ភ្នំពេញ ៖ ឧបការីរដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិក បានអះអាងថា អាមេរិក នឹងពិចារណា ក្នុងការដកចេញបំរាមទិដ្ឋាការដល់មន្ត្រីការទូតកម្ពុជា ដែលអាមេរិក ដាក់កន្លងមក ។ លោកឧបការីថ្លែងបែបនេះ យោងតាមសំណើរបស់សម្តេចក្រឡាហោម ស ខេង ដែលបានស្នើឲ្យអាមេរិក ពិចារណាក្នុងការដកបំរាម ចំពោះមន្ត្រីការទូតកម្ពុជា ចូលទឹកដីអាមេរិក ដែលអាមេរិកបានផ្អាកនាពេលកន្លងមក។
ក្នុងជំនួបកិច្ចប្រជុំដើម្បីពិភាក្សាការងារ នារសៀលថ្ងៃទី៩ខែកុម្ភៈ ឆ្នាំ២០១៨ នៅទីស្តីការក្រសួងមហាផ្ទៃ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានមានប្រសាសន៍ជម្រាបដល់ឧបការីរដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិកដោយ បានស្នើឲ្យអាមេរិកពិចារណា ក្នុងការដកបំរាម ចំពោះមន្ត្រីការទូតកម្ពុជាចូលទឹកដីអាមេរិក។
ឆ្លើយតបនឹងសំណើនេះ លោក ខាល រីសឆ៍ (CARL RISCH) ឧបការី រដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិក ទទួលបន្ទុកកិច្ចការកុងស៊ុល ថ្លែងថា អាមេរិកនឹងពិចារណា ក្នុងការដកចេញនូវបំរាមទិដ្ឋាការដល់មន្ត្រីការទូតកម្ពុជាដែលអាមេរិកដាក់កន្លងមក ។
សម្តេចក្រឡាហោម ស ខេង បានមានប្រសាសន៍ថា កម្ពុជាបានឯកភាព បន្តការធ្វើមាតុភូមិនិវត្តន៍ពលរដ្ឋកម្ពុជា ដែលបានប្រព្រឹត្តិបទល្មើស នៅសហរដ្ឋអាមេរិក មកកម្ពុជាវិញ តាមការស្នើរបស់អាមេរិក ដោយផ្អែកលើកិច្ចព្រមព្រៀង ដែលភាគីទាំងពីរ បានឯកភាពគ្នា កាលពីឆ្នាំ២០០២ និងឆ្នាំ២០០៣កន្លងមក ។ សម្តេចក្រឡាហោម ថាកម្ពុជាមិនដែលគេចវេស ក្នុងការទទួលពលរដ្ឋកម្ពុជា ដែលអាមេរិកនឹងបញ្ជូនមកទេ ប៉ុន្តែអ្វីៗត្រូវឆ្លងកាត់ការពិនិត្យឲ្យបានគ្រប់ជ្រុងជ្រោយ ។សម្ដេចក្រឡាហោម ក៏បានស្នើដល់ខាងភាគីសហរដ្ឋអាមេរិក ឲ្យបន្ដធ្វើយ៉ាងណា បង្កើនការគាំទ្រផ្នែកហរិញ្ញាវត្ថុ ទៅដល់ពលរដ្ឋកម្ពុជា ដែលត្រូវធ្វើមាតុភូមិនិវត្ដន៍ មកកម្ពុជាវិញ ឲ្យពួកគាត់មានលទ្ធភាព ក្នុងការកសាងជីវិតនៅកម្ពុជា និងអាចធ្វើសមាហរណ័កម្ម នៅក្នុងសង្គមកម្ពុជាវិញ ប្រកបដោយជោគជ័យ។
ជុំវិញនៃការស្នើរបស់សម្តេចក្រឡាហោមនេះ លោក ខាល រីសឆ៍ (CARL RISCH) បញ្ជាក់ថា បញ្ហានេះគឺទុកលទ្ធភាព ឲ្យក្រុមការងារភាគីទាំងពីរ ពិនិត្យពិភាក្សាគ្នាបន្ថែមទៀត ដើម្បីស្វែងរកចំណុចរួម និងភាពមិនចុះសម្រុងគ្នា និងបញ្ហាផ្សេងៗ ជុំវិញការបញ្ជូនត្រឡប់ពលរដ្ឋកម្ពុជា ដែលមានទោសនៅអាមេរិកមកកាន់កម្ពុជាវិញនេះ ។
សូមបញ្ជាក់ថា ស្ថានទូតសហរដ្ឋអាមេរិកនៅកម្ពុជា បានចេញប្រកាសនៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៧ ថា ចាប់ពីថ្ងៃទី១៣ ខែកញ្ញា ស្ថានទូតសហរដ្ឋអាមេរិកប្រចាំទីក្រុងភ្នំពេញនៃព្រះរាជាណាចក្រកម្ពុជានឹងផ្អាកលែងចេញទិដ្ឋាការប្រភេទB1 ប្រភេទB2 និងប្រភេទB1/B2 ដល់មន្ត្រីនៃក្រសួងការបរទេសកម្ពុជាដែលមានតួនាទីចាប់ពីថ្នាក់អគ្គនាយករហូតដល់ថ្នាក់ដឹកនាំកំពូលនៃក្រសួងនេះ និងសមាជិកក្រុមគ្រួសាររបស់ពួកគេ ដោយមានករណីលើកលែងតិចតួចប៉ុណ្ណោះ។
ដោយយោងតាមមាត្រា 243(d) នៃច្បាប់អន្តោប្រវេសន៍ និងសញ្ជាតិសហរដ្ឋអាមេរិក នៅពេលទទួលបានសំណើពីរដ្ឋមន្ត្រីក្រសួងសន្តិសុខមាតុភូមិថា មានប្រទេសមួយចំនួនបានបដិសេធមិនទទួលយក ឬប្រើប្រាស់ហេតុផលដែលមិនសមស្របដើម្បីពន្យារពេលទទួលយកពលរដ្ឋនៃប្រទេសរបស់ពួកគេវិញនោះ រដ្ឋមន្ត្រីការបរទេសអាមេរិកត្រូវបញ្ជាឲ្យមន្ត្រីកុងស៊ុលបញ្ឈប់លែងផ្តល់ទិដ្ឋាការរហូតទាល់តែរដ្ឋមន្ត្រីសន្តិសុខមាតុភូមិទទួលបានព័ត៌មានថា ប្រទេសដែលពាក់ព័ន្ធទាំងនោះបានយល់ព្រមទទួលយកពលរដ្ឋរបស់គេវិញហើយ។
ប្រសិនបើអ្នកស្ថិតនៅក្នុងក្រុមដែលត្រូវបានគេផ្អាកការចេញទិដ្ឋាការ ហើយអ្នកសម្រេចចិត្តដាក់ពាក្យសុំទិដ្ឋាការនោះ មន្ត្រីកុងស៊ុលនឹងសម្ភាសន៍អ្នក ប៉ុន្តែមិនអាចផ្តល់ទិដ្ឋាការជូនបានទេ រហូតទាល់តែការផ្អាកនោះត្រូវបានលើកលែង៕ ដោយ៖បញ្ញាស័ក្តិ