ។
មុនចេញលទ្ធផលឆ្នោតលោកស្រី ហៅ ច័ន្ទសិរីទេពី ចៅ ភិរុណ បានមានប្រសាសន៍ថា ក្នុងរយៈពេលជាង ១០ ឆ្នាំកន្លងទៅ នេះជាលើកទី ២៦ ហើយដែលសាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង បានដំណើរការចេញលទ្ធផលឆ្នោតវត្ថុអនុស្សាវរីយ៍ ដោយផ្អែកតាមយុទ្ធសាស្ត្រនៃវិស័យស្នូលទាំង ៤ នៃកាកបាទក្រហមកម្ពុជា ដែលសេវាកម្មលក់សន្លឹកឆ្នោតផ្តល់ជារង្វាន់វត្ថុអនុស្សវរីយ៍លើកទឹកចិត្ត ការធ្វើវិភាគទានតាមរយៈការជាវសន្លឹកឆ្នោត ដើម្បីរួមចំណែកសកម្មភាពមនុស្សធម៌ ជួយដល់ជនរងគ្រោះមហន្តរាយដោយគ្រោះធម្មជាតិ និងទីទ័លក្រនៅតាមសហគមន៍ ។ ហើយក្នុងនាមគណៈកម្មាធិការសាខា សូមសំដែងនូវការអបអរសាទរ និង វាយតម្លៃខ្ពស់ចំពោះឯកឧត្តម លោកជំទាវ លោក លោកស្រី ប្រិយមិត្តជិតឆ្ងាយទាំងអស់ ដែលកន្លងមកក៏ដូចជាបច្ចុប្ប្នន្នតែងតែបានជួយគាំទ្រក្នុងការជាវសន្លឹកឆ្នោត ក្នុងគោលបំណងចូលរួមចំណែកធ្វើវិភាគទានតាមលទ្ធភាពទោះតិចឬច្រើនក្តីជា ឆន្ទៈផ្ទាល់ខ្លួនសម្រាប់ទ្រទ្រង់សកម្មភាពមនុស្សធម៌ផង និងផ្សងសំណាងយករង្វាន់ផងដែលនេះជាកាយវិការដ៏ល្អប្រពៃគួរឲ្យកោតសរសើរ និងមានមោទនភាពណាស់ពីសាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង ដែលជានិច្ចជាកាលបានអនុវត្តន៍តាមមគ្គទេសដឹកនាំដ៍ឧត្តុង្គឧត្តមរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងបានការយកចិត្តទុកដាក់ពី គណៈកម្មាធិការសាខា ដែលបានដាក់ចេញក្នុងផែនការយុទ្ធសាស្ត្រ ការអភិវឌ្ឈន៍ធនធាន បង្កើតការស្វែងរកប្រភពចំណូលផ្សេងៗទាក់ទងទៅនឹងតម្រូវការជាក់ស្តែងស្របតាមសកម្មភាពមនុស្សធម៌ បានជាសាខារកឃើញ និងដំណើរការដែលទទួលបានជោគជ័យនូវការបោះពុម្ភ និងលក់សន្លឹកឆ្នោត ជាលទ្ធផលប្រយោជន៍រង្វាន់ត្រូវបានទៅលើអតិថិជនមានសំណាង និងថវិកាដែលទទួលបានពីសេវាកម្មនេះសម្រាប់ផ្តល់ជូនទៅអនុសាខាទាំង ៨ ក្រុង ស្រុក ដើម្បីប្រើប្រាស់ក្នុងការឆ្លើយតបដល់ជនរងគ្រោះមហន្តរាយនៅតាមសហគមន៍របស់ខ្លួន ។
ជាលទ្ធផលរង្វាន់ធំរថយន្ត KIA Morning ស៊េរី ២០០៧ បានទៅលើប្រជាពលរដ្ឋនៅស្រុកកំពង់រោទិ៍ ១ គ្រឿង មួយគ្រឿងទៀតបានទៅលើប្រជាពលរដ្ឋនៅស្រុករមាសហែក រង្វាន់ម៉ូតូកង់បី ១ គ្រឿងបានទៅបុគ្គលិកធនាគារជាតិ ម៉ូតូ HONDA WAVE 100 ស៊េរី ២០២០ បានទៅលើប្រជាពលរដ្ឋនៅក្រុងស្វាយរៀង ១ គ្រឿង មួយគ្រឿងទៀតបានទៅលើប្រជាពលរដ្ឋនៅស្រុករំដួល និងរង្វាន់មួយចំនួនទៀតត្រូវបានមកបើកជាបន្តបន្ទាប់ នៅសាខា ៕ដោយ៖ វ៉ៃកូ