បាត់ដំបង ៖ ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង បានមានប្រសាសន៍ថា បន្ទាប់ពីជួបបញ្ហាអគ្គិភ័យឆេះតូប ក្រុមអាជីវកររងគ្រោះ បានស្នើដល់រដ្ឋបាលខេត្តបាត់ដំបង តាមរយៈអភិបាលក្រុង ជួយដោះស្រាយនូវសំណើធំៗចំនួន៣ គឺទី១ ជួយធ្វើតូបឡើងវិញ ទី២ ជួយទូទាត់សំណងរងការខូចខាតជាប្រាក់និងទី៣ គឺកុំយកថ្លៃតូបរយៈពេល ៥ឆ្នាំ ដើម្បីឆ្លើយតបនឹងតម្រូវការចាំបាច់ របស់ក្រុមអាជីវករនៅក្នុងផ្សារធំបាត់ដំបងឬហៅថាផ្សារណាត់ ដែលត្រូវអគ្គិភ័យឆាប់ឆេះតូបរបស់ពួកគាត់ កាលពីចុងខែសីហា ឆ្នាំ២០២០កន្លងទៅនោះ។
ការលើកឡើងនេះ ក្នុងជំនួបជាមួយក្រុមអាជីវករផ្សារណាត់ ដើម្បីរកដំណោះស្រាយជូនពួកគាត់ នៅរសៀលថ្ងៃទី៥ ខែតុលា ឆ្នាំ២០២០។
ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង បានមានប្រសាសន៍ថា បន្ទាប់ពីជួបបញ្ហាអគ្គិភ័យឆេះតូប ក្រុមអាជីវកររងគ្រោះបានស្នើដល់រដ្ឋបាលខេត្តបាត់ដំបង តាមរយៈអភិបាលក្រុង ជួយដោះស្រាយនូវសំណើធំៗចំនួន៣ ទី១. ជួយធ្វើតូបឡើងវិញ, ទី២. ជួយទូទាត់សំណង់រងការខូចខាត និងទី៣. គឺកុំយកថ្លៃតូបរយៈពេល ៥ឆ្នាំ។បច្ចុប្បន្នក្នុងចំណោមសំណើទាំង៣ រដ្ឋបាលខេត្តបាននិងកំពុងដោះស្រាយសំណើបានមួយ គឺការធ្វើតូប ដើម្បីឲ្យអាជីវករបានចូលលក់ដូរឡើងវិញ ប៉ុន្តែនៅបំណែកខ្លះ ដូចជាសសរផ្សារជាដើម ដែលត្រូវភ្លើងឆេះនោះ គឺត្រូវចាំការវាយតម្លៃពីក្រសួងជំនាញសិន ចំពោះសំណើ២ទៀត ខេត្តក៏បានបញ្ជូនទៅក្រសួងមហាផ្ទៃ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រួចរាល់ហើយដែរ ដោយកំពុងរងចាំការឆ្លើយតបពីក្រសួងទាំង២ ។ នៅក្នុងជំនួបនោះ ក្រៅពីសំណើធំៗទាំង៣ ក្រុមអាជីវករក៏បានស្នើនូវសំណើមួយចំនួនទៀត មានសុំកុំយកថ្លៃភាស៊ី ៥ឆ្នាំ កុំឲ្យយកថ្លៃភ្លើងអគ្គិសនី ៥ឆ្នាំ កុំឲ្យយកថ្លៃសន្តិសុខ ៥ឆ្នាំនិងជួយរៀបចំសណ្ដាប់ធ្នាប់ មានការតបណ្ដាញអគ្គិសនីឲ្យល្អ និងមានសុវត្ថិភាពជាងមុន តបណ្ដាទឹក ការដាក់ឧបករណ៍ពន្លត់អគ្គិភ័យ និងការដាក់ឧបករណ៍បំពងសម្លេង ដើម្បីខ្លាចមានបញ្ហាអ្វីកើតឡើងជាយថាហេតុ អាចប្រើប្រាស់ឧបករណ៍បំពងសំឡេងនោះ ផ្សព្វផ្សាយបានទាន់ពេលវេលា។
ឯកឧត្តម ងួន រតនៈ ក៏បានយល់ស្របនូវសំណើមួយចំនួន ប៉ុន្តែសំណើខ្លះ ត្រូវបាន ស្នើឲ្យក្រុមអាជីវករដោះស្រាយខ្លួនឯង ដូចជាបញ្ហាបង់ប្រាក់ឲ្យសន្តិសុខ ការបង់ថ្លៃភ្លើងនិងបញ្ហាភាស៊ី។
គួរបញ្ជាក់ថា កាលពីល្ងាចថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២០ អគ្គិភ័យបានឆាប់ឆេះផ្សារណាត់ នៅក្នុងក្រុងបាត់ដំបង បណ្ដាលឲ្យតូបលក់គ្រឿងទេស សម្លៀកបំពាក់ និងលក់ចានឆ្នាំងជាដើម ចំនួន៣៣តូប ខូចខាតទាំងស្រុង និង៤០តូបទៀត រងការខូចខាតមួយចំនួន ដោយបញ្ហាអគ្គិភ័យនេះ ធ្វើឲ្យខាតបង់ទ្រព្យសម្បត្តិអស់ជាង ៨០ម៉ឺនដុល្លារអាមេរិក ៕ ដោយ ៖ អ៊ុងសារុំ