មណ្ឌលគិរី ៖ ផ្សារសែនមនោរម្យ ខេត្តមណ្ឌលគិរី ត្រូវបានអគ្គីភ័យឆាបឆេះស្ទើរទាំងស្រុង ដោយអគ្គីភ័យមួយនេះ បានបង្កជាអណ្តាតភ្លើងឡើង នៅចន្លោះម៉ោង១ រំលងអាធ្រាត ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៨ បណ្ដាលឲ្យមានអ្នកស្លាប់ និងរបួសចំនួន៥នាក់ ហើយមកដល់ម៉ោង៨ព្រឹកនេះ អគ្គីភ័យនៅមិនទាន់រលត់ទាំងស្រុងនោះទេ ។
យ៉ាងណាក៏ដោយមូលហេតុនៃការឆាបឆេះផ្សារខេត្តមណម្ឌលគិរី នៅមិនទាន់មានប្រភពអះអាងថា បណ្ដាលមកពីមូលហេតុអ្វីប្រកដនោះទេ ដោយប្រភពខ្លះលើកឡើងថា មកពីផ្ទុះហ្គាស និងខ្លះទៀតថា មកពីផ្ទុះស្សេចរន្តអគ្គីសនី ចំណែកប្រភពផ្សេងមួយទៀតថា បណ្ដាលមកពីស្ត្រីកូនខ្ចីម្នាក់អាំងភ្លើង និងឆាបឆេះពីកម្ទេចភ្លើងនោះ ។
អភិបាលក្រុងសែនមនោរម្យ លោក ឡុង វិបុល បានឲ្យដឹងនៅម៉ោងជាង៨ព្រឹកនេះថា មកទល់ពេលនេះ អគ្គីភ័យត្រូវបានគ្រប់គ្រង៩០%ហើយ ចំណែកមូលហេតុនៅមិនទាន់ដឹងច្បាស់នៅឡើយ ប៉ុន្តែអាចបណ្ដាលមកពីផ្ទុះសេចរន្តអគ្គីសនី ។ លោកថា របាយការណ៍បឋមផ្សារសែនមនោរម្យ ត្រូវបានឆាបឆេះប្រហែល៧០% ស្មើនិង២២០តូប ខូចខាតទ្រព្យសម្បត្តិស្ទើរទាំងស្រុង និងមានអ្នកស្លាប់២នាក់ ជាមនុស្សប្រុស រងរបួស៣នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ ។
លោក សូ សុវណ្ណ ស្នងការរងខេត្តមណ្ឌលគិរី បានឲ្យដឹងថា សមត្ថកិច្ចបានប្រើរថយន្តពន្លត់អគ្គីភ័យចំនួន៤គ្រឿង ដើម្បីពន្លត់អគ្គីភ័យនេះ និងបានបាញ់ទឹកពន្លត់អស់២០០រថយន្ត ទើបអាចគ្រប់គ្រង់អគ្គីភ័យមួយនេះបាន រហូតដល់ម៉ោងនេះភ្កើងនៅមិនទាន់រលត់ទាំងស្រុងទេ៕ សមុទ្រឈើ