ប្រាកដណាស់ថា យើងទាំងអស់គ្នាមានចំណង់ចំណូលចិត្ត ចំពោះកីឡាបាល់ទាត់ ព្រោះថា បាល់ទាត់ត្រូវបានចាត់ទុកជាស្តេចកីឡាមួយ ដែលត្រូវបានផ្តល់តម្លៃខ្ពស់នៅលើពិភពលោក។ តែទន្ទឹមនោះផងដែរ កីឡាករម្នាក់ៗក៏ត្រូវតែទទួលការហ្វឹកហាត់កាយសម្បទារឹងមាំ និងជំនាញទាត់បញ្ជូនគ្រាប់បាល់ ដើម្បីអាចដំណើរការប្រកួតបានយ៉ាងរលូន និងជៀសវាងមានបញ្ហាដោយប្រការណាមួយ។
ជាក់ស្តែង ថ្មីៗនេះ នៅលើបណ្តាញសង្គម មនុស្សជាច្រើនបានចែករំលែករូបភាពដ៏រន្ធត់មួយ នៅលើទីលានប្រកួតបាល់ទាត់នៅក្នុងស្រុក Ha Dong ប្រទេសវៀតណាម ដោយបានបង្ហាញកីឡាករម្នាក់ត្រូវភ្លាត់បាក់ឆ្អឹងភ្លៅយ៉ាងសាហាវ ដែលឃើញហើយពិតជាគួរឲ្យស្រៀវខ្លាំងណាស់។
ហេតុការណ៍ដ៏មិននឹកស្មានដល់នេះ ត្រូវបានដឹងថាបានកើតឡើង បន្ទាប់ពីក្រុមកីឡាករទាំងពីរបានប្តូរគ្នាយ៉ាងស្វិតស្វាញ ហើយការដណ្តើមគ្រាប់បាល់នោះក៏បានបង្កឲ្យកីឡករម្នាក់នេះ ត្រូវភ្លាត់បាក់ឆ្អឹងភ្លៅខាងស្តាំ២កំណាត់បែបនេះតែម្តង។
តែយ៉ាងណា សម្រាប់ឧប្បទ្ទវហេតុខាងលើនេះផងដែរ ក៏បានធ្វើឲ្យមនុស្សជាច្រើនសម្តែងការមិនពេញចិត្ត ទៅនឹងស្ទីលលេង និងឥរិយាបទរបស់កីឡាករទាំងពីរក្រុម ដែលក្នុងនោះដូចជាការលេងមិនចេះយោគយល់គ្នាជាដើម៕ ដោយ៖ លឹម ហុង