បាត់ដំបង៖ ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង បានជំរុញ និងអំពាវនាវដល់គ្រប់មជ្ឈដ្ឋានទាំងអស់ ត្រូវធ្វើការបំផុសស្មារតីការទុកដាក់សំរាម ឲ្យបានត្រឹមត្រូវថែមទៀត និងសម្អាតអនាម័យជាប្រចាំ ដើម្បីឲ្យក្រុងបាត់ដំបងបន្តទទួលផ្ការំដួល៣ទង និងបន្តតំណែងទីក្រុងស្អាតក្នុងតំបន់អាស៊ាន ខណៈបញ្ហាសំរាមនៅតែជាកង្វល់មួយរបស់អាជ្ញាធរខេត្ត ដែលវាបានធ្វើឲ្យមានការប៉ះពាល់ដល់បរិស្ថានជុំវិញ ។
ការលើកឡើងបែបនេះ ក្នុងឱកាសអញ្ជើញចូលរួមទិវាពិភពលោកស្អាតលើកទី៣ នៅថ្ងៃទី៥ខែសីហា ឆ្នាំ២០២០។
ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង បានមានប្រសាសន៍ថាប្រជាពលរដ្ឋទាំងអស់ ពិសេសអ្នកនៅក្នុងក្រុងបាត់ដំបង ត្រូវវេចខ្ចប់និងទុកដាក់សំរាមឲ្យបានល្អ មិនត្រូវបោះសំរាមចោលផ្ដេសផ្ដាស់ ពាសវាលពាសកាលតាមទីសាធារណៈ ហើយចំពោះក្រុមហ៊ុនក៏ត្រូវប្រមូលឲ្យបានទៀតទាត់ តាមការសន្យារបស់ខ្លួន។
ឯកឧត្តម ងួន រតនៈ បានអំពាវនាវដល់ប្រជាពលរដ្ឋនិងមន្ត្រីរាជការ ត្រូវបន្តចូលរួមក្នុងការថែទាំឬសម្អាតបរិស្ថាន ពិសេសនៅទីសាធារណៈ ក្នុងក្រុងបាត់ដំបង ដើម្បីឲ្យទីក្រុងមានភាពស្រស់ស្អាត។សំរាមត្រូវបានដាក់ក្នុងធុសសំរាមឲ្យបានត្រឹមត្រូវ ដែលសកម្មភាពនេះ នឹងបង្ហាញពីឥរិយាបថល្អរបស់ពលរដ្ឋក្នុងខេត្ត ពាក់ព័ន្ធការទុកដាក់សំរាមនេះ ហើយវាក៏ជាឱកាសសម្រាប់ខេត្ត ក្នុងការបន្តទទួលនូវផ្ការំដួល៣ទង ពីរាជរដ្ឋាភិបាល ក្នុងព្រឹត្តិការណ៍ប្រកួតប្រជែងទីក្រុងស្អាតទូទាំងប្រទេសនៅឆ្នាំបន្ទាប់។
ក្នុងយុទ្ធនាការបោសសម្អាតបរិស្ថានប្រជាពលរដ្ឋ លើកឡើងថា ពួកគាត់ប្ដេជ្ញាចូលរួមជាមួយអាជ្ញាធរខេត្ត ក្នុងការងារថែរក្សាអនាម័យនេះ ព្រោះកាលណាបរិស្ថានស្អាត វាបានជួយឲ្យមានសុខភាពល្អ ហើយមួយទៀត នៅពេលខេត្តស្អាត វាមិនត្រឹមតែអ្នករស់នៅក្នុងខេត្តបាត់ដំបងផ្ទាល់នោះទេ ដែលពេញចិត្ត សូម្បីតែភ្ញៀវទេសចរណ៍ក៏ពេញចិត្ត មានអារម្មណ៍ល្អពេលមកដើរកម្សាន្តក្នុងខេត្តផងដែរ ។
គួរបញ្ជាក់ថា ខេត្តបាត់ដំបង កាលពីឆ្នាំ២០១៨ ក្នុងព្រឹត្តិការណ៍ប្រកួតប្រជែងទីក្រុងស្អាតទូទាំងប្រទេស បានទទួលផ្ការំដួល៣ទង ពីរាជរដ្ឋាភិបាល ហើយធ្លាប់ទទួលបានជ័យលាភីទីក្រុងស្អាតអាស៊ាន ហើយបច្ចុប្បន្នខេត្តនៅភូមិភាគពាយព្យមួយនេះ ក៏មានឈ្មោះជាទីក្រុងវៃឆ្លាតក្នុងតំបន់ផងដែរ ៕ ដោយ ៖ អ៊ុង សារុំ