Thursday, October 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ទុក្ខ​ជាន់​ទុក្ខ​! លោកគ្រូ​ម្នាក់​ខំ​ទៅ​បង្រៀន​សិស្ស​តែ​ភ្លៀង​ធ្លាក់​ខ្លាំងពេក អត់​មាន​សិស្ស​មក​រៀន ត្រឡប់មកផ្ទះ​វិញ ត្រូវ​ទឹក​ហូរ​គួច​យក​ម៉ូតូ​ទៅ​បាត់ (​វីដេអូ​)

​នេះ​គឺជា​ខណៈពេល​ដ៏​រន្ធត់​មួយ ក្រោយពី​បានឃើញ​លោកគ្រូ​បង្រៀន​វ័យក្មេង​ម្នាក់ បាន​ត្រូវ​ប៉ែល​ប៉ោល​កណ្តាល​ព្រៃ​ស្ងាត់​តែឯង បន្ទាប់ពី​ម៉ូតូ​របស់គាត់​ត្រូវ​ទឹក​ហូរ​គួច​យកទៅ​បាត់ នៅត្រង់ចំណុច​ផ្លូវទឹក​ហូរ​យ៉ាងខ្លាំង​មួយកន្លែង នៅក្នុង​ខេត្តមណ្ឌលគិរី​។​

​ហេតុការណ៍​នេះ ត្រូវបាន​ដឹងថា​បានកើត​ឡើង​កាលពី​វេលា​ម៉ោងជាង​២​រសៀល​ថ្ងៃទី​២ ខែតុលា ឆ្នាំ​២០២០ នៅ​ឃុំ​មេ​ម៉​ង់ ស្រុក​កែវ​សីមា ខេត្ត​មណ្ឌល​គី​រី គឺ​ស្រប​ពេលដែល​លោកគ្រូ​រូបនោះ​បាន​កំពុងធ្វើដំណើរ​វិលត្រឡប់​ទៅកាន់​ផ្ទះ​របស់គាត់​វិញ បន្ទាប់ពី​ទៅដល់​សាលា​អូរ​តាំង​ឡាំង ពុំ​ឃើញ​មានកូន​សិស្ស​មក​រៀន ដោយសារតែ​ភ្លៀង​ធ្លាក់​ខ្លាំងពេក​។​

​នេះ​បើ​យោងតាម​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ វ៉ាន់ កុសល ដែល​ត្រូវបាន​គេ​ដឹងថា​ជា​គ្រូបង្រៀន​ស្រុកស្រែ​ម្នា​ក់នៅ​តំបន់​ដាច់ស្រយាល​មួយកន្លែង នៅក្នុង​ខេត្តមណ្ឌលគិរី បាន​បង្ហោះ​វីដេអូ​ខ្លួន​កំពុង​ប៉ែល​ប៉ោល​កណ្តាល​ព្រៃ​តែឯង ខណៈ​ម៉ូតូ​ត្រូវ​ទឹក​ហូរ​គួច​ទៅ​បាត់ និង​បានបង្ហាញ​អារម្មណ៍​ទុក្ខសោក​ជាមួយ​សំណេរ​ដ៏​គួរ​ឲ្យ​ស្រណោះ​ថា​៖ «​តើ​មាន​អ្នក​ណាយ​ល់ពី​អារម្មណ៍​មួយ​នេះ ទុក្ខ​ជាន់​លើ​ទុក្ខ​។ មក​បង្រៀន​ទាំង​ភ្លៀង​តែ​មកដល់​សាលា​គ្មាន​សិស្ស​មក​។ ត្រឡប់មកផ្ទះ​វិញ​ទឹក​ហូរ​គួច​យក​ម៉ូតូ​បាត់ កុំ​តែ​ស្រ​វេ​ស្រ​វ៉ា​ទាន់ កុំ​អី​បាន​ហូបបាយ​បិណ្ឌ​មិន​ខាន​ទេ​។ នេះហើយ​គ្រូ​មិនមែន​ស៊ី​តែ​ប្រាក់ខែ​ស្រួលៗ​ដូច​គេ​និយាយ​ទេ​»​។​

​ដោយឡែក មហាជន​នៅលើ​បណ្តាញ​សង្គម​វិញ បានបង្ហាញ​នូវ​អារម្មណ៍រ​ខ្លោចចិត្ត និង​ក្តី​អាណិតអាសូរ​យ៉ាងខ្លាំង បន្ទាប់ពី​បានឃើញ​វីដេអូ និង​រូបភាព​ទាំងនេះ​៕ ដោយ​៖ លឹម ហុង​


×