ខេត្តកំពង់ចាម ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងក្នុងពិធីបើកការដ្ឋាន សាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គ តភ្ជាប់ទឹកដីនៃខេត្តកំពង់ចាម ទៅខេត្តត្បូងឃ្មុំនៅថ្ងៃសុក្រ ទី៩ ខែកុម្ភៈ ឆ្នាំ២០១៨នេះថានឹងបន្តធ្វើជានាយករដ្ឋមន្ត្រីដឹកនាំប្រទេស១០ឆ្នាំតទៅទៀត ដោយសម្តេចមិនធ្វើតាមលោកសម រង្ស៊ី ដែលបបួលសម្តេចតេជោថា នៅអាយុ៦៥ឆ្នាំ ឈប់ធ្វើនយោបាយ។
សម្តេចតេជោ ហ៊ុន សែន បានប្រតិកម្មចំពោះលោក សម រង្ស៊ី ដែលបានបបួលសម្តេចឈប់ធ្វើនយោបាយនៅអាយុ ៦៥ឆ្នាំ។ សម្តេចតេជោថ្លែងថា សម្តេចមិនល្ងង់តាមនោះទេ ហើយព្រោះតែមិនល្ងង់នេះហើយទើបសម្តេចបានដឹកនាំប្រទេសរហូតមក
សម្តេចតេជោ ហ៊ុន សែន បានប្រកាសដាច់ណាត់ថា មានសម្តេច គឺគ្មានវត្តមានលោក សម រង្ស៊ី នោះឡើយ។ បើតាមសម្តេចតេជោការប្រកាសដាក់ចេញការតាំងចិត្តបែបនេះ គឺធ្វើតាមលោក សម រង្ស៊ី ដែលបានប្រកាសកាលពី១០ឆ្នាំមុនថា មានស៊ី ត្រូវអត់សែន ហើយបើមានសែន គឺត្រូវអត់ស៊ី។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ពីព្រោះច្បាស់ណាស់ថា ខ្ញុំនឹងបន្តដឹកនាំប្រទេស១០ឆ្នាំតទៅមុខទៀត ដើម្បីធ្វើជានាយករដ្ឋមន្ត្រី ហើយអាម្សៀឯង (សមរង្ស៊ី) ដែលបបួលគ្នា ថា៦៥ឆ្នាំ ឈប់ធ្វើ អាម្សៀឯង ធ្វើខ្លួនឯងទៅ កុំមកបបួល ខណៈពេលគេ កំពុងតែកាន់អំណាច ឯឯងកំពុងជាប់គុក មកបបួលលេងស្នើគ្នាម៉េចកើត ហើយឯងលេងខូចអីចឹង មិនដែលឈ្នះ ហើយតែងតែជាប់គុកជានិច្ច គឺជាប់គុកតាំងពីឪ ហើយជាប់ត្រកូលក្បត់ជាតិសោះដល់កូន មកបបួលឯងលេងស្នើ អាម្សៀនេះ ចិត្តបានហើយឆ្លាត”៕ ដោយ៖បញ្ញាស័ក្តិ