បាត់ដំបង ៖ បុរសម្នាក់ប្រដាប់ដោយអាវុធខ្លី១ដើម បានគំរាមទារប្រាក់ពីជនរងគ្រោះដែលរកស៊ីផ្ទេរប្រាក់ទ្រូម៉ានីកាលពីវេលាម៉ោង ៣រសៀល ថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០១៨ នៅត្រង់ចំណុចផ្ទះផ្ទេរប្រាក់ទ្រូម៉ាន់នី ហួត សុវណ្ណារឹទ្ធ ស្ថិតក្នុងភូមិដាំស្ពៃ សង្កាត់ស្លាកែត ក្រុងបាត់ដំបង ខេត្តបាត់ដំបង។
ករណីប្លន់ប្រដាប់អាវុធនៅផ្ទះផ្ទេរប្រាក់ទ្រូម៉ានី បង្កឡើងដោយជនសង្ស័យម្នាក់ អាយុប្រហែល ២០ ឆ្នាំ មានភិនភាគសម្បុរស មុខវែង ចង្កាព្រែក សក់ត្រង់បាស់ លាបពណ៌ក្រហម-លឿង កម្ពស់ប្រហែល ១,៧០ម៉ែត្រ ពាក់អាវយឺត ពណ៌ទឹកក្រូចដៃខ្លី ជិះម៉ូតូ ១ គ្រឿង ម៉ាក MIO ពណ៌ស ប្រដាប់ដោយអាវុធខ្លី ១ ដើម មិនស្គាល់ម៉ាក បានធ្វើសកម្មភាពយកអាវុធដាក់លើតុគំរាមទារប្រាក់ពីជនរងគ្រោះឈ្មោះ សុខ ស្រីនឿន ភេទស្រី អាយុ ៣១ឆ្នាំ មុខរបរ លក់ដូរ រស់នៅចំណុចកើតហេតុខាងលើ ពុំបានសម្រេច រួចក៏ជិះម៉ូតគេចខ្លួនបាត់ ។
បើតាមការអះអាងពីស្ត្រីរងគ្រោះ សុខ ស្រីនឿន បាននិយាយថា ជននេះបានដើរចូលមកសុំដកប្រាក់តាមរយៈទ្រូម៉ានី ដែលមានចំនួន២៥លានរៀល។ នៅពេលដែលម្ចាស់ផ្ទះសួររកលេខកូដ បែរជាជននេះ ឆ្លើយថាអត់មានទេ ព្រមទាំងបានដកកាំភ្លើងខ្លី មិនដាក់នៅលើតុខាងមុខជនរងគ្រោះ ហើយស្ត្រីរងគ្រោះបាននិយាយសម្រួលថា បើចង់បានប្រាក់ ចាំខ្ញុំទូរស័ព្ទឲ្យបងយកមកឲ្យព្រោះលុយវាច្រើន។ ជនសង្ស័យបានសួរថាទៅស្ត្រីរងគ្រោះថា បងប្រុសនៅឯណា ហើយគាត់ធ្វើអ្វី? ស្ត្រីរងគ្រោះម្ចាស់ផ្ទះបានឆ្លើយថា គាត់ នៅខាងក្រោយផ្ទះ ហើយគាត់ជាមន្ត្រីប៉េអឹម ។ សុខ ស្រីនឿន បានបញ្ជាក់ថា គ្រាន់តែឮពាក្យបងធ្វើមន្ត្រីប៉េអឹមភ្លាមជនសង្ស័យបានដើរតម្រង់ទៅម៉ូតូ ហើយជិះចេញទៅបាត់។ បន្ទាប់ពីកើតហេតុ សមត្ថកិច្ចបានចុះស្រាវជ្រាវ និងស្វែងរកចាប់ខ្លួនជនល្មើស ៕ ដោយ៖បញ្ញាស័ក្តិ