ភ្នំពេញ ៖ បញ្ហាប្រឈមខ្លាំងរបស់រាជធានីភ្នំពេញសព្វថ្ងៃនេះគឺបញ្ហាកកស្ទះចរាចរណ៍ ហើយដើម្បីដោះស្រាយបញ្ហានេះអោយបានប្រសើរឡើង អាជ្ញាធររាជធានីភ្នំពេញ តែងតែរកគ្រប់វិធីសាស្ត្រ ដើម្បីដោះស្រាយក្នុងនោះមានទាំងវិធានការរៀបចំចិញ្ចើមផ្លូវ និងវិធានការចំពោះរថយន្តធំមិនអោយចូលក្នុងរាជធានីភ្នំពេញជាដើម។ ប៉ុន្តែទោះបីជាយ៉ាងណាក្តីបញ្ហានេះនូវតែដោះស្រាយមិនបានជោគជ័យដែរ។
ដោយមើលឃើញពីបញ្ហាប្រឈមដដែលជាដដែលនេះទើបរដ្ឋបាលរាជធានីភ្នំពេញ ក្រោមការដឹកនាំរបស់លោកឃួង ស្រេង ជាអភិបាលនៅព្រឹកថ្ងៃទី៩ កុម្ភៈនេះបានកោះហៅអាជ្ញាធរនិងកងកម្លាំងសមត្ថកិច្ចមកប្រជុំបញ្ហាហាមរថយន្តធំចូលក្រុងជាថ្មីម្តងទៀត។
គួររំលឹកផងដែរថា កាលពី៤ឆ្នាំមុន រដ្ឋបាលរាជធានីភ្នំពេញក៏បានវិធានការក្នុងការហាមរថយន្តធំមិនអោយចូលក្រុងផងដែរ។ ប៉ុន្តែវិធានការនេះនៅតែទទួលបរាជ័យ ហើយការបរាជ័យនោះត្រូវគេបានមើលឃើញថា ផ្តើមចេញកត្តាតែមួយគត់ នោះគឺបញ្ហាអាជ្ញាធរនិងកម្លាំងសមត្ថកិច្ចយកលុយពីរថយន្តធំៗទាំងអស់នេះជាថ្នូរនៃការអនុញ្ញាតឲ្យរថយន្តធំៗចូលក្រុងពេលថ្ងៃ ។
គេមិនដឹងថា ការបើកកិច្ចប្រជុំលើបញ្ហាហាមរថយន្តធំចូលក្រុងលើកនេះទទួលបានជោគជ័យឬយ៉ាងណានោះទេ។ ប៉ុន្តែគេជឿជាក់ថា បើអាជ្ញាធរ កម្លាំងសមត្ថកិច្ចទាំងអស់បញ្ឈប់ការយកលុយពីរថយន្តធំៗទាំងអស់នេះជាថ្នូរនៃការអនុញ្ញាតិអោយរថយន្តធំៗចូលក្រុងពេលថ្ងៃទៀត នោះការងារនេះនឹងទទួលបានជោគជ័យជាក់ជាមិនខាន៕ ដោយ៖កូឡាប