Sunday, January 12, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឥណ្ឌា​បន្ត​គាំទ្រ​កម្ពុជា​លើ​វិស័យ​ជាច្រើន​ទៀត មាន​ទាំង​សេដ្ឋកិច្ច អប់រំ វប្បធម៌​

លោកស្រី ម៉ា​នី​កា ជេ​ន (Manika Jain) ឯកអគ្គរដ្ឋទូត​ថ្មី នៃ​សាធារណរដ្ឋ​ឥណ្ឌា​ប្រចាំ​នៅ​កម្ពុជា បាន​ជម្រាបជូន សម្តេច​អគ្គ​មហា​ពញាចក្រី ហេង សំរិន​ថា ប្រទេស​ឥណ្ឌា​បាន​ជួយ​គាំទ្រ​ការអភិវឌ្ឍ​នៅ​កម្ពុជា ជា​ច្រើន​វិស័យ និង​ជា ច្រើន​ឆ្នាំ​មកហើយ​។ ឥណ្ឌា​នៅ​បន្ត​ជួយ​គាំទ្រ​ចំពោះ​កម្ពុជា​ទៅ​មុខ​ទៀត ដើម្បី​ចំណងមិត្តភាព និង​ផលប្រយោជន៍​នៃ​ប្រទេស និង​ប្រជាជន​ទាំងពីរ​។​

​លោកស្រី ម៉ា​នី​កា ជេ​ន បាន​ចូល​សម្តែង​ការគួរសម សម្តេច​ប្រធានរដ្ឋសភា នា​ព្រឹក​ថ្ងៃទី​៩ ខែ​កុម្ភៈ ឆ្នាំ​២០១៨​នេះ នៅ​វិមាន​រដ្ឋ​សភា​។ នៅក្នុង​ឱកាស នោះ ទាំង​សម្តេច​ប្រធានរដ្ឋសភា និង​លោកស្រី​ឯកអគ្គរដ្ឋទូត បានលើកឡើង​ពី​ចំណងមិត្តភាព និង​កិច្ចសហប្រតិបត្តិកា​ររ​វាង​កម្ពុជា​-​ឥណ្ឌា ដែល​មាន​តាំងពី​យូរ​មក​ហើយ​។ ឥណ្ឌា​ជា​ប្រទេស​មួយ​ដែល​បាន​ជួយ​គាំទ្រ​កម្ពុជា​នៅ​ក្រោយ​ឆ្នាំ​១៩៧៩ ហើយ​ជំនួយ​របស់​ប្រទេស​ឥណ្ឌា បាន​ចូលរួម ចំណែក​កសាង​សុខសន្តិភាព និង​ការអភិវឌ្ឍ​នៅ​កម្ពុជា​រហូតមក​ដល់​ពេល​សព្វថ្ងៃនេះ​។ នេះ​ជា​ការគូសបញ្ជាក់​របស់ សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន​។​

​លោកស្រី ម៉ា​នី​កា ជេ​ន បាន​ជម្រាប​សម្តេច​ពី​គម្រោង​ជាច្រើន​ដែល​ប្រទេស​ឥណ្ឌា​បាន​ជួយ​កម្ពុជា និង​បន្ត​ជួយ​ទៅ​ថ្ងៃ​អនាគត​ទៀត នៅក្នុង​នោះ​មាន ផ្នែក​ការអប់រំ គឺ​ការផ្តល់​អាហារូបករណ៍​ដល់​សិស្ស និស្សិត​កម្ពុជា បាន​ទៅ​សិក្សា​នៅ​ប្រទេស​ឥណ្ឌា​។ ការផ្តល់​វគ្គ​អប់រំ​បណ្តុះបណ្តាល​កិច្ចការ​យោធា​។ ការជួសជុល​ថែទាំ​ប្រាសាទ​បុរាណ និង​ការផ្តល់​ហិរញ្ញវត្ថុ​សម្រាប់​ការគ្រប់គ្រង​ធនធាន​ទឹក វិស័យ​ឯកជន និង​ការងារ​សង្គមកិច្ច​ជាដើម​។​

​លោកស្រី​ឯកអគ្គរដ្ឋទូត​បាន​មានប្រសាសន៍​បន្ត​ថា កម្ពុជា​និង​ឥណ្ឌា​បាន​គាំទ្រ​គ្នា​ទៅវិញទៅមក​នៅលើ​ឆាក​អន្តរជាតិ ទាំង​ក្នុង​តំបន់​និង​ពិភពលោក​។ លោកស្រី​ក៏​បាន​លើកឡើង​ពី​លទ្ធផល​ដ៏​ត្រចះត្រចង់ នៃ​ដំណើរ​ទស្សនកិច្ច​របស់ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា ទៅកាន់​ប្រទេស​ឥណ្ឌា​កាលពី​ចុង​ខែ​មករា​ឆ្នាំ​២០១៨​កន្លង​ទៅ​ថ្មីៗ​នេះ​ថា នៅក្នុង​ដំណើរ​ទស្សនកិច្ច​នោះ​ប្រមុខ​ដឹកនាំ​កម្ពុជា និង​ឥណ្ឌា បាន​ចុះ​អនុ​ស្សរ​- ណៈ​ជាមួយគ្នា​ជា​ច្រើន​ចំនុច​សុទ្ធសឹង​ជា​ផលប្រយោជន៍​សម្រាប់​ប្រទេស​និង​ប្រជាជន​នៃ​ប្រទេស​ទាំង​ពីរ​។ ពិសេស​ការជំរុញ​អ្នកវិនិយោគទុន​ឥណ្ឌា​មក​បណ្តាក់​ទុក​នៅ​កម្ពុជា​ឲ្យបាន​ច្រើនឡើង​។​

​សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន បាន​មានប្រសាសន៍ថា ក្នុងនាម​រដ្ឋ​សភា​កម្ពុ​ជា សម្តេច​មាន​ការពេញចិត្ត ដោយ​សង្កេត​ឃើញ​ពី​វឌ្ឍនភាព នៃ​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​រវាង​ប្រទេស​ទាំង​ពីរ កម្ពុជា​-​ឥណ្ឌា មាន​ការរីកចម្រើន​ឥតឈប់ឈរ ទាំង​វិស័យ​នយោបាយ​ការទូត សេដ្ឋកិច្ច ពាណិជ្ជកម្ម សង្គមកិច្ច វប្បធម៌ អប់រំ សុខាភិបាល និង​ការអភិវឌ្ឍ​ធនធានមនុស្ស ។​

​ប្រធាន​រដ្ឋសភា​បាន​អបអរសាទរ និង​វាយ​តំលៃ​ខ្ពស់​ចំពោះ​លទ្ធផល​ដ៏​ត្រចះត្រចង់ នៃ​ដំណើរ​ទស្សនកិច្ច​របស់​សម្តេច​អគ្គមហាសេនាបតី​តេជោ នាយក រដ្ឋ​មន្ត្រី​កម្ពុជា​នៅ​សាធារណរដ្ឋ​ឥណ្ឌា កាលពី​ចុង​ខែ​មករា​កន្លងមកនេះ​។ សម្តេច​ពញា​ចក្រី​បាន​គូសបញ្ជាក់ថា “​ខ្ញុំ​សង្ឃឹមថា ក្នុង​អាណត្តិ​ការទូត​ថ្មី​នេះ លោកជំទាវ​នឹង​បន្ត​ជម្រុញ​លើកកម្ពស់​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​លើ​វិស័យ​ពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ សុខាភិបាល ព័ត៌មានវិទ្យា (​អាយ​ធី​) ឲ្យ​កាន់តែ​មាន​សន្ទុះ​ខ្លាំងក្លា​ថែម​ទៀត​។ ក្នុងនោះដែរ ស្នើ​សុំ​លោក​ជំទាវ​ជួយ​ជម្រុញ​ឲ្យមាន​ការតភ្ជាប់​ការហោះហើរ​ត្រង់​ពី​ឥណ្ឌា​មក​កម្ពុជា ដើម្បី​លើក កម្ពស់​វិស័យ ពាណិជ្ជកម្ម វិនិយោគ និង​ទេសចរណ៍​ពី​ឥណ្ឌា​មក​កម្ពុជា​ឲ្យបាន​ខ្លាំងក្លា​”​។​

​ជា​ចុងក្រោយ សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន បាន​សំណូមពរ​ដល់​លោកជំទាវ​ឯកអគ្គរដ្ឋទូត ជួយ​ជំរុញ​ការហោះហើរ​ត្រង់​រវាង​កម្ពុជា និង​ឥ​ណា្ឌ​ឲ្យបាន​ដំណើរការ​ក្នុងពេលឆា​ប់ៗ​នេះ ដើម្បី​ផ្សាភ្ជាប់​ទំនាក់ទំនង​សេដ្ឋកិច្ច ទេសចរណ៍ រវាង​ប្រទេស​ទាំង​ពីរ​ឲ្យ​កាន់តែ​មាន​ភាពងាយស្រួល ឡើង​។​

​សំណូមពរ​នេះ លោកស្រី​ម៉ា​នី​កា ជេ​ន បាន​ទទួលយក​និង​បាន​វាយតម្លៃ​ថា ពិតជា​មាន​តម្លៃ​ធំធេង​ណាស់​សម្រាប់​ប្រទេស​ទាំង​ពីរ​។ លោកស្រី​បាន​ជម្រាបជូន​សម្តេច​ថា នឹង​ខិតខំ​ជំរុញ​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​ដ៏​ល្អ​នៃ​ប្រទេស​ទាំង​ពីរ​ដែល​មាន​ស្រាប់​ឲ្យ​កាន់តែ​រឹងមាំ​ថែម​ទៀត​៕​ ដោយ​៖​បញ្ញា​ស័ក្តិ​

×