ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានចេញប្រកាសព័ត៌មាន ស្តីពី ភ្នាក់ងារគណបក្សនយោបាយដែលនឹងត្រូវសង្កេតការណ៍ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភានីតិកាលទី៤ ឆ្នាំ២០១៨ ដោយក្នុងនោះ គណបក្សនយោបាយ៤ បានដាក់ភ្នាក់ងារសង្កេតការណ៍ ទូទាំងរាជធានី-ខេត្ត ពេញសិទ្ធិចំនួន៧៥រូប ។
គ.ជ.ប. បានប្រកាសថា បន្ទាប់ពីផុតកំពត់ការទទួលពាក្យសុំចុះឈ្មោះភ្នាក់ងារគណបក្សនយោបាយ កាលពីថ្ងៃទី៦ខែកុម្ភៈ ឆ្នាំ២០១៨ ការិយាល័យកិច្ចការគណបក្សនយោបាយ និងអ្នកសង្កេតការណ៍ នៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ទទួលបានពាក្យសុំចុះឈ្មោះភ្នាក់ងារគណបក្សនយោបាយ ដើម្បីសង្កេតការណ៍ ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា មានចំនួន៤គណបក្ស ចំនួន៧៥រូប គឺគណបក្សប្រជាជនកម្ពុជា មាន៣៣រូប គណបក្សយុវជនកម្ពុជាមាន៤រូប គណបក្សរាជានិយមហ្វ៊ុនស៊ិនប៉ិចមាន២០រូប គណបក្សខ្មែររួបរួមជាតិមាន១៨រូប។ ចំណែកគណបក្សចំនួន៣បានដាក់ភ្នាក់ងារបម្រុង លើកលែងតែគណបក្សយុវជនកម្ពុជាគ្មានភ្នាក់ងារបម្រុង។
សេចក្តីប្រកាសរបស់ គ.ជ.ប បានឲ្យដឹងថា អនុលោមតាមប្រកាស ៧.១.១៧ នៃបទបញ្ជា និងនីតិវិធី សម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធភានីតិកាលទី៤ ឆ្នាំ២០១៨ គណបក្សនយោបាយដែលបានចុះបញ្ជីឈរឈ្មោះបោះឆ្នោត មានសិទ្ធិចាត់តាំងភ្នាក់ងាររបស់ខ្លួន២រូប ភ្នាក់ងារពេញសិទ្ធិ១រូប និងភ្នាក់ងារបម្រុង១រូប ដើម្បីសង្កេតមើលការបោះឆ្នោត និងការរាប់សន្លឹកឆ្នោត នៅតាមការិយាល័យបោះឆ្នោត ឬការិយាល័យរាប់សន្លឹកឆ្នោតនីមួយៗ នៅតាមរាជធានី-ខេត្ត នៃភូមិភាគដែលខ្លួនឈរឈ្មោះបោះឆ្នោត។
សូមជម្រាបថា ភ្នាក់ងារគណបក្សនយោបាយ គឺជាតំណាងដែលចាត់តាំងដោយគណបក្សនយោបាយ និងត្រូវបានអនុញ្ញាតដោយគណៈកម្មាធិការរាជធានី ខេត្តរៀបចំបោះឆ្នោត ដើម្បីសង្កេតមើលដំណើរការបោះឆ្នោត និងការរាប់សន្លឹកឆ្នោត ហើយពួកគាត់មានសិទ្ធិប្តឹងតវ៉ា ឬប្តឹងជំទាស់ នៅពេលមានភាពមិនប្រក្រតីណាមួយកើតឡើង។
ការបោះឆ្នោតព្រឹទ្ធសភា អាណត្តិទី៤ នឹងធ្វើឡើងនៅ ថ្ងៃអាទិត្យ ទី២៥ ខែកុម្ភៈ ឆ្នាំ២០១៨ ខាងមុខនេះ។ អាសនៈនៅក្នុងស្ថាប័នព្រឹទ្ធសភា ក្នុងអាណត្តិទី៤នេះ គឺមាន ចំនួន៦២អាសនៈ ដែលក្នុងនោះសមាជិកចំនួន៥៨រូប ត្រូវជ្រើសតាំងតាមរយៈ ការបោះឆ្នោតជាអសកល ដោយអង្គបោះឆ្នោត ជាសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ ក្នុងតំណែងបច្ចុប្បន្នសរុប ១១.៦៩៥នាក់ ខណៈដែលសមាជិក ព្រឹទ្ធសភាចំនួន២រូប ត្រូវចាត់តាំងដោយអង្គព្រះមហាក្សត្រ និងចំនួន២រូបជ្រើសតាំងដោយរដ្ឋសភា៕ ដោយ៖បញ្ញាស័ក្តិ