Wednesday, November 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជំនន់​ទឹកភ្លៀង​ប៉ះពាល់​ស្រូវ​បង្កើន​រដូវ​ជាង​២០០០​ហិកតា អាជ្ញាធរខេត្ត​ចុះជួយ​អន្តរាគមន៍ បើក​ទម្លាក់់​ទឹក​ពី​តាម​ស្រែ បង្ហូរ​ទៅកាន់់​ដងស្ទឹង​ប​វេ​ល​នៅ​បាត់ដំបង​

​បាត់ដំបង​៖ អាជ្ញាធរខេត្ត​បាត់ដំបង បាន​ចុះជួយ​អន្តរាគមន៍​បើក​ទម្លាក់​ទឹក​ពី​តាម​ស្រែ បង្ហូរ​ទៅកាន់​ដងស្ទឹង​ប​វេ​ល ខណៈ​ជំនន់​ទឹកភ្លៀង​នា​ចុងរដូវ​វស្សារ ដែល​ហូរ​ចេញពី​ប្រភព​នៅតាម​ស្រុក ជាប់​នឹង​ព្រំដែន​ថៃ​ស្ថិតក្នុង​ភូមិសាស្ត្រ​ខេត្តបាត់ដំបង បណ្ដាល​ឲ្យ​ប៉ះពាល់​ស្រូវ​បង្កើន​រដូវ​របស់​ពល​រដ្ឋ​នៅ​ស្រុក​ប​វេ​ល ចំនួន​ប្រមាណ​ជាង ២០០០​ហិកតា ។​

​លោក ឈឹម វ​ជ្ជ​រ៉ា ប្រធាន​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ខេត្តបាត់ដំបង បាន​មានប្រសាសន៍​ឲ្យ​ដឹងថា គិត​ត្រឹម​ដើមខែ​តុលា ឆ្នាំ​២០២០​នេះ ខេត្តបាត់ដំបង បានធ្វើការ​បង្កបង្កើន​ផល​ស្រូវ​បាន​ចំនួន​ជាង​៣៤​ម៉ឺន​ហិកតា ស្មើនឹង​១០៥​ភាគរយ ដោយ​ក្នុងនោះ​មាន​ស្រូវ​បង្កើន​រដូវ ឬ​ស្រូវស្រាល​ចំនួន​ជាង ១៧​ម៉ឺន​ហិកតា ដោយ​ការប្រមូល​ផល ក៏បាន​ជិត​រួចរាល់​ហើយ​។ ប៉ុន្តែ​នៅ​ចុងរដូវ​វស្សា​នេះ ខណៈ​ប្រជាកសិករ​ចាប់ផ្ដើម​ធ្វើកា​រ​បង្កបង្កើនផល​ស្រូវ​ក្នុង​ជំហាន​ទី​២ នៅ​ឆ្នាំ​២០២០ ស្ថិតក្នុង​ភូមិសាស្ត្រ​ស្រុក​ប​វេ​ល ក៏មាន​ជំនន់​ទឹកភ្លៀង​ធ្វើ​ឲ្យ​ប៉ះពាល់​ស្រូវ​របស់​ប្រជាពលរដ្ឋ ដែលមាន​ទាំង​ស្រូវ​ជិត​ច្រូតកាត់ និង​ស្រូវ​ទើបនឹង​ព្រោះ​ថ្មី​។​

​លោក​ប្រធាន​មន្ទីរ​កសិកម្ម​ខេត្ត បាន​សម្ដែង​នូវ​ការព្រួយបារម្ភ ពី​ការខ្វះខាត​ទឹក​អាច​នឹង​កើតឡើង​នៅ​អំឡុង​ខែវិច្ឆិកា ឆ្នាំ​២០២០​ទោះបី​មាន​ទឹកជំនន់​ឡើង​នៅ​ចុងរដូវ​វស្សា​នេះ​ក៏ដោយ ។​លោក​បានស្នើ​ដល់​ប្រជាពលរដ្ឋ ដែល​នៅ​តំបន់​នេះ ពុំទាន់​មាន​ប្រព័ន្ធធារាសាស្ត្រ​ត្រឹមត្រូវ សូម​នាំគ្នា​ប្រើប្រាស់​ទឹក​ដោយ​ប្រុងប្រយ័ត្ន និង​រួមគ្នា​ទប់ទឹក​កុំ​ឲ្យ​ហូរ​ចោល​ខ្ជីខ្ជារ​។​
​បើតាម​កសិករ​រស់នៅ​ឃុំ​ព្រៃ​ខ្ពស់​ស្រុក​ប​វេ​ល បាន​ប្រាប់ថា ក្នុងភូមិ​សាស្ត្រ​គាត់​នេះ មាន​ទឹកជំនន់​លិចលង់់​សឹង​រាល់​ឆ្នាំ បើទោះបី​ជាមាន​ស្ទឹង តែ​ខ្វះខាត​សំណង់​ទ្វារ​ទឹក សម្រាប់​បើក​បិទ​ទឹក ហើយ​បច្ចុប្បន្ន​ស្រូវ​បង្កើន​រដូវ​ជំហាន​ទី​២ ក្នុង​តំបន់​នេះ​ក៏​កំពុង​ជួប​បញ្ហា​ជន់​លិច​ផងដែរ​។​

​ឯកឧត្តម ងួន រតនៈ អភិបាលខេត្ត​បាត់ដំបង បាន​មានប្រសាសន៍​ជំរុញ​ទៅ​អាជ្ញាធរ​ស្រុក ក៏ដូចជា​មន្ទីរ​ពាក់ព័ន្ធ​ក្នុងឱកាស​ចុះ​ពិនិត្យ​ពី​ស្ថានភាព​ទឹកជំនន់​ក្នុងស្រុក​ប​វេ​ល កាលពី​ថ្ងៃទី​៨ ខែតុលា ឆ្នាំ​២០២០ ត្រូវ​បន្ត​ខិតខំ​ជួយ​អន្តរាគមន៍​នូវ​បញ្ហា​ជំនន់​ទឹកភ្លៀង​នេះ បើទោះបី​មិនទាន់មាន​ការប៉ះពាល់​ដ​ល់​អាយុជីវិត​ពលរដ្ឋ តែ​ត្រូវ​ត្រៀម​ជានិច្ច​នូវ​ទីទួល​សុវត្ថិភាព ហើយ​ពិនិត្យ​លទ្ធភាព​បន្ថែម ក្នុងការ​បង្ហូរទឹក​ជំនន់​នេះ ឲ្យ​អស់ពី​ស្រែ​របស់​ប្រជាពលរដ្ឋ ។​
​បើតាម​សេចក្តីជូនដំណឹង​របស់​ក្រសួង​ធនធានទឹក និង​ឧតុនិយម​ជា​បន្តបន្ទាប់ បាន​ឲ្យ​ដឹងថា សម្រាប់​ខែតុលា ឆ្នាំ​២០២០​នេះ ភ្លៀង​នៅតែ​បន្ត​ធ្លាក់​រាយប៉ាយ ហើយ​ក្រសួង​បាន​អំពាវនាវ​ដល់​ពលរដ្ឋ សូម​មានការ​ប្រុងប្រយ័ត្ន​ពី​បា​តុ​ភូ​ផ្សេងៗ ៕ ដោយ​៖​អ៊ុង​សា​រុំ​

×