ថ្មីៗនេះ អ្នកប្រើប្រាស់បណ្តាញសង្គម បានសម្តែងការហួសចិត្ត និងស្អប់ខ្ពើមជាខ្លាំង ក្រោយពីបានឃើញតារាសម្តែងស្រី មុន្នី ម៉ូនីកា បានជួបរឿងដ៏ឈឺចាប់ស្ទើរស្រក់ទឹកភ្នែក ដោយសារតែទង្វើរបស់ម្ចាស់ផ្ទះមួយដែលមានចិត្តក្តោបតែភ្លើងក្តៅក្រហាយ បានវាយកម្ទេចកញ្ចក់រថយន្តរបស់នាងអស់ម្ខាង ព្រោះខឹងរូបនាងចតឡាននៅមុខផ្ទះខ្លួនត្រឹមតែប្រមាណ ២០ នាទីប៉ុណ្ណោះ ដោយគ្មានការយោគយល់ បើទោះជានៅលើកញ្ចក់រថយន្តរបស់នាងបានដាក់លេខទូរស័ព្ទ និងសរសេរសុំអធ្យាស្រ័យយ៉ាងណាក៏ដោយ។
ស្រីស្អាត មុន្នី ម៉ូនីតា បានបង្ហោះវីដេអូ និងសរសេររៀបរាប់ទាំងការឈឺចាប់ដូច្នេះថា៖ «យល់ថាខុសដែលចតមុខផ្ទះអុី ក៏ប៉ុន្តែខ្ញុំសុំចតតែបន្តិចទេដោយសារនៅហាងបងខ្ញុំវាស្ទះពេក គិតថានិងមកសារ៉េកន្លែងចតដែរ។
ខ្ញុំក៏បានសសេរលេខទូសរសព្ទ័ដាក់នៅលើកញ្ជក់ឡានផងដែរភ្ទាប់ជាមួយនឹងពាក្យថា «សូមអធ្យាស្រ័យ!» ដូច្នេះប្រសិនបើម្ចាស់ផ្ទះត្រូវការចេញចូលអាចខលមកខ្ញុំបានខ្ញុំយកចេញភ្លាម!។
តែហេតុអីមិនដល់កន្លះម៉ោងផង ខ្ញុំទៅយកឡានចេញ នាំគ្នាឆោឡោហើយថែមទាំងវាយបែកកញ្ជក់ឡានខ្ញុំបែបនេះ?
ជាខ្មែរដូចគ្នាហេតុអីក៏គ្មានធម៏មេត្តា គ្មានការយោគយល់អធ្យាស្រ័យគ្នាដល់ម្លឹង?
ខ្ញុំទៅដល់ខ្ញុំបានលើកដៃសំពះគាត់ដែលខ្ញុំបានធ្វើអោយគាត់ពិបាករយៈពេក20នាទីជាងនេះ ចុះអ្វីដែលគាត់បានបំផ្លាញទ្រព្យសម្បតិខ្ញុំ នេះតើគាត់មានអារម្មណ៍ខុសឆ្គងបន្តិចដែរឬក៏អត់?»។
ជាមួយនឹងទង្វើដ៏អាក្រក់របស់ម្ចាស់ផ្ទះនេះផងដែរ ក៏បានធ្វើឲ្យបងប្អូនប្រើប្រាស់បណ្តាញសង្គម បានបញ្ចេញមតិស្អប់ខ្ពើមគ្រប់ៗគ្នាថា៖ «ចុមសាហាវណាស់បង មនុស្សបែបនេះមិនសមជាពលរដ្ឋមានមនសិការ, ហួសចិត្តណាស់កូន មនុស្សរបៀបនេះគង់តែជួបនៅអ្វីដែលគេបានធ្វើទេ កុំតូចអីណាកូន, បើយើងមិនដាក់លេខទៅមិនថាទេ គ្នាដាក់លេខអោយតេហើយនៅធ្វើអ៊ីចឹងទៅរួចទៀតណា ប្រហែលផ្ទះនឹងគ្មានញាតិហើយមើលទៅ ជាខ្មែរដូចគ្នាម៉េចមិនយោគយល់គ្នា គួរប្តឹងទើបសម»៕ ដោយ៖ លឹម ហុង