ខេត្តព្រះសីហនុ៖ រដ្ឋបាលខេត្តព្រះសីហនុ បានរៀបចំកិច្ចប្រជុំបន្ទាន់មួយ កាលពីរសៀលថ្ងៃ ៩រោជ ឆ្នាំរកានព្វសក័ព.ស២៥៦១ត្រូវនឹងថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០១៨ ដើម្បីចាត់តាំងមន្ត្រីជំនាញឲ្យចុះអនុវត្ត បទបញ្ជា របស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ស្តីអំពីការបញ្ឈប់លែងឲ្យមានរថយន្តកាត់តកែឆ្នៃតទ្រុងខុសបច្ចេកទេស ឬរថយន្តដឹកផ្ទុកលើសទម្ងន់ ធ្វើសកម្មភាពចរាចរណ៍នៅលើដងផ្លូវសាធារណៈ ទូទាំងប្រទេសកម្ពុជាទៀតទេ។
នៅក្នុងកិច្ចប្រជុំនេះដឹកនាំដោយ លោក ឈិន សេងងួន អភិបាលរងខេត្តព្រះសីហនុ ដោយមានវត្តមានមន្ត្រីមានសមត្ថកិច្ច មកពីមន្ត្រីមន្ទីរអង្គភាពជំនាញ និងផ្នែកពាក់ពន្ធ័ នៃរដ្ឋបាលខេត្តព្រះសីហនុជាច្រើនរូបចូលរួម។
នាឱកាសនោះ លោក ឈិន សេងងួន បានដកស្រង់ប្រសាសន៍ សម្តេច ហ៊ុន សែន មកបញ្ជាក់ ជូនមន្ត្រីជំនាញស្ថាប័នពាក់ព័ន្ធ នៅក្នុងអង្គប្រជុំថា « ចាប់ពី០ ម៉ោងថ្ងៃទី ១០ ខែកុម្ភៈ ឆ្នាំ២០១៨ ឬបាននយ័ថា ចាប់ពីក្រោយម៉ោង ១២យប់ថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០១៨តទៅ ចំពោះ រថយន្តដឹកលើសទម្ងន់ និងរថយន្តកាត់តកែឆ្នៃទាំងអស់ បើឃើញ គឺត្រូវចាប់ទុកទាំងអស់ និងថាបើមានឃើញបើកបរនៅខេត្តណា ឬស្រុកណា ចៅហ្វាយខេត្ត ចៅហ្វាយស្រុកនោះ ត្រូវទទួលខុសត្រូវ»។
ចំពោះបទបញ្ជាខាងលើនេះ លោក ឈិន សេងងួន ថ្លែងក្នុងអង្គប្រជុំថា រដ្ឋបាលខេត្តព្រះសីហនុ នឹងចាត់តាំងឲ្យមន្ត្រីនៅតាមស្ថាប័នជំនាញ នៅតាមផ្នែកនីមួយៗ ត្រូវរួមសហការគ្នាចុះអនុវត្តបទបញ្ជា របស់ប្រមុខដឹកនាំ ឲ្យមានប្រសិទ្ធភាព និងត្រូវដាក់កម្លាំងចម្រុះ ចុះសហការជាមួយអជ្ញាធរ និងផ្នែកជំនាញពាក់ព័ន្ធចុះត្រួតពិនិត្យតាមមូលដ្ឋាន និងតាមដងផ្លូវសាធារណៈនានា នៅទូទាំងខេត្តព្រះសីហនុឲ្យបានជាប្រចាំ។ លោ ឈិន សេងងួន សង្កត់ធ្ងន់ថា ក្នុងករណីរកឃើញរថយន្តប្រភេទខាងលើ នៅបន្តធ្វើចរាចរណ៍ល្មើស នៅតាមដងផ្លុវ សមត្ថកិច្ច ត្រូវឃាត់រថយន្តទាំងនោះ ដើម្បីបញ្ជូនមកចាត់វិធានការតាមផ្លូវច្បាប់ដោយពុំមានការលើកលែងទៀតទេ៕ ដែន សីមា