Wednesday, November 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រសួងពាណិជ្ជកម្ម​ពិនិត្យឡើងវិញ​លើ​បញ្ជី​មុខទំនិញ និង​ផលិតផល​ដែលមាន​សក្តានុព​ល​សម្រាប់​នាំចេញ​

​ភ្នំពេញ​៖ មន្ត្រីជាន់ខ្ពស់​នៃ​ក្រសួងពាណិជ្ជកម្ម ដឹកនាំ​កិច្ចប្រជុំ​លើក​ទី​២ ស្តីពី ការងារ​ជំរុញ​ផលិតកម្ម និង​នាំចេញ​ទំនិញ​ក្រោម​ក្របខ័ណ្ឌ​តំបន់ និង​ទ្វេភាគី​។ កិច្ចប្រជុំ​នេះ​ធ្វើឡើង​នៅ​ថ្ងៃទី​៦​ខែតុលា​ឆ្នាំ​២០២០ នៅ​ទីស្តីការ ក្រសួងពាណិជ្ជកម្ម​។​

​លោក ស៊ា​ង ថៃ រដ្ឋលេខាធិការ​ក្រសួងពាណិជ្ជកម្ម បាន​ដឹកនាំ​កិច្ចប្រជុំ​លើក​ទី​២ ស្តីពី​ការងារ​ជំរុញ​ផលិតកម្ម និង​ការនាំចេញ​ទំនិញ​ក្រោម​ក្របខ័ណ្ឌ​តំបន់ និង​ទ្វេភាគី ដើម្បី​ពិនិត្យឡើងវិញ​លើ​បញ្ជី​មុខទំនិញ និង​ផលិតផល​ដែលមាន​សក្តានុពល​រប​ស់​កម្ពុជា សម្រាប់​រៀបចំ​ផែនការ​ជំរុញ​ការនាំ​ចេញទៅ​ទីផ្សារ​អន្តរជាតិ​ក្រោម​ក្របខ័ណ្ឌ​តំបន់ និង​ទ្វេភាគី​។​

​កិច្ចប្រជុំ​នេះ​ធ្វើឡើង​ដើម្បី​ទាញយក​ផលប្រយោជន៍​ពី​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ដែលមាន​ស្រាប់ និង​កិច្ចព្រមព្រៀង ពាណិជ្ជកម្ម​សេរី ដែល​គ្រោង​នឹង​ចុះហត្ថលេខា​ជាមួយ​ដៃគូ​ទេ្វ​ភាគី និង​ពហុភាគី សំដៅ​លើកកម្ពស់​ផលិតកម្ម​ក្នុងស្រុក និង​ពង្រីក​ទីផ្សារ​នាំចេញ​។​

​លោក ស៊ា​ង ថៃ ប្រធាន​អង្គប្រជុំ​បានលើកឡើង​ពី​លទ្ធផល​ការងារ និង​ការ​ឯកភាពគ្នា​ក្នុង​កិច្ចប្រជុំ​លើក​ទី​១ កាលពី​ខែកញ្ញា​កន្លងទៅ ដូចជា​ការបង្កើត​ក្រុមការងារ​លេខាធិការដ្ឋាន និង​ក្រុម​ស្រាវជ្រាវ​ឯកសារ ការកំណត់​ទំនិញ​អាទិភាព និង​ការកំណត់​ទម្រង់​រៀបចំ​របាយការណ៍ ដោយ​យក​គំរូ​ប្រហាក់ប្រហែល​គោលនយោបាយ​ដំឡូង​មី​កម្ពុជា ជាដើម​។ លោក បាន​ស្នើសុំ​ថ្នាក់ដឹកនាំ​ក្រសួង ពិនិត្យ និង​ចុះហត្ថលេខា​លើ​ប្រកាស​ដើម្បី​បែងចែក​ភារកិច្ច​ដល់​ក្រុមការងារ​តាម​តួនាទី​រៀងៗ​ខ្លួន​។​
​ក្រោម​ការផ្លាស់ប្តូ​រមតិ​យោបល់​និង​ផ្តល់​ធាតុ​ចូល​សំខាន់ ពី​សមាជិក​អង្គប្រជុំ​ពាក់ព័ន្ធ​នឹង​ការសិក្សា​ស្រាវជ្រាវ និង​ចងក្រង​ជា​ឯកសារ អង្គប្រជុំ​សម្រេចបាន​លទ្ធផល​សំខាន់ៗ​ដូចខាងក្រោម (១)-​សិក្សា​ស្រាវជ្រាវ​លើ​ផលិតផល​មាន​ស្រាប់​ដែល​អាច​នាំចេញ​បាន​ភ្លាមៗ -​សិក្សា​ស្រាវជ្រាវ​លើ​ផលិតផល​សក្កា​នុព​ល សម្រាប់ធ្វើ​ការនាំចេញ​ពេលអនាគត (២)​ផ្សព្វផ្សាយ​លទ្ធផល​នៃ​ការចរចារ​ពាណិជ្ជកម្ម​ដល់​វិស័យ​ឯកជន និង​សុំ​ធាតុ​ចូល​ត្រឡប់​វិញ​ពី​វិស័យ​ឯកជន ព្រមទាំង​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ និង (៣)​រៀបចំ​បញ្ជី​រាយ​មុខទំនិញ​សំខាន់ៗ និង​វិភាគ​លើ​ស្ថានភាព​នៃ​ការនាំចេញ​ពេល​កន្លងទៅ​៕
ដោយ​៖CEN

×