បន្ទាយមានជ័យ៖អាជ្ញាធរខេត្តបន្ទាយមានជ័យចាប់ផ្តើមធ្វើ ការជួសជុលស្ថាបនាចាក់កៅស៊ូ DBST លើកំណាត់ផ្លូវភ្ជាប់ពីសង្កាត់ព្រះពន្លា ទៅសង្កាត់ភ្នៀតក្រុងសិរីសោភ័ណប្រវែងជាង ១៣គី ឡូម៉ែត្រ ដែលទទួលរងការខូចខាតឱ្យមានភាពល្អប្រសើរវិញ ដើម្បីបម្រើដល់ការធ្វើចរាចរណ៍ ការដឹកជញ្ជូនកសិផលរបស់ប្រជាពលរដ្ឋ ក្នុងតំបន់បានងាយ ស្រួល និងយូរអង្វែង ។
ថ្លែងក្នុងពីធីបើកការដ្ឋានជួសជុលផ្លូវនេះលោកអ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យបានឱ្យដឹងថា ការស្ថាបនាផ្លូវកៅស៊ូចំនួន១៣គីឡូម៉ែត្រ ពីសង្កាត់ព្រះពន្លាទៅសង្កាត់ភ្នៀត ក្នុងក្រុងសិរីសោភ័ណនេះ ជាគម្រោងថវិការបស់រដ្ឋបាលខេត្តឆ្នាំ២០២០ ។
ក្នុងគម្រោងនេះជាជំហានដំបូងនេះការស្ថាបនាចាក់កៅស៊ូDBSTមានប្រវែង៤.២០០ម៉ែត្រនិងចាក់ក្រួស ៨.៨០០ម៉ែត្រ នៅឆ្នាំបន្ទាប់នឹងស្ថាបនាឱ្យរួចរាល់ជាផ្លូវកៅស៊ូទាំង ១៣គីឡូម៉ែត្រ ។
លោកបានឱ្យដឹងទៀតថា ផ្លូវ១ខ្សែដែលក្រុមការងារកំពុងធ្វើសកម្មភាពជួសជុល នេះជាលក្ខណៈបន្ទាន់ពិតជាមានសារៈប្រយោជន៍ក្នុងការតភ្ជាប់រវាងទីក្រុងទៅកាន់ជនបទ ដើម្បីឆ្លើយតបទៅតាមសំណូមពរប្រជាពលរដ្ឋដែលចង់បានផ្លូវល្អស្អាត ក្នុងការធ្វើដំណើរទៅ មកបានលឿននោះ។
លោក អ៊ុំ រាត្រី បានក្រើនរម្លឹកដល់ប្រជាពលរដ្ឋដែលរស់នៅតាមដងផ្លូវ ដែលធ្វើការ ជួសជុលនេះ មេត្តាចូលរួមទាំងអស់គ្នាជួយបង្កលក្ខណៈងាយស្រួលដល់ក្រុមជំនាញកំពុងធ្វើ ផ្លូវនេះបានលឿន ហើយត្រូវចូលរួមជួយថែទាំផ្លូវ ដែលបានជួសជុលហើយនេះ ឱ្យនៅប្រើ ប្រាស់បានយូរអង្វែង។
ជាមួយនេះដែរឯកឧត្តមក៏បានអំពាវនាវទៅកាន់ប្រជាពលរដ្ឋទាំងអស់គ្នា ត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោក ឱ្យបានខ្ជាប់ខ្ជួនដើម្បីចៀសវាងការគ្រោះថ្នាក់ដល់អាយុជីវិត៕
ដោយ៖CEN