ស្តេចប្រដាល់លំដាប់ពិភពលោក Manny Pacquiao បានប្រាប់ឲ្យដឹងថា ការប្រកួតមួយរវាងរូបលោក និងជើងខ្លាំងទាំងក្រៅ និងក្នុងទ្រុង Conor McGregor កំពុងដំណើរការហើយ។ លោកក៏បានបញ្ជាក់ថា ប្រាក់ចំណូលទាំងអស់ដែលបានមកពីការប្រកួតនេះ គឺនឹងត្រូវផ្តល់ជូនដល់អ្នកដែលរងផលប៉ះពាល់ដោយជំងឺ Covid-19 នៅក្នុងប្រទេសហ្វីលីពីន។
សូមបញ្ជាក់ថា កំពូលជើងខ្លាំងទី១របស់ហ្វីលីពីនរូបនេះ បានប្រកាសការប្រកួតនេះនៅលើបណ្តាញ Twitter របស់លោក កាលពីថ្ងៃទី២៥ ខែកញ្ញា កន្លងទៅនេះ។ ចំណែកកីឡាករ McGregor វិញ ត្រូវបានដកស្រង់សម្តីដោយនិយាយថា គាត់នឹងប្រឈមមុខជាមួយ Many Pacquiao នៅឆ្នាំក្រោយនេះ នៅឯប្រទេសមជ្ឈឹមបូព៌ា។
សារព័ត៌មាន Nextshark បានដកស្រង់សម្តីលោក Jayke Joson ជាជំនួយការរបស់ Pacquaio ដោយនិយាយថា៖ «ដើម្បីជាប្រយោជន៍ដល់ជនរងគ្រោះហ្វីលីពីនពីវិបត្តិ Covid-19 ទាំងអស់ នោះសមាជិកសភាលោក Manny Pacquaio នឹងត្រូវប្រយុទ្ធជាមួយកំពូលជើងខ្លាំង UFC កីឡាករ Conor McGregor នៅឆ្នាំក្រោយនេះ»។
លោកបន្ថែមថា៖ «ចំណែកដ៏ធំនៃប្រាក់ចំណូលរបស់គាត់ នឹងត្រូវផ្តល់ទៅដល់អ្នកដែលរងផលប៉ះពាល់នៅទូទាំងប្រទេស ដោយសារជំងឺរាតត្បាតនេះ»។
ទោះយ៉ាងណា មិនទាន់មានកាលបរិច្ឆាទផ្លូវការណាមួយ ត្រូវបានកំណត់នៅឡើយទេ ប៉ុន្តែ គេសង្ឃឹមថា ការប្រកួតនេះនឹងត្រូវធ្វើឡើងនៅចុងខែធ្នូ ឬ ដើមខែមករា ឆ្នាំក្រោយ ២០២១៕ ដោយ៖ លឹម ហុង (ប្រភព៖ worldofbuzz)