ខេត្តស្វាយរៀង:លោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង នាព្រឹកថ្ងៃទី៨ ខែតុលា ឆ្នាំ២០២០នេះ បានអនុញ្ញាតឲ្យលោក Masahiro MIKAMI ឯកអគ្គរាជទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា ដើម្បីជួបសម្តែងការគួសម និងស្តាប់ព័ត៌មានសង្ខេបអំពីស្ថានភាពទូទៅនៅក្នុងខេត្តស្វាយរៀង។
មានប្រសាន៍ទៅកាន់ លោក Masahiro MIKAMI ឯកអគ្គរាជទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា លោក អភិបាលខេត្ត បានបញ្ជាក់ជូន អំពីស្ថានភាពភូមិសាស្ត្រ និងតំបន់សក្តានុពលសំខាន់ៗ ដែលរដ្ឋបាលខេត្តសម្រេចបាន រួមមាន វិស័យសេដ្ឋកិច្ច ឧស្សាហកម្ម ពាណិជ្ជកម្ម និងកសិកម្ម ជាពិសេសតំបន់សេដ្ឋកិច្ចពិសេសនានានៅខេត្តស្វាយរៀង ក្នុងនោះក្រុមហ៊ុនជប៉ុនក៏បានបណ្តាក់ទុនវិនិយោគជាច្រើនក្រុមហ៊ុនផងដែរ ដែលបានផ្តល់ការងារ ធ្វើជូនដល់បងប្អូនប្រជាពលរដ្ឋក្នុងខេត្តស្វាយរៀង និងមកពីតាមបណ្តាខេត្តសរុបជាង៨ម៉ឺននាក់ ។
លោក ម៉ែន វិបុល អភិបាលខេត្ត បានថ្លែងនូវការអរគុណចំពោះជំនួយរបស់ជប៉ុន ជួយដល់វិស័យរដ្ឋនានាក្នុងខេត្ត ព្រមទាំងក្រុមហ៊ុនដែលបានមកបណ្តាក់ទុនវិនិយោគ នៅលើទឹកដីខេត្តស្វាយរៀងជាបន្តបន្ទាប់នាពេលកន្លងមក និងអរគុណចំពោះឯកឧត្តម Masahiro MIKAMI ឯកអគ្គរាជទូតជប៉ុន ដែលបានឆ្លៀតពេលពេលវេលាអញ្ជើញមកសិក្សាឈ្វេងយល់ពីស្ថានភាពទូទៅ អំពីសក្ដានុពល និងការអភិវឌ្ឍខេត្ត ការពង្រឹងចំណងកិច្ចសហប្រតិបត្តិការរវាងប្រទេសជប៉ុន និងខេត្តស្វាយរៀង ការពង្រឹងកិច្ចសហប្រតិបត្តិការរវាងក្រុមហ៊ុនជប៉ុន និងខេត្តស្វាយរៀង ជាពិសេសក្នុងកិច្ចការការពារសន្តិសុខ សុវត្ថិភាព និងទ្រព្យសម្បត្តិរបស់អ្នកវិនិយោគជប៉ុនដែលកំពុងប្រតិបត្តិការក្នុងខេត្តស្វាយរៀង ព្រមទាំងឱកាសវិនិយោគបន្ថែមទៀតនាពេលខាងមុខ៕ ដោយ៖វ៉ៃកូ