ភ្នំពេញ៖ ថ្ងៃទី 28 ខែកញ្ញា ឆ្នាំ២០២០ ក្រុមហ៊ុន ព្រូដិនសលកម្ពុជា បានបរិច្ចាគសម្ភារសុវត្ថិភាព ដែលមានគុណភាពខ្ពស់នូវម៉ាស់ 3M N95 ចំនួន ១២៥០០ ម៉ាស់ និង ជេលលាងដៃគុណភាពខ្ពស់ ចំនួន១២០០ដប ដល់ក្រសួងសុខាភិបាល ដើម្បីជួយការពារមន្ត្រីសុខាភិបាលដែលបម្រើការជួរមុខ ក្នុងរាជធានី-ខេត្ត ទូទាំងប្រទេស ដែលជាមន្ទីរពេទ្យទទួលព្យាបាលជំងឺកូវីដ-១៩។
ពិធីប្រគល់សម្ភារសុវត្ថិភាពនេះ ត្រូវបានរៀបចំឡើងកាលពីថ្ងៃទី ២៨ ខែកញ្ញា ក្រោមអធិបតីភាព ឯកឧត្តមសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ដ្រីក្រសួងសុខាភិបាល និងអគ្គនាយកចាត់តាំង ក្រុមហ៊ុន ព្រូដិនសលកម្ពុជា លោក Sanjay Chakrabarty។
ក្រសួងសុខាភិបាល បានសំដែងការស្វាគមន៍ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះជំនួយមនុស្សធម៌របស់ក្រុមហ៊ុន ដែលបញ្ជាក់នូវវប្បធម៌នៃការចែករំលែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីជំរុញវិធានការពារ ទប់ស្កាត់ និងឆ្លើយតបការរាលត្បាតនៃជំងឺកូវីដ១៩ ឲ្យបានកាន់តែមានប្រសិទ្ធិភាព។
ឯកឧត្តមសាស្ត្រាចារ្យ ម៉ម ប៊ុនហេង មានប្រសាសន៍ថា៖ «វិស័យឯកជនបានជួយបរិច្ចាគបរិក្ខាពេទ្យ មធ្យោបាយដឹកជញ្ជូន និងថ្នាំបាញ់សម្លាប់មេរោគ។ នេះគឺជាកាយវិការមនុស្សធម៌ល្អមួយ ដែលបានចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។»
ការបរិច្ចាគពីសំណាក់ក្រុមហ៊ុនឯកជននានា រាប់បញ្ចូលទាំងក្រុមហ៊ុនព្រូដិនសលកម្ពុជា នាពេលនេះផង គឺជាការរួមចំណែកធំនៅក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩។ រហូតមកទល់នឹងពេលនេះ យើងទទួលបានជោគជ័យក្នុងការទប់ទល់នឹងការរីករាលដាលនៃជំងឺនេះ ប៉ុន្តែយើងត្រូវតែបន្តប្រុងប្រយ័ត្ន និងបន្តកិច្ចខិតខំប្រឹងប្រែងក្នុងការទប់ស្កាត់ជំងឺឆ្លងនេះតទៅទៀត”។
លោក Sanjay Chakrabarty មានប្រសាសន៍ថា៖ «នៅ ព្រូដិនសលកម្ពុជា បេសកកម្មចម្បងរបស់យើង គឺជួយការពារអតិថិជន និងសហគមន៍របស់យើងប្រឆាំងនឹងព្រឹត្តិការណ៍ដែលមិនបានរំពឹងទុក។ ស្របជាមួយបេសកកម្មរបស់យើង យើងជួយការពារមន្ត្រីសុខាភិបាលជួរមុខ តាមរយៈការផ្ដល់នូវសម្ភារការពារខ្លួនដែលមានគុណភាពខ្ពស់។ ការបរិច្ចាគនេះគឺជាគំនិតផ្ដួចផ្ដើមមួយក្នុងចំណោមគំនិតផ្ដួចផ្ដើមជាច្រើនផៀត ដែលយើងបានដាក់ចេញក្នុងឆ្នាំនេះ ដើម្បីជួយដល់អ្នកពាក់ព័ន្ធរបស់យើង។ ឧទាហរណ៍ យើងបានចូលរួមក្នុងសម្ព័ន្ធធានារ៉ាប់រងប្រឆាំងនិងជំងឺកូវីដ-១៩ ដើម្បីជួយផ្តល់ការការពាផ្នែកហិរញ្ញវត្ថុដល់អ្នកដំណើរមកកាន់ប្រទេសកម្ពុជា ដោយមិនចាំបាច់បារម្ភលើការចំណាយផ្នែកវេជ្ជសាស្ត្រ។ យើងបានដាក់ចេញនូវវិធានការណ៍ជំនួយសង្គ្រោះបន្ទាន់ប្រឆាំងជំងឺកូវីដ-១៩ ដើម្បីជួយដល់អតិថិជនរបស់យើង ដែលមានបញ្ហាលំបាកផ្នែកហិរញ្ញវត្ថុ។ យើងក៏បានបន្ថែម និងពង្រីកវិសាលភាពនៃការការពាររបស់យើងសម្រាប់អតិថិជន និងបុគ្គលិករបស់យើងផងដែរ។ យើងសូមកោតសរសើរចំពោះវិធានការឆ្លើយតប ប្រឆាំងនិងការរីករាលដាលនៃជំងឺកូវីដ-១៩របស់រាជរដ្ឋាភិបាលកម្ពុជា ហើយមកដល់ពេលនេះ យើងនៅតែបន្តគាំទ្រដល់ក្រសួងនានា និងក្រុមអង្គការសង្គមស៊ីវិល ក្នុងការបន្តប្រយុទ្ធប្រឆាំងនឹងជំងឺនេះ។»
ការបរិច្ចាគនេះ គឺជាផ្នែកមួយនៃមូលនិធិ ព្រូដិនស៍ ដែលមានទឹកប្រាក់ ២.៥ លានដុល្លារ សហរដ្ឋអាមេរិក ដែលមូលនិធិនេះត្រូវបានបែងចែកទៅតាមប្រទេសដែលជាទីផ្សារ របស់ក្រុមហ៊ុន ព្រូដិនសល ក្នុងគោលដៅគាំទ្រដល់គម្រោងមនុស្សធម៌ និងសហគមន៍ ដើម្បីដោះស្រាយផលប៉ះពាល់ភ្លាមៗពីជំងឺរាតត្បាតនេះ ក៏ដូចជាដោះស្រាយផលវិបាកផ្នែកសង្គម និងសេដ្ឋកិច្ចដែលកើតចេញពីជំងឺនេះ។
ទន្ទឹមនឹងនេះ ក្រុមហ៊ុន ព្រូដិនសលកម្ពុជា នឹងបរិច្ចាគមូលនិធិមួយចំនួនទៀតដែលបានមកពីមូលនិធិព្រូដិនស៍ ដែលជាដៃគូអភិវឌ្ឍន៍សហគមន៍របស់ក្រុមហ៊ុនព្រូ ដិនសល ក្នុងទ្វីបអាស៊ី និងអាហ្វ្រិកដើម្បីគាំទ្រដល់អង្គការដៃគូមិនរកប្រាក់ចំណូលនានា សម្រាប់កិច្ចការរបស់អង្គការទាំងនោះ ក្នុងការសម្រាលផលប៉ះពាល់ពីសំណាក់ជំងឺរាតត្បាតនេះមកលើសហគមន៍នានាក្នុងប្រទេសកម្ពុជា។
មូលនិធិព្រូដិនស៍ បានអនុវត្តគម្រោងមួយចំនួនផងដែរនៅក្នុងប្រទេសកម្ពុជា ដែលមានបំណងលើកកម្ពស់ការអប់រំ សុខភាព និងសុវត្ថិភាព ចាប់តាំងពីក្រុមហ៊ុន ព្រូដិនសលកម្ពុជា បានចាប់ផ្ដើមប្រតិបត្តិការអាជីវកម្មរបស់ខ្លួនក្នុងប្រទេសកម្ពុជានៅក្នុងឆ្នាំ ២០១៣ មក។
ក្នុងនោះរួមមានកម្មវិធីអប់រំហិរញ្ញវត្ថុសម្រាប់កុមារ ឆា-ឈីង (Cha-Ching Money Smart Kids) សហការជាមួួយក្រសួងអប់រំ យុវជន និង កីឡា តាមរយៈអង្កការ សិទ្ធកុមារ (Child Right Foundation); កម្មវិធីជំហានសុវត្ថិភាព (SAFE STEPS) ដែលផ្ដល់ព័ត៌មានសំខាន់ៗឲ្យសាធារណជនបានដឹងអំពីសុវត្ថិភាពនៅតាមដងផ្លូវ និងការត្រៀមលក្ខណៈសម្រាប់គ្រោះមហន្តរាយធម្មជាតិជាដើម; កម្មវិធី អំណាន ដំបូង (First Read) ដែលជាកម្មវិធីអប់រំកុមារតូច សហការជាមួយអង្គការសង្គ្រោះកុមារ (Save the Children) កម្នវិធី សាលារៀនសុវត្ថិភាព សហការជាមួយអង្គការ ផ្លែន អន្តរជាតិ (Plan International) និងកម្មវិធីជាច្រើនផ្សេងទៀតទាក់ទងនឹងសុខភាព អប់រំ និងហិរញ្ញវត្ថុ ជាដើម។ គម្រោងទាំងអស់នេះទទួលបានការទ្រទ្រង់ពីសំណាក់បុគ្គលិកក្រុមហ៊ុនព្រូដិនសលកម្ពុជា ដែលស្ម័គ្រចិត្តចំណាយពេលវេលា និងកម្លាំងកាយចិត្ត ដើម្បីធានាថា គម្រោងនេះទទួលបានលទ្ធផល និងប្រសិទ្ធភាពក្នុងកម្រិតអតិបរមា។
អំពីក្រុមហ៊ុនព្រូដិនសលកម្ពុជា
ក្រុមហ៊ុន ព្រូដិនសល (ខេមបូឌា) ឡាយហ្វ៍ អឹសួរ៉ិនស៍ ម.ក (ហៅកាត់ថា ព្រូដិនសលកម្ពុជា) បានចាប់ផ្តើមប្រតិបត្តិការរបស់ខ្លួននៅ ខែមករា ឆ្នាំ ២០១៣។ តាមរយៈការផ្តល់ជូននូវដំណោះស្រាយ នៃសេវាធានារ៉ាប់រងអាយុជីវិតដែល ស្របតាមតម្រូវការអតិថិជន ក៏ដូចជាការធ្វើសិក្ខាសាលានានា ស្តីពីសេវាធានារ៉ាប់រងអាយុជីវិតទៅកាន់សាធារណជន ព្រូដិនសលកម្ពុជា បាននិងកំពុងជួយប្រជាជនកម្ពុជា ក្នុងការការពារ និងគ្រប់គ្រងហិរញ្ញវត្ថុសម្រាប់ថ្ងៃអនាគតរបស់ពួកគាត់។ ក្រុមហ៊ុន ព្រូដិនសលកម្ពុជា ជាក្រុមហ៊ុនបុត្រសម្ព័ន្ធទាំងស្រុងនៃ ក្រុមហ៊ុន ព្រូដិនសល ភីអិលស៊ី (Prudential Plc) ដែលមានមូលដ្ឋាននៅចក្រភពអង់គ្លេស។ ក្រុមហ៊ុន ព្រូដិនសល មានយន្តការចែកចាយដ៏ជោគជ័យ និងច្រើនរូបភាពក្នុងការផ្តល់ជូននូវឱកាសក្នុងការការការពារ និងសន្សំជូនអតិថិជនរបស់ខ្លួន។
ក្រុមហ៊ុន ព្រូដិនសល ភីអិលស៊ី (Prudential Plc) ជាក្រុមហ៊ុនអន្តរជាតិផ្នែកសេវាកម្មហិរញ្ញវត្ថុ ដែលបច្ចុបន្នកំពុងបម្រើសេវាធានារ៉ាប់រងដល់អតិថិជនជាង ២៤ លាននាក់នៅទូទាំងពិភពលោក ហើយមានទ្រព្យសម្បត្តិ ៨២៥ ពាន់លានដុល្លារអាមេរិក ដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់ក្រុមហ៊ុនផ្ទាល់ (គិតត្រឹមថ្ងៃទី ៣០ ខែមិថុនាឆ្នាំ ២០១៧)។ ក្រុមហ៊ុន ព្រូដិនសល ភីអិលស៊ី មិនមានទំនាក់ទំនងជាមួយ ក្រុមហ៊ុន ព្រូដិនសល ហិរញ្ញវត្ថុ (Prudential Financial) ជាក្រុមហ៊ុនដែលមានទីតាំងអាជីវកម្មធំបំផុតរបស់ខ្លួន នៅសហរដ្ឋអាមេរិក។
អំពីមូលនិធិព្រូដិនស៍
មូលនិធិព្រូដិនស៍ គឺជាមូលនិធិអភិវឌ្ឍន៍សហគមន៍របស់ ក្រុមហ៊ុនព្រូដិនសល នៅអាស៊ី និងអាហ្វ្រិក។ បេសកកម្មរបស់មូលនិធិ គឺធានានូវអនាគតរបស់សហគមន៍ តាមរយៈការលើកកម្ពស់ការអប់រំ សុខភាព និងសុវត្ថិភាព។ មូលនិធិនេះអនុវត្តកម្មវិធីថ្នាក់តំបន់ ក៏ដូចជាកម្មវិធីប្រចាំទីផ្សាររបស់ក្រុមហ៊ុនព្រូដិនសលមួយចំនួនទៀត ដោយសហការជាមួយអង្គការក្រៅរដ្ឋាភិបាល រដ្ឋាភិបាល និងវិស័យឯកជន ដើម្បីបង្កើនឥទ្ធិពលជាវិជ្ជមានពីកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួន។ មូលនិធិព្រូដិនស៍ ប្រើប្រាស់ទស្សនៈវិស័យវែងឆ្ងាយ និងភូមិសាស្ត្រអាជីវកម្មរបស់ក្រុមហ៊ុនព្រូដិនសល ដើម្បីធ្វើឱ្យសហគមន៍ទាំងនោះ កាន់តែមានសុខសុវត្ថិភាព និងភាពធន់មាំជាងមុន។ មូលនិធិនេះគឺជាអង្គការសប្បុរសធម៌ ដែលបានចុះបញ្ជីនៅទីក្រុងហុងកុង។
សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់ www.prudencefoundation.com៕
ដោយ:CEN