ភ្នំពេញ៖ រដ្ឋសភាកាលពីម្សិលមិញ បានអនុម័តលើសេចក្តីព្រាងច្បាប់ស្តីពី «ការគ្រប់គ្រងល្បែងពាណិជ្ជកម្ម» ខណៈដែលព្រះមហាក្សត្របានចេញព្រះរាជសារមួយច្បាប់ថា ច្បាប់ទាំងឡាយដែលរដ្ឋសភាបានអនុម័ត គឺជាមាគ៌ាដ៏សំខាន់ចាំបាច់ សម្រាប់ស្ថាប័ននីតិប្រតិបត្តិ និងស្ថាប័នតុលាការប្រើប្រាស់ជាឧត្តមប្រយោជន៍។
អ្នកនាំពាក្យរដ្ឋសភា លោក ឡេង ប៉េងឡុង បានថ្លែងថា ក្នុងសម័យប្រជុំពេញអង្គនៃរដ្ឋសភាលើកទី ៥ នីតិកាលទី ៦ រដ្ឋសភាបានសម្រេចអនុម័តលើសេចក្តីព្រាងច្បាប់ស្តីពីការគ្រប់គ្រងល្បែងពាណិជ្ជកម្ម រួចរាល់ជាស្ថាពរហើយដោយគ្រោងនឹងដាក់ជូនទៅព្រឹទ្ធសភា ដើម្បីពិនិត្យបន្តទៀត។
លោកប៉េងឡុង បញ្ជាក់ថា៖ «នៅក្នុងសម័យប្រជុំពេញអង្គនៃរដ្ឋសភារបស់យើងនាថ្ងៃទី ៥ តុលានេះគឺគណៈកម្មការជំនាញនៃរដ្ឋសភាបានសម្រេចអនុម័តច្បាប់ហ្នឹងរួចរាល់ហើយ បន្ទាប់ពីមានការបកស្រាយពីមន្ត្រីជំនាញយើងអស់រយៈពេលជាច្រើនម៉ោង។ កិច្ចការបន្ទាប់ទៀតគឺយើងគ្រោងដាក់ជូនទៅព្រឹទ្ធសភាពិនិត្យបន្តទៀត ប៉ុន្ដែខ្ញុំមិនទាន់ដឹងបញ្ជូនទៅពេលណាទេ»។
សេចក្ដីព្រាងច្បាប់ត្រង់ជំពូកទី ១១ មាត្រា ៥២ បានចែងពីទណ្ឌកម្មចំពោះម្ចាស់អាជីវកម្មពាណិជ្ជកម្មដែលបានប្រព្រឹត្តផ្ទុយពីច្បាប់នេះ នឹងទទួលទណ្ឌកម្មដូចជាការព្រមានជាលាយលក្ខណ៍អក្សរ ការបញ្ឈប់សកម្មភាព ឬប្រតិបត្តិការអាជីវកម្ម ការព្យួរ ការដកហូត ឬការលុបចោល លិខិតអនុញ្ញាត ឬអាជ្ញាប័ណ្ណ ការផាកពិន័យ ទោសដាក់ពន្ធនាគារ និងទោសពិន័យជាប្រាក់។
បើតាមសេចក្ដីព្រាងច្បាប់ស្ដីពីពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកត្រង់មាត្រា ៥៦ បានឱ្យដឹងថា ការធ្វើប្រតិបត្តិការដោយគ្មានការអនុញ្ញាតត្រូវបញ្ឈប់សកម្មភាព ឬប្រតិបត្តិការអាជីវកម្ម និងត្រូវទទួលការផាកពិន័យជាប្រាក់មិនលើសពី ១០ លានរៀល ចំពោះបុគ្គលទាំងឡាយណាដែលប្រព្រឹត្តផ្ទុយនឹងបញ្ញត្តិនៃកថាខណ្ឌទី ១ នៃមាត្រា ២។ ក្នុងករណីធ្លាប់ទទួលរងនូវវិធានការដូចមានចែងក្នុងកថាខណ្ឌទី ១ ជាស្ថាពររួចហើយ ហើយបានប្រព្រឹត្តបទល្មើសដដែលនេះត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី ១ ទៅ ៣ ឆ្នាំ និងត្រូវពិន័យជាប្រាក់ពី ២ ទៅ ៦ លានរៀល។
ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ព្រះអង្គបានមានព្រះបន្ទូល តាមរយៈព្រះរាជសារមួយច្បាប់ដែលព្រះអង្គបានប្រទានសម្រាប់ការបើកសម័យប្រជុំពេញអង្គរដ្ឋសភាកាលពីថ្ងៃម្សិលមិញថា ច្បាប់ទាំងឡាយដែលរដ្ឋសភាបានអនុម័តគឺជាមាគ៌ាដ៏សំខាន់ចាំបាច់សម្រាប់ស្ថាប័ននីតិប្រតិបត្តិ និងស្ថាប័នតុលាការប្រើប្រាស់ជាឧត្តមប្រយោជន៍ក្នុងសកម្មភាពនៃការអនុវត្តតួនាទី និងភារកិច្ចរបស់ខ្លួនប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផលស្របទៅតាមសភាពជាក់ស្តែង និងសកលភាវូបនីយកម្ម។
ព្រះរាជសារបន្តថាក្រៅពីការតាក់តែងច្បាប់ ថ្នាក់ដឹកនាំរដ្ឋសភាគណៈកម្មការជំនាញទី ១០ នៃរដ្ឋសភា ព្រមទាំងសមាជិកសមាជិការដ្ឋសភាត្រូវបំពេញភារកិច្ចស្នូលរបស់ខ្លួនតាមមណ្ឌលដែលខ្លួនទទួលខុសត្រូវ ដើម្បីពិនិត្យតាមដាននូវប្រសិទ្ធភាពក្នុងការប្រតិបត្តិតួនាទីរបស់រាជរដ្ឋាភិបាល។
ក្នុងនោះសកម្មភាពសហការគ្នាយ៉ាងស្អិតល្មួតរវាងរដ្ឋសភា និងរាជរដ្ឋាភិបាលលើកិច្ចគាំពារសុខភាពសង្គម កំពុងត្រូវបានលើកស្ទួយយ៉ាងសកម្មគួរឱ្យកត់សម្គាល់ ដោយបានបង្កើតឱ្យមានកម្មវិធីជំនួយសង្គមជាច្រើន សំដៅផ្ដល់ជូនប្រជាពលរដ្ឋនូវអត្ថប្រយោជន៍ប្រកបដោយសមធម៌ និងប្រសិទ្ធភាព៕ដោយ៖CEN