ភ្នំពេញ៖ ឯកឧត្តម គង់ វិបុល ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជា អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ បានឱ្យដឹងថា រដ្ឋនឹងពុំមានការប្រងើយកន្តើយនោះឡើយចំពោះការប្រមូលពន្ធលើដីធ្លីទុកទំនេរចោល ហើយការកែទម្រង់នៅក្នុងវិស័យដីធ្លីនេះ គឺចាំបាច់ត្រូវតែមាន ដោយនឹងរៀបចំឲ្យមានគម្រោងប្លង់មេត្រឹមត្រូវចំពោះដីធ្លី ដែលទុកទំនេរមិនបានប្រើប្រាស់ ដើម្បីធ្វើយ៉ាងណាទាញយកប្រភពចំណូលបន្ថែម គាំទ្រដល់កំណើនសេដ្ឋកិច្ច។
រាជរដ្ឋាភិបាលតាមរយៈក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នឹងនៅតែបន្តចំពោះការអនុវត្តការប្រមូលពន្ធលើដីធ្លី ដែលទុកទំនេរចោល មិនបានប្រើប្រាស់ រាប់ទាំងដីធ្វើពាណិជ្ជកម្ម និងឧស្សាហកម្ម។
បើយោងតាមការលើកឡើងរបស់ ឯកឧត្តម គង់ វិបុល បានឱ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជា បានគិតគូររួចហើយ បានកំណត់យកពន្ធលើដីធ្លីដែលមិនបានប្រើប្រាស់ តាំងពីឆ្នាំ២០០៦មកម្ល៉េះ ប៉ុន្តែ ការកែទម្រង់នៅក្នុងវិស័យដីធ្លី គឺចាំបាច់ត្រូវតែមានផងដែរ សម្រាប់ពេលបច្ចុប្បន្ន។
គួរបញ្ជាក់ផងដែរថា អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ ទទួលស្គាល់ថា ការអនុវត្តការប្រមូលពន្ធលើដីធ្លីមិនបានប្រើប្រាស់នេះកន្លងមក គឺមិនសូវទទួលបានភាពជោគជ័យប៉ុន្មានទេ ដោយសារតែការចុះបញ្ជីដីធ្លីមិនទាន់ស្ថិតនៅក្នុងប្រព័ន្ធនៅឡើយ ដែលជាហេតុធ្វើឲ្យអគ្គនាយកដ្ឋានពន្ធដារ ពិបាកស្វែងរកម្ចាស់ ដើម្បីមកបង់ពន្ធណាស់ ប៉ុន្តែពន្ធដារអាចប្រមូលយកពន្ធប្រភេទនេះបាន ទាល់តែដីដែលទំនេរនេះ មានការដោះដូរម្ចាស់ថ្មីតែប៉ុណ្ណោះ៕ ដោយ ៖ CEN